(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានណែនាំដល់មន្ដ្រីនគរបាល ពិសេសមន្ដ្រីនគរបាលប៉ុស្ដិ៍ដែលនៅមូលដ្ឋានផ្ទាល់ ត្រូវចេះ និងបង្កើនកិច្ចសហការល្អជាមួយភ្នាក់ងារសន្ដិសុខឯកជន ដែលឈរជើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានព័ត៌មាននានា សំដៅចូលរួមទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។

ក្នុងឱកាសអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងារគ្រប់គ្រងសន្ដិសុខឯកជន ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ដឆ្នាំ២០២៤, លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានវាយតម្លៃ និងកោតសរសើរចំពោះលទ្ធផលការងារកន្លងមក លើការងារគ្រប់គ្រងសន្ដិសុខឯកជន ទាំងនៅថ្នាក់នាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានមើលឃើញថា ភ្នាក់ងារសន្ដិសុខឯកជន ដែលបាននិងកំពុងឈរជើងនៅតាមបណ្ដាគោលដៅនានា ថ្វីបើជាវិស័យឯកជនក៏ពិតមែន ប៉ុន្ដែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ដូច្នេះមន្ដ្រីនគរបាលត្រូវតែបន្ដ និងបង្កើននូវកិច្ចសហការរវាងគ្នាឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសមន្ដ្រីនគរបាលប៉ុស្ដិ៍តែម្ដង។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានទាញនូវការចាប់អារម្មណ៍ ក៏ដូចជាដាស់តឿនដល់កម្លាំងនគរបាលទាំងអស់ ត្រូវក្ដោបក្ដាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធការគ្រប់គ្រងសន្ដិសុខឯកជន ហើយត្រូវប្រុងប្រយ័ត្នចំពោះជនឱកាសនិយម ដែលជ្រកក្រោមស្លាកសន្ដិសុខឯកជន ដើម្បីប្រមូលកម្លាំងប្រឆាំងរាជរដ្ឋាភិបាល និងធ្វើឲ្យប៉ះពាល់សន្ដិសុខជាតិ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានជំរុញឲ្យនាយកដ្ឋានជំនាញ ក៏ត្រូវបន្ដខិតខំប្រឹងប្រែងបណ្ដុះបណ្ដាល និងបំប៉នជំនាញដល់ភ្នាក់ងារសន្ដិុសុខឯកជន សំដៅលើកកម្ពស់សមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ដើម្បីធានាថា ភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយដ៏មានសមត្ថភាពដល់កងកម្លាំងនគរបាល និងអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់មូលដ្ឋានទាំងអស់។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បច្ចុប្បន្នភ្នាក់ងារសន្តិសុខឯកជនទូទាំងប្រទេស មានចំនួន៣១,៧៩៦នាក់/២៩,៧០៦នាក់ ប្រៀបធៀបទៅនឹងឆ្នាំ២០២២ កើនឡើង២,០៩០នាក់ ស្មើនឹង៧.០៤% (ស្រី២,៥០៧នាក់/២,៤២៧នាក់ កើនឡើង៨០នាក់ ស្មើនឹង៣.៣០%)។

ក្នុងនោះ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនសរុបចំនួន២៩៨/២៧៥ក្រុមហ៊ុន កើនឡើង២៣ក្រុមហ៊ុន ស្មើនឹង៨.៣៦% មានភ្នាក់ងារសន្តិសុខឯកជនសរុប ១៦,៦៨៧/១៥,៦១៧នាក់ កើនឡើង១,០៧០នាក់ ស្មើនឹង៦.៨៥% (ស្រី២,១៥៩/២,០៧៤នាក់ កើនឡើង៨៥នាក់ ស្មើនឹង ៤.១០%)។ សហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនសរុប ចំនួន១,៩៧៨/១,៩៥៣គ្រឹះស្ថាន កើនឡើង២៥ទីតាំង ស្មើនឹង១.២៨% ភ្នាក់ងារសន្តិសុខឯកជន ចំនួន១៥,១០៩/១៤,០៨៩នាក់ កើនឡើង១,០២០នាក់ ស្មើនឹង៧.២៤% (ស្រី៣៤៨/៣៥៣នាក់ ថយចុះ០៥នាក់ ស្មើនឹង១.៤២% មានគោលដៅ២,១៣៩/២,១១៤ទីតាំង កើនឡើង២៥ទីតាំង ស្មើនឹង១.១៨%។

ដោយឡែក សម្រាប់ការបណ្ដុះបណ្ដាលបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនវិញ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុបចំនួន៥៦វគ្គ សិក្ខាកាមចូលរួមសរុប៩,៨៦៦នាក់ (ស្រី២៣០នាក់) ក្នុងនោះ ភ្នាក់ងារសន្តិសុខឯកជន សរុបចំនួន៩,៦៣៨នាក់ (ស្រី២១១នាក់) និងនគរបាលជាតិ សរុបចំនួន២២៨នាក់ (ស្រី១៩នាក់)៕