(កំពង់ស្ពឺ)៖ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្ទេរ និងប្រគល់សំណងតប របស់អង្គការសហប្រជាជាតិ ដល់យោធិនរបួស និងពលីកម្ពុជា នៅក្នុងតំបន់បេសកកម្ម រួមទាំងសំណេះសំណាលជូនដំណើរកងកម្លាំងវិស្វកម្មពហុជំនាញលេខ៨៣៦ ប្តូរវេនទៅកាន់តំបន់បេសកកម្ម នៅសាធារណរដ្ឋលីបង់ UNIFIL នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍របស់នាយឧត្តមនាយសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា អនុសេនីយ៍ទោ អ៉ិត សិលា ជាប្រធានក្រុមបោសសំអាតមីន នៃកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៩២៨ បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារផ្ទុះគ្រាប់មីន នៅសាធារណរដ្ឋលីបង់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ អំឡុងពេលសម្រាកព្យាបាល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានផ្តល់ប្រាក់ឧបត្ភម្ថចំនួន ៥០,០០០ដុល្លារ ខណៈថ្ងៃនេះអនុសេនីយ៍ទោ អ៉ិត សិលា បានទទួលសំណងតប ពីអង្គការសហប្រជាជាតិចំនួន ៧៣,៩២០ដុល្លារអាមេរិកបន្ថែមផងដែរ។
ចំណែកវរសេនីយ៍ទោ ភឿក ជីវ័ន្ត មេបញ្ជាការរង កងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានពលីជីវិតក្នុងតំបន់បេសកកម្មនៅសាធារណរដេ្ឋម៉ាលី និងទទួលបានថវិកាចំនួន ៧៧,០០០ដុល្លារអាមេរិក និងថវិកាដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ១០,០០០ដុល្លារផងដែរ។ នេះជាការលះបង់ដ៏ធំធេង មិនអាចកាត់ថ្លៃរបស់យុទ្ធជនទាំងពីរ ដើម្បីបុព្វហេតុសុខសន្តិភាពរបស់មនុស្សជាតិ។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងមុតមាំថា ការពលីជីវិតរបស់វីរយុទ្ធជនយើង កាន់តែធ្វើឱ្យកម្ពុជាមានឆន្ទៈបន្តដំណើរទៅមុខទៀត រួបរួមជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំង ពុះពារស្វែងរកសុខសន្តិភាពជូនប្រជាជនដែលកំពុងរងគ្រោះដោយសារជម្លោះ ដូចប្រទេសកម្ពុជា ដែលធ្លាប់ធ្លាក់ចុះក្នុងសង្រ្គាមដ៏រ៉ាំរ៉ៃអស់ជិត៣ទសវត្សរ៍។
ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករឭកពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចតែងសួរនាំពីកិច្ចការបញ្ជូនកងកម្លាំងមួកខៀវកម្ពុជា។
ឧបនាយករដ្ឋមន្រ្តី បានសម្តែងការដឹងគុណចំពោះកងកម្លាំងរក្សាសន្តិភាព ទាំងបុគ្គលិកស៊ីវិល ប៉ូលីស និងយោធា ដែលបានលះបង់ដើម្បីជាតិមាតុភូមិ។
ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ក៏បានសំណេះសំណាល និងជូនដំណើរកងវិស្វកម្មពហុជំនាញលេខ៨៣៦ ផងដែរ។ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលត្រៀមចេញដំណើរប្តូរវេននាពេលនេះនឹងក្លាយជាសមាជិក អសប និងជាគំរូ ក្នុងការជួុយស្វែងរកសុខសន្តិភាពជូនពិភពលោក។
កងវិស្វកម្មពហុជំនាញលេខ៨៣៦ នឹងធ្វើការប្តូរវេនជាលើកទី១៤ ជាមួយកងអនុសេនាធំវិស្វកម្មពហុជំនាញ ទៅកាន់សាធារណរដ្ឋលីបង់ ដើម្បីបន្តអនុវត្តភារកិច្ចតាមការដាក់ចេញរបស់បេសកកម្ម UNIFIL និងដើម្បីបន្តចូលរួមចំណែកក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍជូនដល់ប្រជាជនលីបង់។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា វិស្វកម្មពហុជំនាញលេខ៨៣៦ បានឆ្លងកាត់ការហ្វឹកហ្វឺនតាមបទដ្ឋានរបស់អង្គការសហប្រជាជាតិ ទាំងការហ្វឹកហ្វឺនទូទៅ និងការហ្វឹកហ្វឺនស្នូល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងតំបន់បេសកកម្ម។
នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែម កងនេះនឹងដឹកនាំដោយមេកងជានារី ដែលជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តរបស់ អង្គការសហប្រជាជាតិ សំដៅលើកម្ពស់ស្ត្រីទាំងបរិមាណ និងគុណភាព ដើម្បីចូលរួមប្រដមប្រសមជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងក្នុងតំបន់បេសកកម្ម និងជាការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកការចូលរួមរបស់ស្រ្តីឱ្យបានលើសពី២០% ទាំងក្នុងកង និងជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។
មកដល់ពេលនេះ កម្ពុជាបានបញ្ជូនកម្លាំងចូលរួមបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ សរុបចំនួន ៩,២៨១នាក់ ដែលក្នុងនោះមាននារីចំនួន ៧៦៣នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី សាយប្រឺស ម៉ាលី យេម៉ែន និងកុងហ្គោ។ បច្ចុប្បន្ន កម្លាំងមួកខៀវកម្ពុជា ចំនួន ៦៤០នាក់ ក្នុងនោះមាននារីចំនួន១១៥នាក់ កំពុងបំពេញបេសកកម្មមិនខ្លាចនឿយហត់នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្តាល ម៉ាលី និងកុងហ្គោ៕