(ភ្នំពេញ)៖ លោកស្រី អរណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា និងប្រទេសថៃ បានថ្លែងរំពឹងពីការទទួលបាននិស្សិតខ្មែរជាច្រើនទៀត ដើម្បីការធ្វើកម្មសិក្សានៅក្នុងប្រទេសអ៉ីស្រាអែល ដែលជាប្រទេសមានភាពជឿនលឿនលើកសិបច្ចេកវិទ្យា។

លោកស្រីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបគ្រួសាររបស់អតីតនិស្សិត ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយសារការវាយប្រហារ របស់ក្រុមហាម៉ាសប៉ាឡេស្ទីនលើទឹកដីអ៉ីស្រាអែល។ លោកស្រីបានថ្លែង រដ្ឋាភិបាលអ៉ីស្រាអែល បានទទួលសិស្សកម្ពុជាចំនួនជាង ៤៥០នាក់រៀងរាល់ឆ្នាំ និងលោកស្រីរំពឹងថាចំនួននេះ នឹងកាន់តែឡើងច្រើនបន្ថែមទៀត។

លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់និស្សិតដែលទៅប្រទេសអ៉ីស្រាអែល នេះប្រហែលជាឱកាសមួយក្នុងជីវិត ដើម្បីទៅប្រទេសដែលកសិកម្ម ប្រហែលជាលេខមួយក្នុងពិភពលោក។ យើងហៅវាថាកសិបច្ចេកវិទ្យា agrotechnology ។ យើងមានភាពជឿនលឿនផ្នែកកសិកម្ម, ផ្នែកបច្ចេកវិទ្យាច្រើនណាស់…ហើយយើងរីករាយក្នុងការចែករំលែកវាជាមួយសិស្សជាច្រើន។ យើងមានសិស្សច្រើនជាង ៤៥០នាក់ ដែលមកពីប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។ ខ្ញុំសង្ឃឹមថា នឹងឃើញសិស្សកាន់តែច្រើនឡើងនៅឆ្នាំខាងមុខនេះក្នុងឆ្នាំខាងមុខ»

លោកស្រីឯកអគ្គរដ្ឋទូត កាលពីរសៀលថ្ងៃពុធទី២៤ ខែមករា បានអញ្ជើញជួបរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ដែលបញ្ជាក់នូវការឯកភាពសិក្សាលើកិច្ចសហប្រតិបត្តិការ ស្ដីពីវិស័យការងាររវាងប្រទេសទាំងពីរ ដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមក។ ក្នុងជំនួបដដែលនោះ លោករដ្ឋមន្ត្រីក្រសួងការងារ និងលោកស្រី ឯកអគ្គរដ្ឋទូត បានរំពឹងថា កម្ពុជានិងអ៉ីស្រាអែលនឹងអាចបង្កើតកិច្ចសហការប្រកប ដោយផ្លែផ្កា ជាបន្ថែមនាពេលខាងមុខ។

លោកស្រី អរណា សាហ្គីវ បានថ្លែងកោតសរសើរស្មារតីរបស់និស្សិតខ្មែរ ដែលបានក្រេបជញ្ជក់ចំណេះកសិបច្ចេកវិទ្យា និងការរំពឹងថាពេលនិស្សិតខ្មែរទាំងនោះវិលត្រឡប់មកវិញ គឺគេនឹងយកចំណេះដឹងដែលក្រេបជញ្ជក់បានជាមួយនឹងបទពិសោធផ្ទាល់របស់គេ ពីក្នុងប្រទេសអ៉ីស្រាអែល មកបម្រើដល់ប្រទេសកម្ពុជាវិញ។

លោកស្រី បានបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ដោយការនិយាយថា នេះគឺជាកម្មវិធីពិសេសខ្លាំងណាស់។ វាជាកម្មវិធីដែល យកផ្នែកសិក្សា រួមជាមួយនឹងបទពិសោធន៍ការងារកសិកម្ម។ ហើយនៅពេលដែលសិស្ស ត្រលប់មកវិញ ពួកគេនឹងយកចំណេះដឹង និងស្មារតីសហគ្រិន របស់ពួកគេ…ហើយពួកគេនឹង ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីប្រយោជន៍ ផ្ទាល់ខ្លួនរបស់គេ, ដើម្បីគ្រួសារ របស់គេ, និងដើម្បីសហគមន៍របស់ពួកគេ។ ហើយខ្ញុំគិតថាវាល្អសម្រាប់កម្ពុជា»

ចាន់ ឧត្តម គឺជានិស្សិតខ្មែរតែម្នាក់គត់ ដែលបានបាត់ជីវិតក្នុងព្រឹត្តិការណ៍បង្ហូរឈាម ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ និស្សិតខ្មែរជាច្រើនរយនាក់ទៀត ត្រូវបានរដ្ឋាភិបាលអ៉ីស្រាអែល យកចិត្តទុកនិងបានបញ្ជួនពួកគេទៅរស់នៅ និងធ្វើការនៅក្នុងតំបន់ដែលមានសុវត្ថិភាព។

ឯកអគ្គរដ្ឋទូតអ៉ីស្រាអែល បានបញ្ជាក់បន្ថែមជុំវិញស្ថានភាពរស់នៅរបស់និស្សិតខ្មែរក្នុងពេលបច្ចុប្បន្ន។ លោកស្រី ថ្លែងថា «ខ្ញុំអាចនិយាយបានថាសម្រាប់ពេលនេះនិស្សិតកម្ពុជា នៅកន្លែងសុវត្ថិភាពក្នុងតំបន់សុវត្ថិភាព។ យើងសូមបញ្ជាក់ថាពួកគេបានរស់នៅ និងធ្វើការនៅពេលនេះនៅកន្លែងដែលមិនមានគ្រោះថ្នាក់សម្រាប់ពួកគេឡើយ។

លោកស្រីបន្តថា «ខ្ញុំគិតថារដ្ឋាភិបាលរបស់យើងទាំងពីរនឹងធ្វើការជាមួយគ្នា។ រដ្ឋាភិបាលកម្ពុជាប្រឹងប្រែងអស់ ពីសមត្ថភាពដើម្បីធានាសុវត្ថិភាពសិស្ស។ រដ្ឋាភិបាលរបស់យើងធ្វើអ្វីគ្រប់យ៉ាងដែលយើងធ្វើបានគ្រប់យ៉ាង ដើម្បីធ្វើឱ្យប្រាកដថាសិស្សនៅអ៉ីស្រាអែលមានសុវត្ថិភាព។ យើងនឹងសហការគ្នា ជួយថែរក្សាសុវត្ថិភាព។ យើងរួមសហការ និងធ្វើកិច្ចសហការជាមួយស្ថាប័ន និងវិទ្យាស្ថានសិក្សានៅក្នុងប្រទេសអ៉ីស្រាអែល។ គោលដៅចម្បង របស់យើង គឺធ្វើឱ្យប្រាកដថាអ្នកគ្រប់គ្នាមានសុវត្ថិភាព ហើយគ្រប់គ្នាអាចបន្តជីវិតជាសិស្សរបស់ពួកគេដដែល ដើម្បីបន្តការសិក្សា និងការងារ។ ហើយនេះគឺជាអ្វីដែលជាស្ថានភាពកំពុងមាននៅពេលនេះ»