(ភ្នំពេញ)៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានអនុវត្តន៍គម្រោង «ការអភិវឌ្ឍន៍បច្ចេកវិទ្យាប្រកបដោយ ភាតរៈភាពបរិស្ថានសម្រាប់ផលិតកម្មដំណាំបន្លែ» ដែលមានរយៈពេល៣ឆ្នាំ (២០២១ ដល់២០២៣) ក្រោមកិច្ចសហការ និងគាំទ្រថវិកា ដោយកម្មវិធីអភិវឌ្ឍន៍កសិកម្មអន្តរជាតិកូរ៉េ ប្រចាំនៅកម្ពុជា (KOPIA)។

គម្រោងនេះ មានគោលបំណង បង្កើនទិន្នផលដំណាំបន្លែ និងចំណូលរបស់កសិករ តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ដូចជាកាត់បន្ថយការប្រើប្រាស់ថ្នាំពុលកសិកម្ម និងជីគីមីតាមរយៈការដាំដុះបន្លែ ក្នុងផ្ទះសំណាញ់ ជាមួយនឹងការប្រើប្រាស់បច្ចេកទេសថ្មីៗ រួមមាន៖

(១)៖ ការដាំដំណាំគំរបដី មុននិងក្រោយពេលប្រមូលផលដំណាំបន្លែ រួមជាមួយការដាក់ជីកំប៉ុស្ត និងធ្យូងអង្កាម ដើម្បីកែប្រែគុណភាពដី
(២)៖ ការប្រើប្រាស់បច្ចេកទេសស្រោចស្រព និងដាក់ជីដោយប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីសន្សំសំចៃទឹក ពេលវេលា និងកម្លាំងពលកម្ម
(៣)៖ ការប្រើប្រាស់ប្រព័ន្ធចំហាយទឹក និងស្បៃម្លប់ ដើម្បីកាត់បន្ថយកម្តៅក្នុងផ្ទះសំណាញ់
(៤)៖ ការបំបៅកូនដំណាំបន្លែដោយប្រើប្រាស់ជើងទម្ររដែលធន់នឹងជំងឺក្នុងដី
(៥)៖ ផ្សព្វផ្សាយបច្ចេកទេសដាំដុះដំណាំបន្លែ ទៅកាន់កសិករតាមរយៈវគ្គបណ្តុះបណ្តាល និងទិវារស្រែបង្ហាញ។

តាមរយៈការអនុវត្តគម្រោងរយៈពេល ០៣ឆ្នាំកន្លងមក គម្រោង សម្រេចបាននូវលទ្ធផលមួយចំនួនដូចជា៖ បានជ្រើសរើសស្រឡាយត្រប់ និងពូជល្ពៅសម្រាប់ធ្វើជាជើងទម្ររ បានចំនួន ០២ ស្រឡាយ។
លើសពីនេះ ក្រោយទទួលយកបច្ចេកទេសដាំដុះរបស់គម្រោង កសិករស្ម័គ្រចិត្ត អនុវត្តគម្រោងបានបង្កើនផលិតភាពដាំដុះ បានប្រមាណ ៦៣% (ពីការដាំដុះ៤ដង ក្នុងមួយឆ្នាំ ទៅ៦ដងក្នុងមួយឆ្នាំ) និងអាចបង្កើនចំណូលដុលច្រើនជាងការដាំដុះនៅទីវាល រហូតដល់៦ដង ។ ទន្ទឹមនឹងនេះកសិករ អាចកាត់បន្ថយការប្រើប្រាស់ថ្នាំពុលកសិកម្ម និងជីគីមីបានប្រមាណ៥៦%។

ស្របពេលជាមួយគ្នានេះដែរ គម្រោងបានបណ្តុះបណ្តាលកសិករស្តីពីបច្ចេកទេសដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ បានចំនួន ៣៤០នាក់ (ស្រី ២៥០នាក់) បោះពុម្ពអត្ថបទវិទ្យាសាស្រ្តបានចំនួន ០២ សៀវភៅណែនាំបច្ចេកទេសស្តីពី «ការគ្រប់គ្រងផ្ទះសំណាញ់សម្រាប់ ការដាំ ដុះ ដំណាំ បន្លែ» និង «បច្ចេកទេសបំបៅកូនដំណាំបន្លែ» បានចំនួន២ និងផលិតវីឌីអូផ្សព្វផ្សាយស្តីពី លទ្ធផលស្រាវជ្រាវរបស់គម្រោង បានចំនួន១ផងដែរ។

បណ្ឌិត គង់ គីណែត ប្រធានភ្នាក់ងារអនុវត្តគម្រោងនៃវិទ្យាស្ថានកាឌី តាមរយៈការអនុវត្តន៍គម្រោងរយៈពេល ០៣ឆ្នាំកន្លងមក យើងទទួលបានលទ្ធផលស្រាវជ្រាវមួយចំនួនដូចជា៖

(១)៖ ការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់
(២)៖ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព សំណើម ការស្រោចស្រព និងដាក់ជីដោយស្វ័យប្រវត្តិ
(៣)៖ បច្ចេកទេសបំបៅកូនដំណាំ (ត្រសក់ ប៉េងប៉ោះ) ជាមួយជើងទម្ររដែលមានភាពធន់ទ្រាំទៅនឹងជំងឺក្នុងដី
(៤)៖ ការប្រើប្រាស់ជីស្រស់ ធ្យូងអង្កាមនិងកំប៉ុស្ត ដើម្បីកែប្រែគុណភាពដី បច្ចេកទេសទាំងនេះយើងបាន ផ្ទេរ ជូនកសិករ តាមរយៈការរៀបចំវគ្គបណ្តាល ទិវារស្រែបង្ហាញ និងចែកជូន សៀវភៅណែនាំបច្ចេកទេស និងផលិតវីឌីអូផ្សព្វផ្សាយ ដែលបានចងក្រងដោយគម្រោងក្នុងគោលបំណងជួយកសិករក្នុងការបង្កើនផលិតភាពដាំដុះ គុណភាពបន្លែ និងប្រាក់ចំណូល។

នាពេលអនាគតក្រុមការងាររបស់វិទ្យាស្ថាន នៅតែបន្តការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ និងបច្ចេកទេសទៅដល់កសិករបន្តទៀត បើទោះបីជាគម្រោងបានបញ្ចប់ទៅហើយក្តី។

លោក Song, Young-Ju ប្រធាន KOPIA ប្រចាំនៅកម្ពុជា បានថ្លែងថា គម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាប្រកបដោយភាតរៈបរិស្ថានសម្រាប់ផលិតកម្មដំណាំបន្លែ ដែលបានសហការណ៍ជាមួយវិទ្យាស្ថានកាឌី បានទទួលនូវសមិទ្ធិផលមួយចំនួន ដែលអាចធ្វើការផ្សព្វផ្សាយជូនដល់កសិករនាពេលអនាគតបន្ថែមទៀត។ មជ្ឈមណ្ឌលKOPIA នឹងធ្វើការជួយឧត្ថម្ភគាំទ្រជាបន្ត ប្រសិនបើមានគម្រោងបែបនេះ នាពេលខាងមុខ»៕