(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានបើកសិក្ខាសាលា អំពីវឌ្ឍនភាព នៃការរៀបចំតាក់តែងសេចក្តីព្រាងសារាចរ ស្ដីពីសុវត្ថិភាព និងសុខភាពសម្រាប់ប្រតិបត្តិការ អាជីវកម្មអណ្ដូងរ៉ែបើក ក្រោមវត្ដមានលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

លោក កែវ រតនៈ បានថ្លែងថា អាជីវកម្មធនធានរ៉ែ ត្រូវបានគេចាត់ថ្នាក់ជាសកម្មភាពសេដ្ឋកិច្ច ដែលប្រកបទៅដោយហានិភ័យខ្ពស់ផងដែរ។ ហានិភ័យទៅលើការវិនិយោគក្នុងការស្វែងរុករករ៉ែ វាជាហា- និភ័យមួយ ទន្ទឹមនឹងនេះគ្រោះថ្នាក់ដែលកើតមាននៅការដ្ឋានរ៉ែក៏ជាបញ្ហាប្រឈមផងដែរ ដែលមាន សណ្ឋានខុសគ្នាដូចជា របួសស្រាល របួសធ្ងន់ ឬអាចឈានទៅដល់ការបាត់បង់ជីវិតទៀតផង។ បញ្ហាទាំងនេះបានដាក់បន្ទុកធ្ងន់លើ រាជរដ្ឋាភិបាល ក្រុមហ៊ុនរ៉ែ និងភាគីពាក់ព័ន្ធ ដែលទាមទារឱ្យមានការរៀបចំធានា ឱ្យបាននូវការធ្វើប្រតិបត្តិការធនធានរ៉ែដែលប្រកបទៅដោយសុវត្ថិភាពខ្ពស់ស្របតាមបទដ្ឋាននិងស្ដង់ដាអន្តរជាតិ។

លោករដ្ឋមន្រ្តីបានគូសរំលេចថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ក្រសួង រ៉ែនិងថាមពល និងថ្នាក់ដឹកនាំទទួល បន្ទុកវិស័យរ៉ែបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យរ៉ែប្រកប ដោយនិរន្តរភាព ការគ្រប់គ្រងចំណូលជាតិពីវិស័យរ៉ែ និងលើកស្ទួយការការពារបរិស្ថាននិងសង្គម ហើយ ការយកចិត្តទុកដាក់នេះ ត្រូវបានឆ្លុះបញ្ចាំង តាមរយៈការរៀបចំលិខិតបទដ្ឋានគតិយុត្តបច្ចេកទេសសំខាន់ៗ ដើម្បីទប់ស្កាត់ និងបញ្ចៀសលើហានិភ័យនានាដែលពាក់ព័ន្ធនឹងសុខភាព និងសុវត្ថិភាពសម្រាប់ប្រតិបត្តិ ការធនធានរ៉ែគ្រប់ប្រភេទ។ ហេតុនេះហើយនាពេលថ្មីៗនេះ ក្រសួងរ៉ែ និងថាមពលបានរៀបចំបញ្ចប់សេចក្តី ព្រាងសារាចរស្តីពី «សុវត្ថិភាព និងសុខភាព សម្រាប់ប្រតិបត្តិការអាជីវកម្មអណ្ដូងរ៉ែប៊ើក» ដើម្បីដាក់ឱ្យអនុវត្ត ក្នុងគោលបំណងទប់ស្កាត់គ្រោះថ្នាក់ក្នុងការដ្ឋាន ធានាសុខុមាលភាព អ្នកបំពេញ ការងារក្នុងការដ្ឋាន កាត់បន្ថយផលប៉ះពាល់ជាអតិបរមាលើបរិស្ថាននិងសង្គម និងធានាឱ្យបានការធ្វើប្រតិបត្តិការអាជីវកម្មរ៉ែត្រូវ បានធ្វើឡើងតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។

លោករដ្ឋមន្រ្តី កែវ រតនៈ បានគូសបញ្ជាក់លើចំណុចសំខាន់ៗមួយចំនួនដែលអង្គសិក្ខាសាលា គួរផ្តោតការយកចិត្តទុកដាក់ខ្ពស់ រួមមាន៖ (១) វិធានការការពារគ្រោះថ្នាក់ និងហានិភ័យ (២) សិទ្ធិនិងការ ទទួលខុសត្រូវ របស់និយោជិតរ៉ែ និងគណៈគ្រប់គ្រងសុវត្ថិភាព (៣) ការគ្រប់គ្រងនិងប្រើប្រាស់រំសេវជាតិផ្ទុះ និងសារធាតុគីមី។ លើសពីនេះទៀត ដោយហេតុថាសិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងប្រមូល ធាតុចូលបន្ថែម ខ្ញុំសូមលើកទឹកចិត្តដល់ការសួរដេញដោល និងពិគ្រោះយោបល់ លើចំណុចទាំងឡាយផ្សេងទៀត ដើម្បីកែលម្អខ្លឹមសារនៃសេចក្ដីព្រាងសារាចរនេះឱ្យកាន់តែប្រសើរឡើង និងមានតម្លាភាពជាមួយនឹងវិស័យឯកជន។

បន្ថែមពីនេះទៀតដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្ត តំណាងក្រុមហ៊ុន និងសហគ្រាស ត្រូវចូល រួមអនុវត្តនូវចំណុចគន្លឹះនិងកាតព្វកិច្ចនានា ដែលបានកំណត់នៅក្នុងសេចក្តីព្រាងសារាចរនេះ ទាំងការ តម្រូវលើការងារ បច្ចេកទេស ការងារជំនាញរបស់និយោជិតរ៉ែក្នុងប្រតិបត្តិការធនធានរ៉ែ និងត្រូវទទួលយកនូវការបណ្តុះបណ្តាលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពសម្រាប់ប្រតិបត្តិការអាជីវកម្មអណ្ដូងរ៉ែ ព្រមទាំងត្រូវចូលរួមជាមួយ រាជរដ្ឋាភិបាលនូវគ្រប់យន្តការនៃការកែទម្រង់។

លោក អ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានលើកឡើងថា វិស័យរ៉ែ បានដើរតួនាទី ក្នុងការចូលរួមចំណែកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ចូលរួមអភិវឌ្ឍសហគមន៍ មូលដ្ឋានកាត់បន្ថយភាពក្រីក្រដោយផ្ដល់ការងារ ជូនប្រជាពលរដ្ឋក្នុងតំបន់ និងបានបង្កើនចំណូលជាតិ តាមរយៈការបង់សួយសារ និងពន្ធអាករផ្សេងៗទៀត។ លោកបានឲ្យដឹងថា ទន្ទឹមនឹងមានការកើនឡើង នូវតម្រូវការប្រើប្រាស់ធនធានរ៉ែ ការដ្ឋានអណ្ដូងរ៉ែបើក ក៏មានការកើនឡើងគួរជាទីកត់សំគាល់។

លោកថា ប្រការនេះ ទាមទារឲ្យមាននូវគោលការណ៍សុវត្ថិភាព និងសុខភាពជាមូលដ្ឋានចាំបាច់ សម្រាប់សម្បទានិក ដែលធ្វើប្រតិបត្តិការធនធានរ៉ែ អាជីវកម្មអណ្ដូងរ៉ែបើកទាំងអស់អនុវត្ត និងប្រតិបត្តិឲ្យបានហ្មត់ចត់ ដើម្បីបង្ការទប់ស្កាត់ហានិភ័យនានា ដែលអាចកើតមានជាយថាហេតុ ក្នុងការដ្ឋានអណ្ដូងរ៉ែបើក។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ ក្រសួងរ៉ែ និងថាមពល បានចាប់ផ្ដើមរៀបចំតាក់តែងសេចក្តីព្រាងសារាចរ ស្ដីពីសុវត្ថិភាព និងសុខភាពសម្រាប់ប្រតិបត្តិការអាជីវកម្មអណ្ដូងរ៉ែបើកឡើង កាលពីចុងឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ដើម្បីជំរុញឲ្យការធ្វើប្រតិបត្តិការអាជីវកម្មរ៉ែស្របតាមបទដ្ឋានបច្ចេកទេស ទប់ស្កាត់គ្រោះថ្នាក់ក្នុងការដ្ឋាន ធានាសុខុមាលភាពអ្នកបំពេញការងារក្នុងការដ្ឋាន កាត់បន្ថយផលប៉ះពាល់ជាអតិបរមាលើបរិស្ថាននិងសង្គម និងធានាការស្តារការដ្ឋានឡើងវិញឱ្យបានត្រឹមត្រូវ ក្រោយបញ្ចប់អាជីវកម្ម។

បើតាមលោក អ៉ឹង ឌីប៉ូឡា, ក្រុមការងារក្រសួងរ៉ែ និងថាមពល បានរៀបចំកិច្ចប្រជុំពិនិត្យនិងពិភាក្សាកម្រិតបច្ចេកទេសនិងកម្រិតថ្នាក់ដឹកនាំជាច្រើនលើកច្រើនសារ និងបានចុះទស្សកិច្ចសិក្សាអំពីការអនុវត្តផ្ទាល់ នៅតាមការដ្ឋានធ្វើប្រតិបត្តិការអាជីវកម្មអណ្ដូងរ៉ែដើម្បីជាធាតុចូលក្នុងការរៀបចំសេចក្ដីព្រាងសារាចរនេះ បានចំនួន ៣ខេត្ត ដែលក្នុងនោះមានខេត្តកំពត (ការដ្ឋានថ្មកំបោររបស់រោងចក្រស៊ីម៉ងត៍ Kampot Cement និងការដ្ឋានថ្មកំបោររបស់រោងចក្រ Chip Mong Insee Cement ព្រមទាំងការដ្ឋានផលិតថ្មមួយការដ្ឋាន) ខេត្តក្រចេះ (ការដ្ឋានថ្មអារនៅតំបន់ស្វាយជ្រះ ស្រុកស្នួល) និងខេត្តមណ្ឌលគិរី (ការដ្ឋានអណ្ដូងរ៉ែបើករបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited)។

ក្រុមការងារបានផ្តោតលើចំណុចសំខាន់ៗពាក់ព័ន្ធនឹងសុវត្ថិភាព និងលក្ខខណ្ឌលិខិតអនុញ្ញាតនៃការកំណត់ពីបរិមាណគ្រឿងផ្ទុះដែលត្រូវប្រើប្រាស់សម្រាប់ប្រតិបត្តិការធនធានរ៉ែ និងកាតព្វកិច្ចរបស់និយោជិតរ៉ែ ពាក់ព័ន្ធនឹងរចនាសម្ព័ន្ធគ្រប់គ្រងនៅក្នុងការដ្ឋានអណ្ដូងរ៉ែបើក ដើម្បីធានាការរក្សាសុខភាព និងសុវត្ថិភាពរបស់កម្មករនិយោជិត មនុស្ស និងសត្វនៅក្នុងការដ្ឋានអណ្ដូងរ៉ែបើក និងនៅតំបន់ជុំវិញការដ្ឋាន។

សេចក្ដីព្រាងសារាចរនេះ មាន ១៧ចំណុចសំខាន់ៗ ដែលចែងអំពី
(១)៖ វិធានការការពារគ្រោះថ្នាក់ និងហានិភ័យ
(២)៖ សិទ្ធិនិងការទទួលខុសត្រូវរបស់និយោជិតរ៉ែ និងគណៈគ្រប់គ្រងសុវត្ថិភាព
(៣)៖ លើកកម្ពស់ការការពារសុវត្ថិភាព
(៤)៖ អប់រំនិងបណ្ដុះបណ្ដាលសមត្ថភាព
(៥)៖ ការការពារគ្រោះថ្នាក់នៅទីតាំងអណ្ដូងរ៉ែបើក
(៦)៖ ការទប់ស្កាត់ការបំពុល
(៧)៖ ការគ្រប់គ្រងនិងប្រើប្រាស់សារធាតុគីមី
(៨)៖ ការទប់ស្កាត់គ្រោះថ្នាក់បណ្ដាលមកពីចរន្ដអគ្គិសនី
(៩)៖ ការការពារគ្រោះថ្នាក់ចំពោះសារធាតុផ្ទុះនិងគ្រឿងបំផ្ទុះ និងការបំផ្ទុះ
(១០)៖ ប្រតិបត្តិការខួងរណ្ដៅបំផ្ទុះ
(១១)៖ ការកាយយក ការលើកដាក់ និងការដឹកជញ្ជូនរ៉ែ
(១២)៖ វិធានសុវត្ថិភាពក្នុងការបើកបរក្នុងការដ្ឋានអណ្ដូងរ៉ែបើក
(១៣)៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងការដ្ឋានអណ្ដូងរ៉ែបើក
(១៤)៖ ការដឹកជញ្ជូនរ៉ែ
(១៥)៖ សុខុមាលភាពនៅការដ្ឋានអណ្ដូងរ៉ែបើក
(១៦)៖ ការសង្គ្រោះបឋម
និង(១៧) ការបិទនិងការស្ដារនីតិសម្បទាការដ្ឋានអណ្ដូងរ៉ែបើក៕