(ភ្នំពេញ)៖ ឱកាសដែលលោកស្រី អរណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសថៃ និងកម្ពុជា បំពេញទស្សនកិច្ចនៅកម្ពុជា, លោកស្រីបានឆ្លៀតពេលដ៏មមាញឹកផ្តល់បទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News ស្តីពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-អ៉ីស្រាអែល។
ទី១៖ បើទោះបីជា អ៉ីស្រាអែល មិនមាននិវេសនដ្ឋាននៅកម្ពុជាក៏ដោយ ប៉ុន្តែកម្ពុជា-អ៉ីស្រាអែល បានរក្សាកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក។ តើលោកស្រីមានការកត់សម្គាល់បែបណាដែរ ចំពោះតើទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងអ៉ីស្រាអែល-កម្ពុជា?
សូមអរគុណសម្រាប់ឱកាសក្នុងការជួបជាមួយអ្នក និងនិយាយបន្តិចបន្តួច អំពីទំនាក់ទំនងទ្វេភាគីរបស់យើង។ ខ្ញុំគិតថាកម្ពុជា និងអ៉ីស្រាអែល បានបង្កើនទំនាក់ទំនងការទូត ហើយខ្ញុំឃើញអំពីសក្តានុពលដ៏ធំមួយ ក្នុងការអភិវឌ្ឍទំនាក់ទំនងទាំងនោះ ឱ្យកាន់តែខ្លាំងឡើង ជាពិសេសទៅលើវិស័យមួយចំនួន ដូចជាវិស័យកសិកម្ម ទឹក និងវិស័យផ្សេងៗទៀតផងដែរ។ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នឹងអាចរីកចម្រើន ហើយយើងអាចស្វែងយល់រួមគ្នា នូវឱកាសកាន់តែច្រើន សម្រាប់ផលប្រយោជន៍ប្រជាជនយើងទាំងពីរ។
ទី២៖ បើក្រឡេកមកការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអ៉ីស្រាអែលវិញ លោកស្រីយល់ឃើញបែបណាដែរ? តើលោកស្រីឯកអគ្គរដ្ឋទូត ប្រមើលមើលថាប៉ុន្មានឆ្នាំទៀត ទើបការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពជា និងអ៉ីស្រាអែល កាន់តែរីកចម្រើន និងលើសពីកម្រិតបច្ចុប្បន្ននេះ?
ខ្ញុំពិតជាជឿជាក់ថា យើងនឹងឃើញការកើនឡើងនៃទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ។ ខ្ញុំជឿថា អ្វីៗជាច្រើនដែលយើងបានធ្វើរួមគ្នានៅពេលនេះ គឺជុំវិញវិស័យកសិកម្ម ពោលគឺយើងមានក្រុមហ៊ុនកសិកម្មអ៉ីស្រាអែលជាច្រើន ដែលប្រតិបត្តិការនៅទីនេះ ដូចជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ម្រេចខ្មៅ ឬផ្លែប័រ និងការកែច្នៃអាហារផ្សេងទៀត ដែលឥឡូវនេះកំពុងត្រូវបានអភិវឌ្ឍន៍។ ខ្ញុំមើលឃើញពីវិសាលភាពនេះហើយខ្ញុំជឿថាអ្នកជំនួញមកពីភាគីកម្ពុជាមិនដឹងគ្រប់គ្រាន់ អំពីឱកាសនៅក្នុងប្រទេសអ៉ីស្រាអែល ហើយខ្ញុំជឿថា អ្នកជំនួញមកពីប្រទេសអ៉ីស្រាអែល ក៏មិនដឹងគ្រប់គ្រាន់អំពីឱកាសនៅទីនេះ ក្នុងប្រទេសកម្ពុជាទេ។
ថ្វីត្បិតយើងមិនមានស្ថានទូតរបស់យើងប្រចាំនៅទីក្រុងភ្នំពេញ ប៉ុន្តែការពិតយើងទទួលខុសត្រូវពីទីក្រុងបាងកក លើប្រទេសកម្ពុជាផងដែរ ដែលជាស្ពានមួយរវាងប្រទេសយើងទាំងពីរ ក្នុងការស្វែងរក ឱកាសដើម្បីពង្រីកវិសាលភាពនេះ។ យើងមានសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល យ៉ាងសកម្មនៅក្នុងទីក្រុងភ្នំពេញ។ ពួកគេធ្វើការយ៉ាងសកម្ម ក្នុងការព្យាយាមធ្វើសកម្មភាពគ្រប់ប្រភេទ ហើយកន្លងមកក៏មានគណៈប្រតិភូកម្ពុជា ទៅប្រទេសអ៉ីស្រាអែល ហើយខ្ញុំសង្ឃឹមថាគណៈប្រតិភូរបស់យើងក៏មកទីនេះផងដែរ។
ខ្ញុំសង្ឃឹមថានឹងឃើញរដ្ឋមន្ត្រីពីកម្ពុជា ទៅបំពេញទស្សនកិច្ចនៅអ៉ីស្រាអែលនៅចុងឆ្នាំនេះ ដើម្បីស្វែងយល់ម្តងទៀត អំពីវិស័យណាដែលសមស្របសម្រាប់កិច្ចសហការ។ ខ្ញុំជឿថាភាពខ្លាំងមួយរបស់អ៉ីស្រាអែល នៅក្នុងវិស័យនវានុវត្តន៍ នឹងជួយដល់ការការច្នៃប្រឌិត ដូចជាការច្នៃប្រឌិតក្នុងវិស័យកសិកម្ម ការច្នៃប្រឌិតក្នុងវិស័យធនាគារ ការច្នៃប្រឌិតបច្ចេកវិទ្យាទឹកស្អាតជាដើម។ អ៉ីស្រាអែល ជាប្រទេសតូចមួយ យើងហៅខ្លួនយើងថាជាប្រទេសធុរកិច្ចថ្មី ( Startup)។ យើងមានការច្នៃប្រឌិតច្រើនដូច ដែលខ្ញុំបាននិយាយក្នុងវិស័យជាច្រើន ហើយខ្ញុំសង្ឃឹម ប្រទេសកម្ពុជាសព្វថ្ងៃនេះ ជាប្រទេសដែលមានស្មារតីសហគ្រិនច្រើន ដូចនៅអ៉ីស្រាអែល។
ទី៣៖ ងាកមកទំនាក់ទំនងរវាងកម្ពុជា និងអ៉ីស្រាអែលវិញ ថាតើក្នុងរយៈពេល៣ថ្ងៃ ដែលលោកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជា តើលោកស្រី នឹងធ្វើអ្វីខ្លះ ដើម្បីពង្រឹងទំនាក់ទំនង បន្ថែមរវាងប្រទេសទាំងពីរ?
ដូចដែលខ្ញុំបាននិយាយ ខ្ញុំតែងតែមកស្វែងរកអ្វីដែលថ្មី និងអ្វីដែលខ្ញុំចង់រក្សា។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ចំពោះអ្វីដែលយើងមានកិច្ចសហប្រតិបត្តិការកន្លងមក នោះគឺនិស្សិតប្រទេសកម្ពុជា ទៅសិក្សានៅប្រទេសអ៉ីស្រាអែល។ ជារៀងរាល់ឆ្នាំ យើងមាននិស្សិតកសិកម្មប្រហែល ៤៦០នាក់ដែលទៅសិក្សា នៅប្រទេសអ៉ីស្រាអែល។ និស្សិតទាំងនោះមកបន្តការសិក្សាឆ្នាំទីពីរ នៅសកលវិទ្យាល័យនៅអ៉ីស្រាអែល។ មួយថ្ងៃក្នុងមួយសប្តាហ៍ ពួកគេសិក្សានៅក្នុងសកលវិទ្យាល័យជាមួយសាស្រ្តាចារ្យល្អបំផុត នៅអ៉ីស្រាអែល ដោយសិក្សាអំពីកសិកម្ម។ ចំណែកពេលវេលាដែលនៅសល់ ពួកគេចុះយកបទពិសោធន៍ផ្ទាល់ ដោយមិនសិក្សានៅតែក្នុងថ្នាក់រៀននោះទេ។ ពួកគេបានធ្វើការជាមួយកសិករអ៉ីស្រាអែល ហើយពួកគេរៀនពីរបៀបប្រើប្រាស់បច្ចេកវិទ្យាថ្មី អត្ថប្រយោជន៍ផ្សេងៗ កន្លែងណាដែលមានបញ្ហាប្រឈម។ ហើយពួកគេត្រឡប់មកកម្ពុជាវិញ ក្រោយរយៈពេល១១ខែ ដោយបាននាំយកចំណេះដឹងថ្មីៗជាច្រើន ជាពិសេស គឺជំនាញសហគ្រិន។ ពួកគេអាចចាប់ផ្តើមអាជីវកម្ម ដោយប្រើប្រាស់ចំណេះដឹងរបស់ពួកគេ។
យើងដឹងហើយថា នៅក្នុងប្រទេសអ៉ីស្រាអែល មានសង្រ្គាមចាប់តាំងពីថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមហាម៉ាស់ ដែលជាអង្គការភេរវករ បានចាប់ផ្តើមការវាយប្រហារ យ៉ាងសាហាវប្រឆាំងនឹងអ៉ីស្រាអែល។ យើងបានបាត់បង់មនុស្សជិត ១២ ០០០នាក់ ហើយយើងមានចំណាប់ខ្មាំងជាង ២៥០នាក់នៅហ្គាហ្សា។ និស្សិតខ្មែរមួយចំនួន ក៏ស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ទាំងនោះដែរ ហើយជាអកុសល សិស្សម្នាក់បានស្លាប់ ហើយរដ្ឋាភិបាលកម្ពុជា ពិតជាព្រួយបារម្ភអំពីសុខភាព និងសុខុមាលភាពរបស់និស្សិតទាំងនោះ។ ប៉ុន្តែយ៉ាងណាមិញរដ្ឋាភិបាលកម្ពុជា មិនបានអំពាវនាវឱ្យពួកគេត្រឡប់មកកម្ពុជាវិញទេ ព្រោះរាជរដ្ឋាភិបាលដឹងថា ពួកយើងមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ហើយរដ្ឋាភិបាលអ៉ីស្រាអែល កំពុងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារសិស្ស ដែលស្នាក់នៅក្នុងប្រទេសអ៉ីស្រាអែល ដើម្បីផ្លាស់ទីពួកគេទៅតំបន់សុវត្ថិភាព ហើយសិស្សស្ទើរតែទាំងអស់ ដែលស្នាក់នៅក្នុងប្រទេសអ៉ីស្រាអែល ពួកគេបន្តការសិក្សា បន្តធ្វើការ ហើយពួកគេរៀនដដែល។ ដូច្នេះ ខ្ញុំពិតជាមានអំណរគុណ ចំពោះរដ្ឋាភិបាលកម្ពុជា ហើយខ្ញុំគិតថា នេះគឺជាគំរូដ៏ល្អមួយ ដែលរដ្ឋាភិបាលទាំងពីរ ជាមួយសាកលវិទ្យាល័យ ក្នុងប្រទេសអ៉ីស្រាអែល ធ្វើការរួមគ្នាដើម្បីផលប្រយោជន៍ប្រជាជន និងផលប្រយោជន៍ប្រជាជនកម្ពុជា។
ខ្ញុំសូមបន្ថែមបន្តិច ជាអកុសល និស្សិតខ្មែរម្នាក់ដែលត្រូវបានសម្លាប់នៅអ៉ីស្រាអែល នេះពិតជាសោកស្តាយខ្លាំងណាស់ ហើយរាល់ការបាត់បង់ជីវិត មិនថាពលរដ្ឋខ្មែរ ថៃ អាមេរិកនោះទេ វាគឺរឿងសោកនាដកម្មខ្លាំងណាស់។ ខ្ញុំសូមរំលែកទុក ជូនចំពោះក្រុមគ្រួសារសព ហើយខ្ញុំនឹងទៅសួរសុខទុក្ខពួកគេ។ ខ្ញុំនឹងប្រាប់ពួកគេថាខ្ញុំសោកស្តាយប៉ុណ្ណា ទោះបីអ៉ីស្រាអែលប្រើមធ្យោបាយណាក៏ដោយ គឺត្រូវទទួលខុសត្រូវ ចំពោះរឿងដែលកើតឡើង។ យើងចាត់ទុកជនរងគ្រោះទាំងអស់នោះ រួមទាំងមនុស្សដែលត្រូវបានសម្លាប់ អ្នកដែលស្ថិតក្នុងគ្រោះថ្នាក់ រួមទាំងអ្នកដែលត្រូវគេចាប់ពង្រត់ ដោយមិនផ្តោតសំខាន់តែលើពួកគេ ជាជនជាតិអ៉ីស្រាអែល ឬជនបរទេសនោះទេ យើងចាត់ទុកពួកគេសំខាន់ដូចគ្នាៗ។ ពួកគេនឹងបានទទួលប្រាក់សំណងប្រចាំខែ ដែលមានចំនួនច្រើនគួរសម ហើយឪពុកម្តាយរបស់សិស្សដែលស្លាប់នោះ ក៏នឹងទទួលបានសំណង សម្រាប់ការបាត់បង់ជីវិតរបស់កូនពួកគេផងដែរ។
ប្រាកដណាស់ថា វាអាចមិនអាចប៉ះប៉ូវសម្រាប់ការបាត់បង់ កូនប្រុសរបស់ពួកគេនោះទេ ប៉ុន្តែយ៉ាងហោចណាស់យើងចង់ធ្វើឱ្យប្រាកដថា ពួកគេរស់នៅបានសុខស្រួល ហើយពួកគេមិនចាំបាច់ព្រួយបារម្ភអំពីការងារ និងការរកប្រាក់ ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេឡើយ។ យើងដឹងថា សោកនាដកម្មបែបនេះ វាពិបាកក្នុងការបំភ្លេច ក្នុងដំណើរជីវិតបន្តរបស់ពួកគេ។ ដូច្នេះ ខ្ញុំគិតថារដ្ឋាភិបាលរបស់យើងទាំងពីរ បានធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីធ្វើឱ្យប្រាកដថា សិស្សរបស់យើងមានសុវត្ថិភាព។
ទី៤៖ ក្នុងពេលដែលមានការផ្ទុះសង្រ្គាមភ្លាមៗរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ឃើញថារដ្ឋាភិបាលប្រទេសនីមួយៗ មានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្លាំង ទៅលើប្រជាពលរដ្ឋ និងនិស្សិតដែលកំពុងរស់នៅ និងសិក្សាក្នុងប្រទេសអ៉ីស្រាអែល។ ជាមួយគ្នានេះ លោកស្រីមានការកត់សម្គាល់បែបណាដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំ និងស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលអ៉ីស្រាអែល ដើម្បីជួយប្រជាពលរដ្ឋ និងនិស្សិតរបស់ខ្លួន ទៅកាន់ទីកន្លែងសុវត្ថិភាព?
ចាប់តាំងពីសង្គ្រាមចាប់ផ្តើមមក យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតកម្ពុជារបស់យើង នៅទីក្រុងបាងកក ជាមួយកុងស៊ុលកិត្តិយសកម្ពុជា ដែលមាននៅក្នុងប្រទេសអ៉ីស្រាអែល តាមរយៈស្ថាប័នសិក្សា ដូចជាសាកលវិទ្យាល័យ ដែលនិស្សិតកំពុងរៀនដោយផ្ទាល់។ យើងជឿជាក់ថា មិនចាំបាច់ជម្លៀសពួកគេទេ ហើយខ្ញុំគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការរក្សានិស្សិតនៅអ៉ីស្រាអែល ហើយនិយាយដោយស្មោះត្រង់ ខ្ញុំថែមទាំងកោតសរសើរ ដោយស្មោះត្រង់ ចំពោះអតីតនាយករដ្ឋមន្តី្រកម្ពុជា ដែលបានចាត់ទុកអ៉ីស្រាអែលជាមិត្ត។ ពេលមិត្តត្រូវការ អ្នកមិនទៅចោលគេទេ។ វាមិនមែនជារឿងងាយស្រួលទេ ក្នុងការសម្រេចចិត្តអនុញ្ញាតឱ្យសិស្សបន្តនៅទីនោះ ហើយយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយជាការពិតណាស់ ប្រសិនបើសិស្សចង់ត្រឡប់មកវិញ ពួកគេអាចត្រឡប់មកវិញបាន។ គ្មាននរណាម្នាក់ ត្រូវបានបង្ខំដោយរដ្ឋាភិបាលណាមួយឱ្យស្នាក់នៅទីនោះនោះទេ។ ប៉ុន្តែខ្ញុំសប្បាយចិត្តដែលគ្រប់គ្នា បានធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារសិស្ស។ រហូតមកដល់ពេលនេះ ខ្ញុំអាចនិយាយបានថា គ្រប់គ្នាមានសុវត្ថិភាព ហើយសង្គ្រាមនៅពេលនេះ គឺនៅតំបន់ហ្គាហ្សា ដែលលែងមាននៅក្នុងតំបន់អ៉ីស្រាអែលទៀតហើយ។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិភាព នៅពេលពួកគេបញ្ចប់ការសិក្សាក្នុងឆ្នាំនេះ។
ទី៥៖ តាមរយៈកិច្ចសហប្រតិបត្តិការបញ្ជូននិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសអ៉ីស្រាអែល លើជំនាញកសិកម្ម មានប្រយោជន៍ណាស់ សម្រាប់និស្សិតកម្ពុជា ក្នុងការនាំយកបច្ចេកវិទ្យាកសិកម្មទំនើប ពីប្រទេសអ៉ីស្រាអែល មកជួយអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។ តើកិច្ចសហប្រតិបត្តិការនេះ នឹងនៅតែបន្តសម្រាប់ឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀតដែរ ឬទេ?
ថ្មីៗនេះ យើងបានបញ្ជូនសិស្សជាង ៤៥០ ទៅ៦៤០នាក់បន្ថែមទៀត។ យើងពិតជាសង្ឃឹមថា នៅឆ្នាំ២០២៤ និង២០២៥ យើងនឹងទទួលបានចំនួនសិស្សដូចគ្នា។ សាស្ត្រាចារ្យអ៉ីស្រាអែល និងកសិករអ៉ីស្រាអែល ពិតជាកោតសរសើរ និងរីករាយក្នុងការធ្វើការជាមួយនិស្សិតកម្ពុជា។ ពួកគេពិតជារីករាយ ក្នុងការធ្វើការជាមួយសិស្សទាំងនោះ ហើយពួកគេពិតជារីករាយនឹងសមត្ថភាពសិក្សារបស់ពួកគេ។ យើងមិនមានតម្រូវអីនោះទេ ប៉ុន្តែពួកគេត្រូវចេះនិយាយភាសាអង់គ្លេស ព្រោះបើគេមិនអាចនិយាយភាសាអង់គ្លេសបាន គេមិនអាចអង្គុយក្នុងថ្នាក់ និងយល់មេរៀននោះទេ។ សម្រាប់យើង បើនិយាយពីផ្នែកសិក្សា វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង ដែលតម្រូវឱ្យអ្នកគ្រប់គ្នាយល់ ហើយទទួលបានលទ្ធផលសិក្សាខ្ពស់។ ហើយតាមទស្សនៈរបស់យើង យើងសង្ឃឹមថានៅឆ្នាំក្រោយ យើងនឹងឃើញនិស្សិតកម្ពុជាចំនួន ៤៥០នាក់មកប្រទេសអ៉ីស្រាអែល។
ទី៦. ជាចុងក្រោយ ក្នុងអាណត្តិដែលលោកស្រីជាឯកអគ្គរដ្ឋទូត ទទួលបន្ទុកនៅកម្ពុជា តើលោកស្រីមានការប្តេជ្ញាចិត្តយ៉ាងណាដែរ ក្នុងការជំរុញពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអ៉ីស្រាអែលឱ្យកាន់តែរឹងមាំ និងផ្តល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងជាងមុន? តើវិស័យអ្វីខ្លះដែល លោកស្រីផ្តោតជាសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះ?
ហេតុផលដែលខ្ញុំមកទីនេះ គឺដោយសារខ្ញុំជឿថាទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ មានសារៈសំខាន់ខ្លាំងណាស់។ ហើយដោយសារយើងមិនមានស្ថានទូតនៅទីនេះ។ ខ្ញុំពិតជាសង្ឃឹមថា នឹងបាននៅទីនេះច្រើនជាងមកទស្សនកិច្ច។ ខ្ញុំពិតជារីករាយជាមួយប្រទេសកម្ពុជា ហើយខ្ញុំពិតជាចូលចិត្តប្រជាជនកម្ពុជា។ ខ្ញុំជឿជាក់តាំងពីដើមដំបូងមកថា សក្តានុពលរបស់ពួកគេមានច្រើនណាស់។ រឿងមួយដែលខ្ញុំចង់ចាប់ផ្តើមស្វែងយល់នៅពេលនេះ គឺលទ្ធភាពនាំកម្មករ កម្មការី កសិកម្មពីកម្ពុជា ទៅធ្វើការនៅប្រទេសអ៉ីស្រាអែល។ ប៉ុន្តែស្របពេលជាមួយគ្នានេះ ខ្ញុំដឹងថាអ៉ីស្រាអែលជាគោលដៅចម្បងសម្រាប់មនុស្សជាច្រើនមកពីជុំវិញពិភពលោក ដែលពួកគេចាត់ទុកអ៉ីស្រាអែល ជាគោលដៅដែលពួកគេពិតជាចង់មកធ្វើការ។
ដូច្នេះ ខ្ញុំពិតជាសង្ឃឹមថា យើងនឹងចាប់ផ្តើមការចរចាជាផ្លូវការមួយចំនួន ក្នុងពេលឆាប់ៗនេះរវាងរដ្ឋាភិបាលរបស់យើងទាំងពីរ។ យើងចង់ធ្វើឱ្យប្រាកដថាយើង ការពារកម្មករដែលនឹងមកអ៉ីស្រាអែល។ ដូច្នេះយើងចង់ឱ្យមាន MoU រវាងរដ្ឋាភិបាលយើងទាំងពីរ គឺរវាងក្រសួងការងារកម្ពុជា និងក្រសួងមហាផ្ទៃអ៉ីស្រាអែល។ សង្ឃឹមថា ការចរចាទាំងនេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ ហើយខ្ញុំសង្ឃឹមថាដំណើរទស្សនកិច្ចនេះ នឹងកំណត់ការចាប់ផ្តើមសម្រាប់រឿងនោះ។ ហើយសង្ឃឹមថាឆាប់ៗនេះ យើងនឹងអាចចាប់ផ្តើមបញ្ជូនមនុស្សទៅអ៉ីស្រាអែល។
សម្រាប់និស្សិត បន្ទាប់ពីពួកគេចំណាយពេលពីរបីឆ្នាំ នៅប្រទេសអ៉ីស្រាអែល ធ្វើការក្នុងវិស័យកសិកម្ម នៅពេលដែលពួកគេត្រឡប់មកកម្ពុជាវិញ វានឹងផ្តល់អត្ថប្រយោជន៍ដល់ពួកគេ និងគ្រួសាររបស់ពួកគេ ព្រមទាំងសហគមន៍ទាំងមូលដែលពួកគេរស់នៅ។ ខ្ញុំគិតថា នេះនឹងក្លាយជាដំណាក់កាលដ៏សំខាន់ និងជាមូលដ្ឋានរវាងប្រទេសយើងទាំងពីរ។ ហើយដូចអ្នកបានដឹងហើយថា អ៉ីស្រាអែលកំពុងមានសង្គ្រាមនៅពេលនេះ។ ដូច្នេះ ការយកចិត្តទុកដាក់របស់យើងភាគច្រើន គឺបង្វែរទៅសង្រ្គាម និងសោកនាដកម្មដែលអ៉ីស្រាអែល បានជួបប្រទះក្នុងរយៈពេលជាង ១០០ថ្ងៃកន្លងមកនេះ។ យើងនៅមានចំណាប់ខ្មាំងជាង ១៣៦នាក់ទៀត ដែលត្រូវបានអង្គការភេរវជនក្រុមហាម៉ាសចាប់យកទៅ។
ដូច្នេះអាទិភាពចម្បងរបស់យើង គឺសង្រ្គាម និងការត្រឡប់មកផ្ទះវិញ ដោយសុវត្ថិភាពរបស់ចំណាប់ខ្មាំង។ យើងសង្ឃឹមថា នឹងទទួលបានការគាំទ្រពីបណ្តាប្រទេសជុំវិញពិភពលោក ចំពោះសិទ្ធិរបស់អ៉ីស្រាអែល ក្នុងការការពារពលរដ្ឋរបស់ខ្លួន ទឹកដីរបស់ខ្លួន និងដើម្បីនាំយកចំណាប់ខ្មាំងទាំងនោះ មកផ្ទះដោយសុវត្ថិភាព ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នោះហើយជាអ្វីដែលយើងសង្ឃឹម។ យើងសង្ឃឹមថាអ្វីនឹងវិលទៅរកភាពល្អប្រសើរ ហើយយើងអាចរៀបចំផែនការ សម្រាប់គណៈប្រតិភូកម្ពុជា ពិសេសគណៈប្រតិភូពាណិជ្ជកម្មមកកម្ពុជា ទៅទស្សនកិច្ចនៅអ៉ីស្រាអែល៕