(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង មាន៣បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សារំជៃ ស្ថិតក្នុងភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាខេត្ត-ស្រុ សប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានយកអស់ពីកម្លាំងកាយចិត្តខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ រួមគ្នារក្សា បាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរ។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធាន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងចូលរួមអភិវឌ្ឍសមិទ្ធផលក្នុងសាលាបឋមសិក្សារំជៃ ព្រមទាំង សមិទ្ធផលផ្សេងៗទៀត ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ឱ្យកាន់តែរីកចម្រើនជាលំដាប់។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តនូវគោលនយោបាយសំខាន់ៗ ដូចដែលមានចែងក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ផ្តោតទៅលើ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការដាក់ចេញនូវវិធានគន្លឹះសម្រាប់ពង្រឹង គុណភាពសាលារដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាឡើងទៅ។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ ការឯកភាពជាតិ ស្ថិរភាពនយោបាយ និងមានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់គង់ប្រថាប់ជាម្លប់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ និងសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយបានផ្លាស់ប្តូរមុខមាត់គួរជាទីមោទនៈ តាមរយៈការអនុវត្តប្រកបដោយជោគជ័យនូវ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ការរក្សាបាននូវសុខសន្តិភាព និងការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន រហូតមកដល់ពេលនេះ មិនមែនជារឿងចៃដន្យនោះទេ គឺជាការសម្រេចចិត្តដោយមានការគ្រោងទុកប្រកបដោយទស្សនៈ វិស័យវែងឆ្ងាយ អំពីជោគវាសនាអនាគតរបស់ប្រទេសជាតិ។

ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានផ្តល់នូវមតិផ្ដាំផ្ញើមួយដល់រដ្ឋបាលខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធរួមមាន៖

*ត្រូវចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញព្រមទាំងការពាររាល់សមិទ្ធផលសង្គមជាតិឱ្យ រឹងមាំស្ថិតស្ថេរគង់វង្ស
*អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងក៏ដូចជាអង្គភាពពាក់ព័ន្ធជុំវិញខេត្ត
*ត្រូវបន្តពង្រឹង និងលើកកម្ពស់សមត្ថភាពក្នុងការ ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយ គណនេយ្យភាព, គុណភាព ,រហ័ស និងជឿទុកចិត្ត។
*ត្រូវជំរុញចលនាផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានសកម្មតាមគ្រប់រូបភាព និងចំគោលដៅ ពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បីបានយល់ជ្រួតជ្រាប និងចូលរួមអនុវត្តប្រកបដោយជោគជ័យ។

ទន្ទឹមគ្នានេះត្រូវបង្កើនការអប់រំ បំផុសចលនានឹងលើកទឹកចិត្តឱ្យមានការចូលរួមគ្រប់សមាសភាព ពិសេសក្នុងស្រទាប់យុវជន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ស្របតាមពាក្យស្លោក«៣កុំ ១រាយការណ៍»។ អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនវិធានការអប់រំដោយដើរ ទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់ការចូលរួមគោរពអនុវត្តច្បាប់ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ត្រៀមជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗក៏ដូចជាបង្កើនការអប់រំប្រជាពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់អគ្គិភ័យមកលើផ្ទះសម្បែង ផ្សារ និងមូលដ្ឋានអាជីវកម្ម ផលិតកម្មនានាស្របជាមួយនឹងការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការផ្សព្វផ្សាយអប់រំអំពីសោភ័ណភាព អនាម័យបរិស្ថាន និងជំងឺឆ្លងរាតត្បាតនានា។

សូមគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈការត្រួតពិនិត្យគុណភាពចំណីអាហារដែលដាក់លក់នៅក្នុង សាលារៀនឱ្យបានជាប់ជាប្រចាំ។ សូមយកចិត្តទុកដាក់សុវត្ថិភាពអនាម័យក្នុងសាលារៀនស្របតាមការដាក់ចេញរបស់រាជរដ្ឋាភិបាលនូវ«យុទ្ធនាការសាលារៀនស្អាតគ្មានសំរាម» នៅទូទាំងប្រទេសចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤តទៅ ដើម្បីគាំទ្រការអនុវត្តចលនាប្រឡងប្រណាំងសាលាស្អាត របស់ក្រសួងអប់រំ យុវជន និងកីឡា។

សម្ដេចក្រឡាហោម ស ខេង បានសង្ឃឹមយ៉ាងមុតមាំថា សមិទ្ធផលខាងលើ និងឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្នុងសាលាបឋមសិក្សារំជៃ ហើយក៏សូមប្រើប្រាស់សមិទ្ធផលនេះជាប្រយោជន៍រួម និងចូលរួមថែរក្សាឱ្យគង់វង្សយូរអង្វែងផងដែរ៕