(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានប្រាប់រៀបចំឱ្យមានព្រឹត្តិការណ៍ជាសិល្បៈ ការតាំងពិព័រណ៍ ឬសកម្មភាពទស្សនកិច្ចសិក្សា ឬសកម្មភាពផ្សេងៗទៀត នៅតាមបុរាណដ្ឋាន។ ការរៀបចំបែបនេះ ជាផ្នែកមួយនៃការបង្ការទប់ស្កាត់បទល្មើសលើសម្បត្តិវប្បធម៌។

លោកស្រីរដ្ឋមន្ត្រីប្រាប់បែបនេះ ក្នុងឱកាសអញ្ជើញបិទ សន្និបាតបូកសរុបការងារឆ្នាំ២០២៣​ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅសាលសន្នសីទចតុម្មុខ។

ដើម្បីបង្ការទប់ស្កាត់បទល្មើស លោកស្រីបណ្ឌិសភាចារ្យ បានស្នើទៅអង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសអាជ្ញាធរជាតិទាំង៣ អគ្គនាយកដ្ឋានបេតិកភណ្ឌ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ និងគ្រប់មន្ទីររាជធានី-ខេត្ត ត្រូវបន្តពង្រឹងភារកិច្ចអាទិភាពបន្ទាន់មួយចំនួន ដូចជា៖

* បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវសកម្មភាព ទាំងឡាយដែលបំផ្លាញ ឬធ្វើឱ្យខូចទ្រង់ទ្រាយដើម ឬដែលមានផលប៉ះពាល់ដោយប្រយោល មកលើបេតិកភណ្ឌ ដែលអាចជាបុរាណដ្ឋាន (ប្រាសាទ ទួលបុរាណ ត្រពាំងបុរាណ) ឬវត្តអារាម ដែលមានអាយុកាលយូរមកហើយ និងដែលមានតម្លៃពិតប្រាកដត្រូវអភិរក្ស ព្រមទាំងសំណង់បេតិកភណ្ឌក្រុងនានាដែលមាននៅតាមបណ្តារាជធានី-ខេត្ត។

* វិធានការផ្ទាល់នៅនឹងទីតាំងបេតិកភណ្ឌ គឺជាមធ្យោបាយចាំបាច់ក្នុងការការពារ ជាអាទិ៍ ការកំណត់ និយាមការតំបន់ត្រូវការពារ ការបោះបង្គោលព្រំ ការលើកស្លាកសញ្ញា ដើម្បីឱ្យសាធារណជនជ្រាប ថាជាបុរាណដ្ឋាន និងការចុះបញ្ជីប្លង់កម្មសិទ្ធិរដ្ឋ គឺសុទ្ធតែជាភារកិច្ចបន្ទាន់ដែលត្រូវអនុវត្ត។ គ្រប់អង្គភាពពាក់ព័ន្ធ ត្រូវរៀបចំឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ និងដោះស្រាយនូវផលប៉ះពាល់នានា ជាយថាហេតុ ដោយរួមសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញ បណ្ណកម្មសិទ្ធិជូនរដ្ឋ។ ដោយឡែក សម្រាប់រមដោយដ្ឋាន ដែលមានវិសាលភាពធំដូចជា ភ្នំជីសូរ ប្រាសាទភ្នំដា និងបេតិកភណ្ឌដែលបានដាក់ក្នុងបញ្ជីបម្រុងសម្រាប់ការបន្តចុះបញ្ជីជាបេតិកភណ្ឌពិភពលោក អង្គភាពពាក់ព័ន្ធត្រូវប្រឹងប្រែងរៀបចំឯកសារគតិយុត្តកំណត់តំបន់ការពារ ដែលអាចជាអនុក្រឹត្យ ឬព្រះរាជក្រឹត្យឱ្យបានរួសរាន់។

* ក្នុងរយៈពេលវែង និងទៅតាមលទ្ធភាពដែលមាន ការរៀបចំឱ្យមានព្រឹត្តិការណ៍ជាសិល្បៈ ការតាំង ពិព័រណ៍ ឬសកម្មភាពទស្សនកិច្ចសិក្សា ឬសកម្មភាពផ្សេងៗទៀត នៅតាមបុរាណដ្ឋានសំខាន់ៗ នៅតាមបណ្តាខេត្ត ក៏ជាសកម្មភាពមានតម្លៃសម្រាប់រំលឹក និងជំរុញលើកទឹកចិត្តប្រជាជនក្នុងតំបន់ឱ្យចូលរួមការពារបុរាណដ្ឋានទាំងនោះផងដែរ។

* ទីតាំងប្រវត្តិសាស្ត្រ និងជាទីកន្លែងគោរពបូជារបស់ប្រជាពលរដ្ឋនិងជនជាតិដើមភាគតិច ក៏កំពុងទទួលរងនូវផលប៉ះពាល់ផងដែរ ដូច្នេះគ្រប់មន្ទីរពាក់ព័ន្ធត្រូវបន្តសហការឱ្យបានល្អនិងជាប់ជាប្រចាំជាមួយអាជ្ញាធរដែនដី ដើម្បីចូលរួមការពារ ជាពិសេសត្រូវសហការជាមួយសហគមន៍ជន ជាតិដើមភាគតិចផ្ទាល់ ជាមួយអាជ្ញាធរដែនដី និងជាមួយវិស័យឯកជន ដើម្បីបង្កើតឱ្យបាននូវ មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ដូចករណីជោគជ័យនៅខេត្តរតនគិរីជាដើម។

លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ បានថ្លែងថា បទល្មើសក្នុងវិស័យវប្បធម៌ ទាំងផ្នែករូបី និងអរូបី មានការថយចុះ ក្នុងឆ្នាំ២០២៣។

ប្រធានគណៈកម្មាធិការរៀបចំសន្និបាតក្រសួងរូបនេះ បានបន្តថា បទល្មើសនៅក្នុងផ្នែកវប្បធម៌រូបី មានការថយចុះពីចំនួន ៥,២១៦ករណី ក្នុងឆ្នាំ ២០២២ មកចំនួន ៤,០៣៥ករណី ក្នុងឆ្នាំ២០២៣ (ថយចុះចំនួន ១,១៨១ករណី)។ ក្នុងនោះរួមមាន បញ្ហាសំណង់ខុសច្បាប់ បញ្ហារំលោភបំពានដីធ្លី បទល្មើសព្រៃឈើ សត្វព្រៃ នេសាទ។ល។ ចំពោះបទល្មើសក្រោមសមត្ថកិច្ចអាជ្ញាធរជាតិអប្សរា គឺថយ ចុះពី ៥,០២៦ករណី មកនៅត្រឹម ៣,៨៩៧ករណី (បទល្មើសសំខាន់គឺសំណង់ខុសច្បាប់)។

លោកបន្ថែមថា ដោយឡែក បទល្មើសនៅក្នុងផ្នែកវប្បធម៌អរូបី (ស្លាកយីហោ, ការយករូបវត្ថុបុរាណទៅ កេងចំណេញក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គម, ស្នាដៃសិល្បៈសូនរូប ខុសក្បួនខ្នាត,...) ក្នុងឆ្នាំ២០២៣ មានចំនួនសរុប ៤៣ករណី តិចជាងឆ្នាំ២០២២ ដែលមានចំនួនសរុប ៥៧ករណី (ថយចុះចំនួន ១៤ករណី)។

លោកស្រី ភឿង សកុណា បានអះអាងថា លទ្ធផលថយចុះនៃបទល្មើសមកលើសម្បត្តិវប្បធម៌រូបីនិងអរូបីក្នុងឆ្នាំ២០២៣ មិនមែនជាសញ្ញា បញ្ចប់នៃបទល្មើស ឬនឹងមានការបន្ដថយចុះដោយស្វ័យប្រវត្តិនោះទេ៕