(ភ្នំពេញ)៖ លោក ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានបង្ហាញការកត់សម្គាល់មួយចំនួន លើសេចក្តីថ្លែងការណ៍រួមរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ម៉ាក្រុង ប្រធានាធិបតីបារាំង ក្រោយទស្សនកិច្ចរបស់សម្តេចធិបតី នៅប្រទេសបារាំង។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ហោ ណាំហុង បានបង្ហាញការយល់ឃើញថា៖

* ទី១៖ សេចក្តីថ្លែងការណ៍រួមរវាងលោក ម៉ាក្រុង និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាសេចក្តីថ្លែងការណ៍នៃទស្សនកិច្ចប្រមុខរដ្ឋ មិនមែនទស្សនកិច្ចនាយករដ្ឋមន្ត្រីទេ។

* ទី២៖ សេចក្តីថ្លែងការណ៍រួមនេះ គឺវែង មានគ្រប់ទិដ្ឋភាពទាំងអស់នៃទស្សនកិច្ចទ្វេភាគី នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជានិងបារាំងឲ្យមានការរីកចម្រើនតទៅមុខទៀត លើគ្រប់វិស័យទាំងអស់នៃទំនាក់ទំនង។

* ទី៣៖ ត្រង់ចំណុចទី១០ នៃសេចក្តីថ្លែងការណ៍រួម លោក ហោ​ ណាំហុង ក៏បានចាប់អារម្មណ៍បញ្ហាមួយចំនួន លើទំនាក់ទំនងអន្តរជាតិ៖

-ទី១៖ ភាគីទាំងពីរយកចិត្តទុកដាក់ចំពោះវិបត្តិនៅមជ្ឈិមបូព៌ា៖ នេះជាបញ្ហាដែលពិភពលោកទាំងមូលទាមទារឲ្យយកចិត្តទុកដាក់ ជាក់ស្តែងសង្គ្រាមរវាងអ៉ីស្រាអែល និងហាម៉ាស់ លោក ហោ ណាំហុង យល់ឃើញថា កម្ពុជានិងបារាំង បានឯកភាពគ្នាទាមទារឲ្យមានបទឈប់បាញ់ ដោយសារសពថ្ងៃនេះ ការទម្លាក់គ្រាប់បែករវាងអ៉ីស្រាអែល លើតបន់ហ្កាហ្សានោះ ស្លាប់មនុស្សជាង ២ម៉ឺននាក់ហើយ ហើយរបួសជាង ៦ម៉ឺននាក់ហើយ។

-ទី២៖ ភាគីទាំងពីរទាមទារឲ្យគោរពច្បាប់អន្តរជាតិទាក់ទងនឹងមនុស្សធម៌​៖ មានន័យថា ច្បាប់មនុស្សធម៌អន្តរជាតិទាមទារឲ្យមាន ដោយសារសង្គ្រាមអ៉ីស្រាអែល និងហាម៉ាស់ អន្តរជាតិមិនអាចមើលឃើញថា ជារឿងធម្មតា ជាសង្គ្រាមសម្លាប់មនុស្សដោយរង្គាល ជាពិសេសលើស្ត្រី និងកុមារ និងចាស់ៗ។

-ទី៣៖ ភាគីទាំងពីរទាមទារឲ្យបង្កើតរដ្ឋ២ គឺអ៉ីស្រាអែលមួយ និងប៉ាឡេស្ទីនមួយ៖ នេះក៏ដោយសារប្រទេសលើពិភពលោក ទាំងសហភាពអឺរ៉ុបទាំង២៧ និងអារ៉ាប់ ទាមទារឲ្យមានរដ្ឋ ២នេះ ដរាបណាអត់មានរដ្ឋ២ នៅតែមានការប្រឆាំងគ្នា ដែលជំហររបស់កម្ពុជានិងបារាំង ដូចពិភពលោកដែរ។

* ទី៤៖ លោក ហោ ណាំហុង ក៏បានកត់សម្គាល់ចំណុចទី១១ នៃសេចក្តីថ្លែងការណ៍រួម៖ លោកបានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីបារាំង បានទាមទារឲ្យអនុវត្តក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (DOC) ដែលជាកិច្ចព្រមព្រៀងរវាងចិន និងអាស៊ាន ជាឯកសារប្រវត្តិសាស្ត្រ ដែលប្រឹងប្រែងផ្តួចផ្តើមបង្កើតដោយកម្ពុជា ក្រោមការឯកភាព និងគាំទ្រដោយសម្តេចតេជោ ហ៊ុន សែន ពេលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា និងពេលលោក ហោ ណាំហុង កាន់តំណែងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី១ នៅឆ្នាំ២០០២។

* ទី៥៖ លោក ហោ ណាំហុង បានបន្តថា លោកក៏សម្គាល់ ចំណុចទី១៣ នៃសេចក្តីថ្លែងការណ៍រួម៖ ក្នុងនោះ កម្ពុជា និងបារាំងឯកភាពគ្នាបង្កើតជាដៃគូយុទ្ធសាស្ត្រ ដែលក្នុងសហគមន៍អឺរ៉ុប ទាំង ២៧ប្រទេស គឺបារាំង និងអាល្លឺម៉ង់ ដើរតួជាចំណុចស្នូល។ អីចឹង ការធ្វើជាដៃគូយុទ្ធសាស្ត្រជាមួយបារាំង ជារឿងសំខាន់ណាស់ ហើយលោកសង្ឃឹមថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងខិតខំពង្រឹងភាពជាដៃគូជាមួយបារាំង៕