(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលទទួលបន្ទុកនៅកម្ពុជា លោកស្រី អរណា សាហ្គីវ (Orna SAGIV) បានថ្លែងកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្រ្តីនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងមិនបោះបង់ចោលមិត្ត ក្នុងគ្រាមានអាសន្ន។
ក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News ក្នុងអំឡុងពេលដែលលោកស្រី មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលបីថ្ងៃ, លោកស្រី អរណា សាហ្គីវ បានថ្លែងថា ចាប់តាំងពីថ្ងៃដំបូងនៃការចាប់ផ្តើមសង្គ្រាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា តាមរយៈស្ថានទូតអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ជាមួយកុងស៊ុលកិត្តិយសកម្ពុជា ដែលមាននៅក្នុងប្រទេសអ៉ីស្រាអែល ដើម្បីធ្វើយ៉ាងផ្តល់ការការពារសុវត្ថិភាព ដល់និស្សិតកម្ពុជា ដែលកំពុងសិក្សា និងធ្វើការនៅអ៉ីស្រាអែល។
លោកស្រីបន្ថែមថា បន្ទាប់ពីក្រុមហាម៉ាស់ បានចាប់ផ្តើមការវាយប្រហារមកលើប្រទេសអ៉ីស្រាអែល បានបណ្តាលឱ្យមនុស្សប្រមាណជិត ១២ ០០០នាក់បានបាត់បង់ជីវីត និងមានចំណាប់ខ្មាំងជាង ២៥០នាក់ ត្រូវបានចាប់នៅហ្គាហ្សា។ ក្នុងនោះក៏មាននិស្សិតខ្មែរមួយចំនួន ស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ទាំងនោះដែរ ហើយជាអកុសលសិស្សម្នាក់បានស្លាប់។ ក្នុងស្ថានភាពនាពេលនោះ រាជរដ្ឋាភិបាលកម្ពុជា ពិតជាព្រួយបារម្ភអំពីសុខភាព និងសុខុមាលភាពរបស់និស្សិតទាំងនោះ។ តែយ៉ាងណាមិញរដ្ឋាភិបាលកម្ពុជា មិនបានអំពាវនាវឱ្យពួកគេត្រឡប់មកកម្ពុជាវិញទេ ព្រោះរាជរដ្ឋាភិបាលដឹងថា ប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ខណៈរដ្ឋាភិបាលអ៉ីស្រាអែល បានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារ និងផ្លាស់ទីពួកគេទៅកាន់តំបន់សុវត្ថិភាព។
លោកស្រីគូសបញ្ជាក់បន្តថា «ខ្ញុំគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការរក្សានិស្សិតនៅអ៉ីស្រាអែល ហើយនិយាយដោយស្មោះត្រង់ ខ្ញុំថែមទាំងកោតសរសើរ ដោយស្មោះត្រង់ ចំពោះអតីតនាយករដ្ឋមន្តី្រកម្ពុជា [សម្តេចតេជោ ហ៊ុន សែន] ដែលបានចាត់ទុកអ៉ីស្រាអែលជាមិត្ត។ ពេលមិត្តត្រូវការ អ្នកមិនទៅចោលគេទេ។ វាមិនមែនជារឿងងាយស្រួលទេ ក្នុងការសម្រេចចិត្តអនុញ្ញាតឱ្យសិស្សបន្តនៅទីនោះ ហើយយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយជាការពិតណាស់ ប្រសិនបើសិស្សចង់ត្រឡប់មកវិញ ពួកគេអាចត្រឡប់មកវិញបាន។ គ្មាននរណាម្នាក់ត្រូវបានបង្ខំ ដោយរដ្ឋាភិបាលណាមួយឱ្យស្នាក់នៅទីនោះនោះទេ។ ខ្ញុំពិតជាមានអំណរគុណ ចំពោះរដ្ឋាភិបាលកម្ពុជា ហើយខ្ញុំគិតថា នេះគឺជាគំរូដ៏ល្អមួយ ដែលរដ្ឋាភិបាលទាំងពីរ ធ្វើការរួមគ្នាដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ»។
លោកស្រីបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ និស្សិតគ្រប់គ្នា គឺមានសុវត្ថិភាព ហើយពួកគេបន្តការសិក្សា បន្តធ្វើការដដែល ខណៈសង្គ្រាមនៅពេលនេះ គឺមានតែនៅតំបន់ហ្គាហ្សាប៉ុណ្ណោះ មិនមាននៅក្នុងតំបន់អ៉ីស្រាអែលទៀតឡើយ។
ជាមួយគ្នានេះ លោកស្រីបានសម្តែងការសោកស្តាយ ចំពោះនិស្សិតកម្ពុជាមួយរូប ដែលបានបាត់បង់ជីវិត ក្នុងអំឡុងពេលផ្ទុះសង្រ្គាម។ រដ្ឋាភិបាលអ៉ីស្រាអែល នឹងផ្តល់ប្រាក់សំណងប្រចាំខែ ដែលមានចំនួនច្រើនគួរសម ដល់ឪពុកម្តាយរបស់សិស្ស ដែលស្លាប់នោះ៕