(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលប្រកបមុខរបរធ្វើ ស្រែប្រាំង បានសំណូមពរដល់អាជ្ញាធរជួយផ្សព្វផ្សាយ និងចាត់វិធានការឲ្យបានតឹងរ៉ឹង ចំពោះសត្វគោក្របី ដែលត្រូវបានលែង ឲ្យដើរស៊ីអនាធិបតេយ្យ និងបានមកស៊ីផលដំណាំស្រូវរបស់ពួកគាត់នៅគ្រប់ទីកន្លែង។
បើតាមប្រជាពលរដ្ឋ បានបញ្ជាក់ឲ្យដឹងថា ហ្វូងគោក្របីដែលត្រូវបានម្ចាស់លែងឲ្យដើរស៊ីយ៉ាងអនាធិបតេយ្យខាងលើនេះ គឺភាគច្រើនមកពីខេត្តកំពង់ធំ ដែលមានព្រំប្រទល់ជាប់នឹងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
រីឯមួយហ្វុងគោក្របីមួយចំនួនទៀត គឺមកពីឃុំច្រណុក ក្នុងស្រុកកំពង់លែង ដែលម្ចាស់ដេញយកមកលែងចោល ហើយម្ចាស់ដើររកចាប់ត្រី ឬធ្វើកិច្ចការអ្វីផ្សេងៗ ដោយទុកឲ្យហ្វូងគោក្របី ដើរស៊ីរហេតរហូត និងបានចូលទៅស៊ី ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលខំសាបព្រោះ ម្យ៉ាងទៀតនោះ គឺប្រជាពលរដ្ឋមួយចំនួន ទើបតែបានការអនុញ្ញាតពីរាជរដ្ឋាភិបាលឲ្យធ្វើស្រែក្នុងតំបន់៣ បានតែមួយរដូវប៉ុណ្ណោះ។
ហេតុនេះ ទើបពួកគាត់បានស្នើសុំដល់អាជ្ញាធរមូលដ្ឋានឃុំផ្លូវទុក ធ្វើយ៉ាងណាសហការជាមួយអាជ្ញាធរខេត្តកំពង់ធំ ដែលមានព្រំប្រទល់ជាប់នឹងឃុំផ្លូវទូក ដើម្បីរួមគ្នាទប់ស្កាត់ឲ្យបានចំពោះម្ចាស់គោក្របីដែលបានលែងសត្វគោក្របី អានាធិបតេយ្យបណ្ដែតបណ្ដោយឲ្យស៊ីដំណាំស្រូវរបស់ប្រជាពលរដ្ឋស្ទើររាល់ថ្ងៃ ធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់ពួកគាត់ ដែលអ្នកខ្លះទើបតែបានការអនុញ្ញាតពីរាជរដ្ឋាភិបាល អនុញ្ញាតឲ្យធ្វើស្រែក្នុងដីតំបន់៣ បានតែមួយរដូវនេះផង។
ពាក់ព័ន្ធទៅនឹងការស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ ក្នុងឃុំផ្លូវទូកចំពោះសង្គរក្របី ដែលចូលបំផ្លិចបំផ្លាញដំណាំស្រូវរបស់ពួកគាត់ខាងលើនេះ លោក ប៉ាត់ គន មេឃុំផ្លូវទូក បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ហ្វូងគោក្របីទាំងអស់ ដែលម្ចាស់បានលែងឲ្យដើរស៊ីរហេតរហូតខាងលើនេះ គឺមកពីស្រុកមួយចំនួនក្នុងខេត្តកំពង់ធំ ក្នុងនោះមានស្រុកកំពង់ស្វាយ ស្រុកស្ទោង ស្រុកស្ទឹងសែន និងមួយចំនួនទៀតមកពីឃុំច្រណូក ក្នុងស្រុកកំពង់លែង កន្លងមកលោកក៏តែងបានផ្ដាំផ្ញើទៅអាជ្ញាធរមួយចំនួនក្នុងខេត្តកំពង់ធំផងដែរពាក់ព័ន្ធនឹងបញ្ហានេះ។
តាមរយៈបណ្ដាញព័ត៌មាននេះផងដែរ លោកមេឃុំ ក៏បានសំណូមពរដល់ម្ចាស់គោក្របីទាំងអស់ ដែលកន្លងមកបានលែងឲ្យដើរស៊ីបែបអណាធិបតេយ្យ បណ្ដែតបណ្ដោយឲ្យស៊ីដំណាំស្រូវរបស់ប្រជាពលរដ្ឋ ក្នុងឃុំផ្លូវទូក សូមមេត្តាឃ្វាលនឹងមើលថែទាំអត់បានត្រឹមត្រូវផង បើមិនដូច្នោះទេចាប់ ពីពេលនេះទៅគោក្របីណា ដែលចូលស៊ីដំណាំស្រូវរបស់ប្រជាពលរដ្ឋ បើម្ចាស់ដំណាំស្រូវចាប់បាន គឺត្រូវពិន័យក្នុងមួយក្បាលមួយលានរៀល៕