(បន្ទាយមានជ័យ)៖ ដើម្បីពង្រឹងគុណភាពក្នុងការដឹកនាំគ្រប់គ្រងមន្រ្តីសង្ឃ ឲ្យមានរបៀបរៀបរយ, ថ្នាក់ដឹកនាំសង្ឃ សហការជាមួយមន្ទីរធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់មួយ ជ្រើសរើសព្រះអនុគណក្រុងប៉ោយប៉ែតថ្មី ជំនួសអន្ទិត ប៉ុក ចំរើន អតីតអនុគណក្រុងប៉ោយប៉ែត ដែលត្រូវបានលាចាកសិក្ខាបទកាលពីពេលកន្លងទៅថ្មីៗនេះ។

ការរៀបចំជ្រើសរើសរចនាសម្ព័ន្ធទៅតាមឋានានុក្រម គឺព្រះសមណៈ ភីរ័ត ប៉ោ សុខឿន ឱ្យទៅជាព្រះគ្រូអនុគណក្រុងប៉ោយប៉ែត។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា កិច្ចប្រជុំជ្រើសរើស និងតែងតាំងព្រះមន្ត្រីសាលាក្រុងប៉ោយប៉ែត មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធ្វើការដឹកនាំគ្រប់គ្រងបន្តទៀត ព្រោះថា រាជរដ្ឋាភិបាល បច្ចុប្បន្នត្រូវការវត្តមាន និងការចូលរួមទាំងសម្ភារ បញ្ញាញាណ ពីសំណាក់ព្រះតេជគណគ្រប់ព្រះអង្គ ដើម្បីរួមគ្នាកសាងកម្ពុជា ឲ្យក្លាយទៅជាសង្គមមួយគ្មានអំពើហិង្សា គ្មានការរំលោភសិទ្ធិសេចក្តីថ្លៃថ្នូរ និងរួមចំណែកធ្វើឱ្យសង្គមជាតិមានភាពរឹងមាំប្រកប ដោយចំណេះដឹងមានសីលធម៌គុណធម៌ ចរិយាធម៌មានសាមគ្គីជាដើម។

ព្រះវិជ័យមុនី ធុល សុធា ព្រះមេគណខេត្ត និងលោក យឹម សំណាង អភិបាលរងខេត្ត បានមានសង្ឃដីកា និងផ្តាំផ្ញើដល់ព្រះមន្ត្រីសង្ឃ នៃក្រុងប៉ោយប៉ែត ដែលត្រូវបានប្រកាសតែងតាំងនៅថ្ងៃនេះ សូមរួបរួមគ្នារក្សា សុខសន្តិភាពសាមគ្គីផ្ទៃក្នុង រម្ងាប់អធិករណ៍ដែលកើតមានឡើងព្រោះថា សាមគ្គីភាព គឺជាចលករនៃសន្តិភាព កាលណាបើសង្គមមួយ មានសាមគ្គីភាពដើរលើគន្លងតូចចង្អៀត សង្គមនោះនឹងទទួលសាមគ្គីផល ខ្សត់ខ្សោយ អត្តខាត់ តែបើសង្គមណាមានសាមគ្គីភាពល្អទូលំទូលាយប្រសើរសង្គមនោះ នឹងទទួលបាននូវសមិទ្ធផលដ៏គាប់ប្រសើរដែរ៕