(ភ្នំពេញ)៖ អគារអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលជាសំណង់ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ។ អគារនេះ ស្ថិតនៅបឹងតាមោក (កប់ស្រូវ) ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបទៀត។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ទីតាំងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ មានទំហំ ៦៦៧,២៩៦ម៉ែត្រការ៉េ ស្មើនឹង ៦៦.៧២៩៦ហិកតា ដែលមានបណ្តោយ១,៣២៤ម៉ែត្រ និងទទឹងប្រវែង ៥០៤ម៉ែត្រ ជាប់ផ្លូវ៦០ម៉ែត្រ តាមលិខិតលេខ៩៥៧ សជណ.មយ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការកសាងទីតាំងអគ្គបញ្ជាការដ្ឋាន និងទីតាំងយុទ្ធសាស្ត្រយូរអង្វែងរបស់កងយោធពលខេមរភូមិន្ទ។ ការសាងសង់សំណង់អគារអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មានរយៈពេល៣៦ខែ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា ទីតាំងសាងសង់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានចែកចេញជា៣តំបន់​ គឺតំបន់ទី១៖ ប្រើប្រាស់ជាទីតាំងសម្រាប់សាងសង់អគាររដ្ឋបាល សាលប្រជុំ និងអគារមន្ទីរអដ្ឋកោណ, តំបន់ទី២៖ សម្រាប់ប្រើប្រាស់ជាទីលានព្យុហយាត្រា សម្រាប់សាងសង់អគារស្នាក់នៅរបស់ នាយទាហាន នាយទាហានរង និងពលទាហានចំនួន៤អគារ និងតំបន់ទី៣៖ ប្រើប្រាស់សម្រាប់ជាទីតាំងបម្រុងនាពេលអនាគត់មានច្រកចេញ-ចូលសរុបចំនួន ៧កន្លែង ក្នុងនោះផ្នែកខាងមុខអគារមានច្រកចេញ-ចូលចំនួន ៣កន្លែង ច្រកធំកណ្តាលជាច្រកខ្លោងទ្វារជ័យ ច្រកខាងស្តាំជាច្រកខ្លោងទ្វារឈ្នះឈ្នះ និងច្រកខាងឆ្វេងជាច្រកខ្លោងទ្វារសន្តិភាព មានរបងព័ទ្ធជុំវិញប្រវែងប្រមាណ ៣,៦០៣ម៉ែត្រ និងមានចំណតរថយន្តចំនួន ៥០០ចំណត និងចំណតទោចក្រយានយន្តមួយចំនួនទៀត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ការរចនាប្លង់ស្ថាបត្យកម្មអគារអគ្គបញ្ជាការដ្ឋាន ត្រូវបានរចនាឡើងក្នុងទម្រង់រចនាបថស្ថាបត្យកម្មខ្មែរទំនើប ឬហៅថា រចនាបថសហស្សម័យកម្ពុជា ដោយរចនារួមបញ្ចូលគ្នារវាងរចនាបថសម័យទំនើប និងខ្មែរបុរាណ ដែលវិចិត្រពិពិធ លម្អដោយគ្រឿងលម្អស្ថាបត្យកម្មខ្មែរ ដើម្បីបង្ហាញពីការវិវឌ្ឍ រីកចម្រើន និងភាពសំបូរបែបនៃសំណង់ស្ថាបត្យកម្មខ្មែរ រួមនឹងការអភិវឌ្ឍប្រទេសជាតិប្រកបដោយសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ឯក ស្ថាបនិកនៃសន្តិភាពនិងការអភិវឌ្ឍន៍ និងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំណង់មានកើយជាច្រកចូលខាងមុខ លម្អដោយខ្លោងទ្វារអបដោយសសរចំនួន ៤ដើម មានរចនាបថ អង្គវត្ត តាំងរំលេចដោយនិមិត្តសញ្ញាអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ផ្នែកខាងលើលម្អដោយផ្តែរ រចនាបថព្រៃក្មេង អមដោយប្រាសាទចម្លង និងបញ្ចប់ដោយដំបូលប៉ិតមានស្លាបមួយជាន់មានគ្រឿងលម្អ ស្ថាបត្យកម្មជាលម្អផង។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា នៅតួអគារទាំងមូលមានលម្អដោយក្បាច់ផ្កាចាន់ អមដោយសសរ និងក្បាច់ផ្សេងៗ។ ចំណែកដំបូលមានបង្អួចែកែវ និងហោជាងលម្អដោយក្បាច់ដងក្តារ និងក្បាច់ហោជាងយ៉ាងល្អវិចិត្រ។ ផ្នែកប៉មកណ្តាល តំណាងឱ្យភ្នំព្រះសុមេរុ មានមុខងារជាកន្លែងបញ្ហាការទូទៅ និងការិយាល័យថ្នាក់ដឹកនាំស្ថាប័ន, ស្លាបសងខាងឆ្វេងស្តាំអគារមានកម្ពស់ ៤០,៨៤ម៉ែត្រ មានមុខងារជាកន្លែង ការិយាល័យទូទៅ, ផ្នែកខាង ក្រោយអគារមានសាលប្រជុំធំចំណុះ ១,៨២៨នាក់ និងអគារអដ្ឋកោណមានមុខងារជា ការិយាល័យជំនាញ បច្ចេកទេសដឹកនាំបញ្ហា។

អគារបែរមុខទៅទិសខាងកើតមានបណ្ដោយតួអគារ ២៣៩,៣៨ម៉ែត្រ និងទទឹង ១៦៩,៦៦ម៉ែត្រ ចំនួន៧ជាន់ ដែលមានជាន់ផ្ទាល់ដី និងជាន់ទី១ ដល់ជាន់ទី៧ មានកម្ពស់សរុប ៧២ម៉ែត និងមានផ្ទៃក្រឡាបាតអគារទំហំ ១៥,៩៩០ម៉ែត្រការ៉េ និងផ្ទៃក្រឡាសំណង់សរុបទំហំ ៥៩,៣០៧ម៉ែត្រការ៉េ ចំណែកការិយាល័យធ្វើការ ត្រូវបានរៀបចំផ្នែកទៅតាមមុខងារប្រើប្រាស់សំណង់ ដែលក្នុងនោះ ជាន់ផ្ទាល់ដី មានសាលបដិសណ្ឋារកិច្ច សាលប្រជុំខ្នាតធំ ខុទ្ទកាល័យ បណ្តាទីចាត់ការមួយចំនួន កន្លែសម្រាក អាហារដ្ឋាន បន្ទប់ រងចាំ VIP និងឃ្លាំងជាដើម។

ជាន់ទី១ និងទី២ មានសាលប្រជុំខ្នាតតូច និងមធ្យម បន្ទប់សវនាការ បន្ទប់ប្រពៃណី បណ្ណាល័យ បន្ទប់ប្រជុំ ឃ្លាំង និងបណ្តាទីចាត់ការជំនាញចំណុះអគ្គបញ្ជាការ។ ជាន់ទី៣ មានការិយាល័យអគ្គមេបញ្ជាការរង នាយរងសេនាធិការចម្រុះ ទីប្រឹក្សា បន្ទប់ប្រជុំ និងឃ្លាំង។ ជាន់ទី៤ មានបន្ទប់ប្រជុំអន្តរក្រសួង បន្ទប់ព័ត៌មានវិទ្យា និងបន្ទប់បម្រុង។ជាន់ទី៥ មានការិយាល័យ លេខាធិការដ្ឋាន សេនាធិការចម្រុះ ការិយាល័យជំនួយការ និងបន្ទប់ប្រជុំ។ ជាន់ទី៦ មានការិយាល័យនាយសេនាធិការចម្រុះ ការិយាល័យជំនួយការ និងបន្ទប់ទទួលភ្ញៀវ ជាន់ទី៧ មានការិយាល័យអគ្គមេបញ្ជាការ ការិយាល័យជំនួយការ និងបន្ទប់ទទួលភ្ញៀវ៕