(ភ្នំពេញ)៖ ស្រាបៀរកម្ពុជានឹងនាំអតិថិជនឆ្នើម ប្រចាំឆ្នាំ២០១៦ចំនួន២៩៦រូប ទៅកម្សាន្ត នៅប្រទេសថៃ រយៈពេលចំនួន២ថ្ងៃរហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ដើម្បីថ្លែងអំណរគុណពួកគាត់ ដែលខិតខំលក់ស្រាបៀរកម្ពុជាកន្លងមក។
អតិថិជនឆើ្នមប្រចាំឆ្នាំ២០១៦ រួមមានអ្នកលក់ដុំ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្លឹបកម្សាន្ត និងម្ចាស់មជ្ឍមណ្ឌលកម្សាន្តផ្សេងៗ ដែលដាក់លក់ស្រាបៀរកម្ពុជា។ គោលដៅសំខាន់ៗក្នុងដំណើរកម្សាន្តនេះ រួមមាន កសិដ្ឋានចៀមស្វីស ចម្ការទំពាំងបាយជូដ៏ល្បី ប្រចាំខេត្តហួហីន និងវេនេស៊ៀ ដែលជាទីក្រុងសប្បនិមិ្មត របស់ប្រទេសអ៉ីតាលី នៅក្នុងប្រទេសថៃ។
លោក ប្រឹម ហៀង ម្ចាស់ភោជនីយដ្ឋានសាច់អាំងហេង មែន បានលើកឡើងដឹងថា «ខ្ញុំធ្លាប់ទៅកម្សាន្តនៅប្រទេសថៃជាច្រើនដងហើយ ជាមួយក្រុមគ្រួសារខ្ញុំ តែខ្ញុំមិនដែលបានទៅទីតាំងក្នុងដំណើរកម្សាន្ត ដែលក្រុមហ៊ុនរៀបចំនេះទេ ខ្ញុំពិតជាសប្បាយចិត្តដែលបានស្គាល់កន្លែងប្លែកៗ ហើយជាពិសេសទៀតនោះ គឺខ្ញុំអាចបង្កើនទំនាក់ទំនង និងពិភាក្សាការរកស៊ី មួយម្ចាស់ហាងផ្សេងៗទៀតផងដែរ»។
លោកស្រីចេង រ៉ា ម្ចាស់ហាងលក់ភេសជ្ជៈចេង រ៉ា ដែលលក់ដុំស្រាបៀរកម្ពុជាបានឲ្យដឹងថា «នេះជាលើកទីពីរហើយ ដែលខ្ញុំបានចូលរួមដំណើរកម្សាន្តជាមួយក្រុមហ៊ុន ខ្ញុំសូមអរគុណក្រុមហ៊ុនដែលបានរៀបចំដំណើរកម្សាន្តនេះឡើង ហើយខ្ញុំនឹងខំប្រឹងលក់ស្រាបៀរកម្ពុជាបន្តទៀត ដើម្បីភាពរីកចម្រើនទាំងអស់គ្នា»។
លោក ភីតធឺ លាង អគ្គនាយកក្រុមហ៊ុនខែ្មរប្រ៊ូវើរី លីមីតធីត ដែលផលិតស្រាបៀរកម្ពុជាបានឲ្យដឹងផងដែរថា «ដំណើរកម្សាន្តនេះអាចកើតមានឡើង ដោយសារការពួតដៃ ប្រឹងប្រែងជាមួយគ្នាររវាងក្រុមហ៊ុន និងអ្នកលក់របស់យើង ដោយអ្នកលក់ខំលក់ ខណៈក្រុមហ៊ុនខំជំរុញពីក្រោយ តាមរយៈការរៀបចំ និងឧបត្ថម្ភកម្មវិធីពិសេសផ្សេងៗ»។
គួររម្លឹកថា នេះជាលើកទីពីរហើយ ដែលស្រាបៀរកម្ពុជា បាននាំអតិថិជនឆ្នើមរបស់ខ្លួន ទៅកម្សាន្តនៅបរទេស ហើយដំណើរកម្សាន្ត នៅឆ្នាំ២០១៥ គឺទៅប្រទេសម៉ាឡេស៊ី និងទីក្រុងហុងកុង៕