(ពោធិ៍សាត)៖ មន្ទីររ៉ែ និងថាមពល ខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺចំពោះការចុះផ្សាយព័ត៌មាន ដោយបានផ្តិតយករូបភាពសកម្មភាពការដ្ឋានខ្សាច់ ដែលមានទីតាំងស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងបានចុះផ្សាយថា ការដ្ឋានបូមខ្សាច់កំពុងធ្វើសកម្មភាពគគ្រឹកគគ្រេងនៅស្រុកភ្នំក្រវាញ ដោយមិនខ្វល់អំពីបទបញ្ហារបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

ពាន់ព័ន្ធនឹងការលើកឡើងរបស់ភ្នាក់ងារសារព័ត៌មានខាងលើ មន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់សូមធ្វើការឆ្លើយបំភ្លឺជូនសាធារណជនដូចខាងក្រោម៖

ទី១៖ ចំពោះការដ្ឋានបូមខ្សាច់របស់សហគ្រាស ជ័យ សាម៉ាក់ (មុំ បូផាន់) មានអាជ្ញាបណ្ណលេខ ០១៤២ រថ.អធរ,អប ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងនិងថាមពល ដែលអនុញ្ញាតឱ្យសហគ្រាសធ្វើអាជីវកម្មបូមខ្សាច់តាមដងស្ទឹង នៅភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មុនពេលដែល ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល បានចេញលិខិតលេខ ៩៩៦០ រថ.អរស ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ស្តីពីការផ្អាកបណ្តោះអាសន្ន ក្នុងការផ្តល់អាជ្ញាបណ្ណសម្រាប់ធ្វើអាជីវកម្ម ខ្សាច់តាមដងទន្លេ/ស្ទឹង ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ទី២៖ ចំពោះការដ្ឋានខ្សាច់បករបស់លោកស្រី ប៊ូ ចន្ធី (តាជា) មានអាជ្ញាបណ្ណសិប្បកម្មលេខ ៣៤៣៨/២៣ ខពស ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលអនុញាត ឱ្យលោកស្រីធ្វើអាជីវកម្មខ្សាច់បក នៅភូមិអន្លង់ប៉ែន ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន គឺលោកស្រី បូ ចន្ធី (តាជា) បានធ្វើសកម្មភាពអាជីវកម្មខ្សាច់បកនៅភូមិសាស្ត្រខាងលើ គឺមិនមែនបូមខ្សាច់តាមដងស្ទឹង ដូចការចុះផ្សាយរបស់គេហទំព័រពេញចិត្ត មេឌា នោះឡើយ។

ទី៣៖ ចំពោះការដ្ឋានខ្សាច់បករបស់លោកស្រី ឡា វណ្ណនី (ហួត បញ្ញាវុធ ហៅតាពងទា) មាន អាជ្ញាបណ្ណសិប្បកម្មលេខ ៥៦០៧/២៣ ខពស ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រដ្ឋបាល ខេត្តពោធិ៍សាត់ ដែលអនុញាតឱ្យលោកស្រីធ្វើអាជីវកម្មខ្សាច់បក នៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នគឺលោកស្រីឡា វណ្ណនី (ហួត បញ្ញាវុធ ហៅតាពងទា) បានធ្វើសកម្មភាព អាជីវកម្មខ្សាច់បកនៅភូមិសាស្ត្រខាងលើ គឺមិនមែនបូមខ្សាច់តាមដងស្ទឹង ដូចការចុះផ្សាយរបស់គេហទំព័រ ពេញចិត្ត មេឌា នោះឡើយ។

ទី៤៖ ចំពោះការដ្ឋានខ្សាច់បករបស់លោក ធឹងវែង ងួនហួត មានអាជ្ញាបណ្ណសិប្បកម្មលេខ ០៣៦០/២៤ ខពស ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលអនុញាត ឱ្យលោកធ្វើអាជីវកម្មខ្សាច់បក នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នគឺលោក ជើងវែង ងួនហួត បានធ្វើសកម្មភាពអាជីវកម្មខ្សាច់បកនៅភូមិសាស្ត្រខាងលើ គឺមិនមែន បូមខ្សាច់តាមដងស្ទឹង ដូចការចុះផ្សាយរបស់គេហទំព័រពេញចិត្ត មេឌា នោះឡើយ។

ក្នុងករណីស្នើសុំធ្វើសកម្មភាពអាជីវកម្មបូមខ្សាច់តាមដងស្ទឹង មន្ទីររ៉ែ និងថាមពល ខេត្តពោធិ៍សាត់ ពុំបានចេញអាជ្ញាបណ្ណថ្មីនោះទេ បន្ទាប់ពីក្រសួងរ៉ែ និងថាមពលបានចេញលិខិតលេខ ៩៩៦០ រថ.អរស ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ស្តីពីការផ្អាកបណ្តោះអាសន្នក្នុងការផ្តល់អាជ្ញាបណ្ណសម្រាប់ធ្វើអាជីវកម្ម ខ្សាច់តាមដងទន្លេ/ស្ទឹង ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ ហើយការធ្វើអាជីវកម្មដែលកំពុងដំណើការនេះគោរពតាមលិខិតបទដ្ឋានគតិយុត្តិ និងមានភាពអនុលោមពេញលេញ៕