(កណ្តាល)៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជន និងកិច្ចការសង្គម និងជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ បានអះអាងតាមសំដីប្រជាពលរដ្ឋ នៅស្រុកកោះធំ ខេត្តកណ្តាលថា «៣ឆ្នាំហើយ មិនដែលឃើញមុខ តំណាងរាស្ត្របក្សសង្គ្រោះជាតិទេ ពួកគាត់ឈប់បោះឆ្នោត ឲ្យសង្គ្រោះជាតិទៀតហើយ»។
ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋបែបនេះ ធ្វើឡើងបន្ទាប់ពីកញ្ញា ធី សុវណ្ណថា បានរៀបចំវេទិកាសាធារណៈ (លើកទី៣១) នៅស្រុកកោះធំ ខេត្តកណ្តាល ជាមួយបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណ១៧០០នាក់។
អ្នកនយោបាយនិយម លើកឡើងថា ស្រុកកោះធំ គឺជាទីតាំងជំរុំធំរបស់គណបក្សប្រឆាំង ដែលមានការគាំទ្រខ្លាំង ប៉ុន្តែហេតុអ្វីនៅពេលនេះបែរ ជាលើកឡើងយ៉ាង ដូច្នេះវិញ។ ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋបែបនេះ ប្រហែលទំនងជាថ្នាក់ដឹកនាំរបស់បក្សប្រឆាំង មិនបានបង្ហាញពីភាពទទួលខុសត្រូវ និងផ្តល់ការចុះ សាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់មូលដ្ឋានថ្នាក់ក្រោម ធ្វើឲ្យសកម្មជនរបស់ខ្លួនបាក់ទឹកចិត្ត ទើបបងប្អូនលើកឡើងថា ឈប់បោះឆ្នោតឲ្យបក្ស ប្រឆាំងទៀតហើយ។
នៅលើបណ្តាញសង្គម Facebook របស់កញ្ញា ធី សុវណ្ណថា បានសរសេរនៅថ្ងៃអាទិត្យនេះថា «ព្រឹកនេះ វេទិកា (ទី៣១) ស្រុកកោះធំ ខេត្តកណ្តាល ពលរដ្ឋ១៧០០នាក់ ពលរដ្ឋថា៖ ៣ឆ្នាំហើយ មិនដែលឃើញមុខ តំណាងរាស្ត្របក្ស សង្គ្រោះជាតិទេ ពួកគាត់ឈប់បោះឆ្នោតឲ្យ CNRP ទៀតហើយ»៕