(ភ្នំពេញ)៖ បុរសម្នាក់ ជាម្ចាស់គណនីហ្វេសប៊ុក Nak TK បានថ្លែងសារហួសចិត្ត ពាក់ព័ន្ធក្មេងទំនើងយកដុំឥដ្ឋគប់កញ្ចក់រថយន្តរបស់គាត់ តែសំណាងមិនមានរបួស។ ហេតុការណ៍នេះ បានកើតឡើងនាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នៅចំណុចផ្លូវថៃហ្គ័រ ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

Nak TK បានបង្ហោះសារថា៖ «ឥឡូវនៅផ្លូវថៃហ្គ័រ មានក្មេងទំនើងមួយក្រុមចាំដេញគប់កញ្ចក់ឡានទៀតហើយ ធ្លាប់តែលឺគេនិយាយឥឡូវជួបហើយ។ សូមបងប៉ូលីសប៉ុស្តិ៍ជួយមើលផង»

ក្នុងនោះ ជនរងគ្រោះ បានប្រាប់ថា ជនសង្ស័យមានបក្សពួក២នាក់ ជិះម៉ូតូ១គ្រឿងមិនចាំម៉ាក ដែលមុនកើតហេតុរថយន្តធ្វើដំណើរពីស្ពានព្រែកសំរោង ចុះមកផ្លូវថៃហ្គ័រ ហើយជនបង្កជិះម៉ូតូពីផ្លូវថៃហ្គ័រទៅស្ពានព្រែកសំរោង។ ក្រោយពេលយកដុំឥដ្ឋមកគប់កញ្ចក់រថយន្តរួច ជនសង្ស័យបន្ថែមលឿនម៉ូតូ រត់គេចបាត់ស្រមោល។

ម្ចាស់គណនីឈ្មោះ NaK TK នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានដាក់ពាក្យបណ្ដឹងរួចរាល់ហើយ នៅប៉ុស្តិ៍រដ្ឋបាលព្រែកថ្មី៕