(ស្វីស)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ លោកបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគី ជាមួយ លោក Marc Pecsteen de Buytswerve ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រឺយ៍ប្រទេសបែលហ្ស៊ិក ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសបែលហ្ស៊ិក។

ក្នុងជំនួបនោះ លោកបណ្ឌិត លី ធុជ បានលើកឡើងអំពីការងារអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រមទាំងជំរុញឱ្យមានការចូលរួមជាមួយកម្ពុជា ដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។

ពាក់ព័ន្ធនឹងសកម្មភាពមីននៅកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងការថែរក្សាឱ្យបាននូវសុខសន្តិភាព និងធានានូវការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងការដោះស្រាយបញ្ហាមីន ដោយបានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្ត ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅ កម្ពុជាគ្មានមីនឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនបែលហ្ស៉ិក ដែលបានចូលរួមជួយដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ជាធ្លាប់បានជួយដល់ការងារបោសសម្អាតមីនផងដែរ ព្រមទាំងបានកំពុងជួយគាំទ្រដល់កិច្ចប្រតិបត្តិការរបស់អង្គការ APOPO (កណ្តុរហិតមីន)។

ក្នុងឱកាសនោះ តាងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី បានយាងអញ្ជើញអ្នកអង្គម្ចាស់នៃប្រទេសបែលហ្ស៊ិក ដែលជាប្រេសិតពិសេសនៃអនុសញ្ញាអូតាវ៉ា ចូលរួមក្នុងកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

តំណាងអចិន្ត្រឺយ៍ប្រទេសប៊ែលហ្សិក បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជានៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ហើយបានសន្យាផ្តល់កិច្ចសហការ និងគាំទ្រ កម្ពុជាឱ្យទទួលបានជោគជ័យទៅតាមគោលដៅដែលរំពឹងទុក។ ប្រទេសបែលហ្ស៊ិក បានសន្យានឹងជួយសិក្សាប្រមូលព័ត៌មានអំពីជំហរ លក្ខខណ្ឌនានា និងស្ថាប័នសម្រេចចិត្ត នៃប្រទេសមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញា អូតាវ៉ា ឱ្យបានចូលរួមជារដ្ឋភាគីនៃអនុសញ្ញា ក្នុងខណៈពេលកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំ៕