(ភ្នំពេញ)៖ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានរៀបចំពិធីប្រគល់សញ្ញាបត្រ «បណ្ឌិតកិត្តិយស» ផ្នែករដ្ឋបាលសាធារណៈជូន លោក ស៊ាង ប៊ុនលាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីគណៈ កម្មការបានត្រួតពិនិត្យ ជ្រើសរើស វាយតម្លៃពីលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយរួចមក។
លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ និងលោកបណ្ឌិត ទ្រី ចាន់ធុច ប្រធានអង្គភាពគ្រប់គ្រងថ្នាក់ ក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានថ្លែងថា ការអប់រំល្អ និងជោគជ័យក្នុងវិជ្ជាជីវៈការងាររបស់ខ្លួន បានរួមចំណែកយ៉ាងសកម្ម ឬជោគ ជ័យក្នុងការដឹកនាំការងារអភិវឌ្ឍន៍លើវិស័យសង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ និងវិទ្យាសាស្ត្រ ដែលជាគុណប្រយោជន៍ដល់ មនុស្សជាតិ ពិសេសដល់កម្ពុជា បានរួមចំណែកយ៉ាងសកម្ម ឬជោគជ័យក្នុងការដឹកនាំវិស័យឧត្តមសិក្សា ធ្លាប់ទទួលបានរង្វាន់ និងការលើកទឹកចិត្តចំពោះស្នាដៃរបស់ខ្លួន។
លោកបណ្ឌិតបន្ដថា ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនាពេលនេះ គឺប្រព្រឹត្តទៅដោយមាន គណៈកម្មការត្រួតពិនិត្យវាយតម្លៃពីលក្ខណៈសម្បត្តិ គុណវុឌ្ឍិរបស់បេក្ខជនយ៉ាងត្រឹមត្រូវ និងពិនិត្យឃើញថា លោក ស៊ាង ប៊ុនលាង ពិតជាមានសមត្ថភាព បទពិសោធន៍ គ្រប់គ្រាន់ក្នុងការដឹកនាំការងាររដ្ឋបាលសាធារណៈជាច្រើនឆ្នាំ សក្តិសមនឹងទទួលសញ្ញាបត្រ «បណ្ឌិតកិត្តិយស» ផ្នែក រដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យអាស៊ី-អឹរ៉ុបយ៉ាងពិតប្រាកដ។
លោកបណ្ឌិត ស៊ាង ប៊ុនលាង បានថ្លែងថា រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ បានកំណត់របបនយោបាយជារបបប្រជាធិបតេយ្យសេរី ពហុបក្ស ដូច្នេះ វិស័យរដ្ឋបាលសាធារណៈបានដើរតួនាទី យ៉ាងសំខាន់ក្នុងការគ្រប់គ្រង អភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ផ្តល់សេវាសាធារណៈ លើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យក្នុងស្មារតីប្រកាន់ខ្ជាប់នូវការតម្កល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋជាធំ និងក្នុងគោលដៅ បម្រើប្រជាជនឲ្យមានប្រសិទ្ធភាព និងកាន់តែប្រសើរឡើង។
លោកបន្ដថា រដ្ឋបាលសាធារណៈនៅកម្ពុជា ត្រូវបានរលំរលាយក្នុងអំឡុងពេលដែលកម្ពុជា បានធ្លាក់ចូលក្នុងសង្គ្រាម និងរឹតតែធ្ងន់ធ្ងរថែមទៀតនោះ គឺនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ក្នុងឆ្នាំ១៩៧៥ដល់១៩៧៩ សម្រាប់រដ្ឋបាលសាធារណៈត្រូវបានកកើតឡើងវិញនៅឆ្នាំ១៩៧៩ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវិវត្តរ៍ និងកែទម្រង់ជាបន្តបន្ទាប់រហូតក្លាយខ្លួនជារដ្ឋបាលសាធារណៈមួយពេញលេញ បំពេញការងារប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុង ជ្រោយសម្រាប់ប្រទេសជាតិ និងបម្រើផលប្រយោជន៍របស់ប្រជាជនប្រកបដោយប្រសិទ្ធភាពដូចសព្វថ្ងៃ។
លោកបន្ថែមថា ជោគជ័យដ៏ត្រចះត្រចង់ ដែលទទួលបាននាឱកាសនេះ ក៏ដោយសារការរួមចំណែកដ៏ធំធេងរបស់ លោកស្រី ហ៊ុន ប៊ុនធឿន បងប្អូន និងកូនចៅ ព្រមទាំងក្រុមការងារទាំងអស់ ដែលជានិច្ចកាលបានផ្តល់ ឱកាសគាំទ្រ និងលើកទឹកចិត្តដល់លោក ក្នុងការបំពេញការងារនៅគ្រប់កាលៈទេសៈអស់រយៈពេលជាច្រើនឆ្នាំ កន្លងទៅនេះ។លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ដែលបាន ត្រួតពិនិត្យ វាយតម្លៃយ៉ាងហ្មត់ចត់អំពីលក្ខណៈសម្បត្តិ គុណវុឌ្ឍិ ការសិក្សាអប់រំ វិជ្ជាជីវៈការងារ ស្នាដៃ សមិទ្ធផល ការងារលើគ្រប់ផ្នែកដែលជាការខិតខំប្រឹងប្រែងរបស់ឯកឧត្តមក្នុងរយៈពេលកន្លងមក និងបានសម្រេចប្រគល់សញ្ញាបត្រ«បណ្ឌិតកិត្តិយស» ផ្នែករដ្ឋបាលសាធារណៈជូនលោកនៅថ្ងៃនេះ។
លោកបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ និងលោក ខៀវ ថវិកា ប្រធាន ក្រុមប្រឹក្សាបណ្ឌិតសភាវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានថ្លែងថា នេះគឺជាលទ្ធផល និងជោគជ័យ ថ្មីមួយទៀតរបស់សាកលវិទ្យាល័យ ដែលបានជ្រើសរើសឥស្សរជនខ្មែរដ៏សក្តិសមមួយរូបទៀត គឺលោក ស៊ាង ប៊ុនលាង ក្នុងការប្រគល់សញ្ញាបត្រ «បណ្ឌិតកិត្តិយស» ផ្នែករដ្ឋបាលសាធារណៈ និងជាជយលាភីទី៣ ដែលទទួលបានសញ្ញាបត្រ «បណ្ឌិតកិត្តិយស» ពីសាកលវិទ្យាល័យនេះ ហើយពិធីដ៏មហោឡារឹកនេះ នឹងត្រូវចារឹកទុកក្នុងក្រាំងប្រវត្តិសាស្ត្ររបស់ សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប។
លោកបានសម្តែងនូវមោទនភាពដ៏ខ្ពង់ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិពីបាតដៃទទេ រហូតដល់មានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យយ៉ាងច្បាស់លាស់ក្នុងការអភិវឌ្ឍន៍ និងកែទម្រង់វិស័យអប់រំជាបន្តបន្ទាប់ បើកឱកាសយ៉ាងទូលំទូលាយ ដល់ដំណើរការរបស់គ្រឹះស្ថានអប់រំ រដ្ឋ និងឯកជននៅគ្រប់កម្រិតសិក្សា ចាប់ថ្នាក់មត្តេយ្យដល់មហាវិទ្យាល័យ និងថ្នាក់ក្រោយឧត្តមសិក្សា។
លោកបានបញ្ជាក់ថា បច្ចុប្បន្នគ្រឹះស្ថានឧត្តមសិក្សាបាននិងកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលគិតដល់ពេលនេះ នៅទូទាំងប្រទេស មានគ្រឹះស្ថានឧត្តមសិក្សាសរុបចំនួន១៤០ ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សារដ្ឋមាន ចំនួន៤៧ និងឯកជនចំនួន៧៣កន្លែង។ ដោយឡែក សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបមាននិស្សិតកំពុងសិក្សានៅគ្រប់កម្រិតចំនួន ជាង១០.០០០នាក់ ក្នុងនោះមាននិស្សិតបរទេសចំនួន២៧នាក់ និងនិស្សិតថ្នាក់បណ្ឌិតចំនួន១៧៥ នាក់។
លោកប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលតែងផ្តល់ កិត្តិយសដ៏ខ្ពង់ខ្ពស់ និងការលើកទឹកចិត្តដ៏ធំធេង ក្នុងការអញ្ជើញជាអធិបតីរាល់ពេលប្រគល់សញ្ញាបត្រ ដល់និស្សិត នៅសាកលវិទ្យាល័យ ពិសេស រាល់អនុសាសន៍ដ៏មានតម្លៃថ្លៃថ្លា របស់សម្តេចតេជោ បានដក់ជាប់ក្នុងក្រអៅ បេះដូងរបស់សាស្ត្រាចារ្យ និស្សិត និងជាដើមទុនមានតម្លៃឥតគណនា សម្រាប់ត្រង់ត្រាប់ក្នុងដំណើរជីវិត អាជីព វិជ្ជាជីវៈ និងការងារផ្សេងៗ ក្នុងគោលដៅប្រែក្លាយខ្លួន ជាទំពាំងស្នងឫស្សី ដ៏រឹងមាំប្រកបដោយគុណភាព សមត្ថភាពរបស់ប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះ លោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន ព្រមទាំងក្រុមការងារ បាននាំយកអំណោយជាថវិកា ៤.០០០.០០០រៀល ចែកជូននិស្សិតចំនួន២០០ នាក់ ដែលបានចូលរួម អបអរសាទរក្នុងពិធីនេះ ដែលម្នាក់ៗទទួលបានថវិកា ២០.០០០ រៀលផងដែរ៕