(កំពង់ចាម)៖ លោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាបណ្តុះបណ្តាល ស្តីពីលក្ខខ័ណ្ឌប្រភេទ និងកម្រិតពិការភាព សម្រាប់ក្រុមប្រឹក្សាវាយតម្លៃពិការភាព។ ពិធីនេះ ធ្វើឡើងនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
សមាសភាពចូលរួមជាគណៈធិបតីមានលោកវេជ្ជ នេត អ៊ុន អគ្គលេខាធិការរងក្រុមប្រឹក្សាសកម្មភាពជនពិការ, លោកវេជ្ជ គឹម សាវួន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ, លោកស្រី ម៉ែន នារីសុជាតិ នាយករងមន្ទីរពេទ្យមិត្តភាពចិនព្រះកុសមៈ, លោកវេជ្ជ. ម៊ី មុនីបុរិន្ទ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
សិក្ខាកាមចូលរួមមាន៖ លោក លោកស្រី សាស្រ្តាចារ្យ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជាតិនានា អនុប្រធានមន្ទីរ និងមន្ត្រីសុខាភិបាលទទួលការងារពិការភាព ខេត្តរតនគីរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគីរី សៀមរាប តាកែវ ស្វាយរៀង ព្រៃវែង កំពង់ធំ ត្បូងឃ្មុំ ព្រះវិហារ ឧត្តរមានជ័យ និងកំពង់ចាម។
សិក្ខាសាលា បណ្តុះបណ្តាលស្តីពី លក្ខខ័ណ្ឌប្រភេទ និងកម្រិតពិការភាព សម្រាប់ក្រុមប្រឹក្សា វាយតម្លៃពិការភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលអង្គសិក្ខាសាលាមានមោទនភាពក្រៃលែង ដោយមានលោក សាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចូលរួមជាគណអធិបតី ក្នុងពិធីបើកនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។
លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងថា កម្ពុជាក៏ដូចជាបណ្តាប្រទេសនានាក្នុងតំបន់ និងលើពិភពលោកដែរ បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ The Convention on the Rights of Persons with Disabilities (CRPD) ដែលមានគោលដៅ ធ្វើយ៉ាងណាឲ្យជនមានពិការភាព បានចូលរួមយ៉ាងមានប្រសិទ្ធភាព ក្នុងគ្រប់ទិដ្ឋភាពនៃស្ថានភាពរស់នៅ របស់ពួកគេ ប្រកបដោយនិរន្តរភាព។
លោកថា ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការរបស់ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ បានកំណត់អំពីគោលដៅ សម្រាប់ជនមានពិការភាព គឺការពារ សិទ្ធិ និងសេរីភាព ការពារផល ប្រយោជន៍ ទប់ស្កាត់កាត់ការរើសអើង និងការស្តារកាយ សម្បទា ចិត្តសង្គម សតិបញ្ញា វិជ្ជាជីវ : ដើម្បីធានាលទ្ធភាពការចូលរួមរបស់ជនមានពិការភាព ដោយស្មើភាព និងពេញលេញ ក្នុងរាល់សកម្មភាពសេដ្ឋកិច្ចសង្គម។
លោកបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្ដិមុនៗ និងអាណត្ដិទី៧នេះ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការអនុវត្តគោលនយោបាយ គោលការណ៍ជាតិ និងអន្តរជាតិ ដើម្បីធានាការទទួល បាននូវសេវាសុខភាព ប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌ សម្រាប់ប្រជាជនគ្រប់រូប ទាំងបុរសស្រ្តី ជនងាយរងគ្រោះ ជាពិសេសបងប្អូនជនពិការ សំដៅបង្កើត បរិយាកាសសង្គម ប្រកបដោយសុខមាលភាព សុខដុមរម្មនីយកម្ម ផលិតភាព និងវឌ្ឍនភាព។
លោកបានបន្ដទៀតថា នាពេលបច្ចុប្បន្ន អត្រាអ្នកលើសឈាម ទឹកនោមផ្អែម ជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល របួសគ្រប់ប្រភេទ…-ល- មានការកើនឡើងជាលំដាប់។ បន្ទុកនៃជំងឺចំនួន៩ ក្នុងចំណោម បន្ទុកជំងឺ១០ប្រភេទ ដែលកើតជាញឹកញាប់ (លើកលែងជំងឺផ្លូវចិត្ត) ការព្យាបាល ពាក់ព័ន្ធនឹងវិធីសាស្រ្ត សល្យសាស្រ្ត ឬវះកាត់គ្រប់ឯកទេស និងគ្រប់ទម្រង់ នឹងអាចកាត់បន្ថយកម្រិតពិការភាពរបស់អ្នកជំងឺ។
សិក្ខាសាលាបណ្តុះបណ្តាលនាពេលនេះ បានផ្តល់ចំណេះដឹង ផ្លូវច្បាប់ និងជំនាញវិជ្ជាជីវៈ ហើយនិងក្រមសីលធម៌ ដល់វេជ្ជបណ្ឌិតនៃក្រុមការងារ បច្ចេកទេសសុខភាព ជនមាន ពិការភាព និងក្រុមប្រឹក្សាវាយតម្លៃ ប្រភេទ និងកម្រិតពិការភាព នៅមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ដើម្បីវាយតម្លៃ ប្រភេទ និងកម្រិតពិការភាព។
អង្គសិក្ខាសាលាបានបញ្ចប់ដោយជោគជ័យ ដោយសិក្ខាកាមជាថ្នាក់ដឹកនាំដែលទទួលបានការ បណ្តុះបណ្តាលនេះ មានសមត្ថភាពក្នុងការផ្តល់វិញ្ញាបនប័ត្រ អំពីប្រភេទ និងកម្រិតពិការភាព ប្រកបដោយជំនាញ វិជ្ជាជីវ: និងក្រមសីលធម៌ ជូនអ្នកជំងឺ និងតាមការស្នើសុំរបស់បងប្អូនមានពិការភាព ដើម្បីយកទៅប្រើប្រាស់ក្នុងក្របខណ្ឌដូចជាប្រឡង យកប័ណ្ណបើកបរ ឬអត្ថប្រយោជន៍ សង្គមផ្សេងៗទៀត ស្របតាមច្បាប់ ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕