(ភ្នំពេញ)៖ ក្រុមកសិករដែលជាអ្នករកស៊ីលក់ទិញអង្កាម និងស្រូវជាច្រើនរូប បានអំពាវនាវសុំឱ្យស្ថាប័នតុលាការ និងក្រសួងពាក់ព័ន្ធ មានចំណាត់ការដោះស្រាយ ចំពោះបុគ្គលឈ្មោះ យ៉ង់ ប៉ាក់ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អាហ្រ្គីប៊ី (AGRIBEE) បានចេញមូលប្បទានបត្រឥតមានសាច់ប្រាក់ចំនួន៥សន្លឹក ក្នុងទំហំសាច់ប្រាក់សរុបចំនួន ៩០២៣៤.០១ដុល្លារអាមេរិក ក្នុងគោលបំណង ដើម្បីទូទាត់ថ្លៃលក់ទិញអង្កាម ។

អ្នកស្រី ឡុង រ័ត្ន តំណាងក្រុមកសិករបានបញ្ជាក់ថា កាលពីអំឡុងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បុគ្គលឈ្មោះ យ៉ង់ ប៉ាក់ ដែលបានអះអាងថា ខ្លួនជានាយកក្រុមហ៊ុន អាហ្រ្គីប៊ី (AGRIBEE) រួមជាមួយនឹងសហការីចំនួន ២នាក់ បានធ្វើការទំនាក់ទំនងមកអ្នកស្រី ដោយបានលួងលោមបញ្ចុះបញ្ចូលឱ្យអ្នកស្រីប្រមូលទិញអង្កាម ពីរោងម៉ាស៊ីន និងកសិករ ឈ្មួញទិញលក់អង្កាម ក្នុងតំបន់យកមកលក់ឱ្យខ្លួន ដោយធានា ឱ្យតម្លៃខ្ពស់ជាងទីផ្សារ និងទូទាត់ប្រាក់ថ្លៃលក់ទិញ ក្នុងអំឡុងពេលត្រឹមតែ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីដឹកអង្កាម ដល់ទីតាំងដែលព្រមព្រៀង។

អ្នកស្រីបានបន្ថែមថា ដោយមានការជឿជាក់ឥតសង្ស័យ តាមការអះអាងរបស់បុគ្គលឈ្មោះ យ៉ង់ ប៉ាក់ នេះអ្នកស្រីបានដើរប្រមូលទិញអង្កាម និងបានលក់ឱ្យទៅបុគ្គលឈ្មោះ យ៉ង់ ប៉ាក់ ជាបន្តបន្ទាប់ ដោយបុគ្គលឈ្មោះ យ៉ង់ ប៉ាក់ បានចេញនូវមូលប្បទានបត្រ ឱ្យមកអ្នកស្រី ជាការទូទាត់ប្រាក់ថ្លៃលក់ទិញ។

អ្នកស្រីបានបន្ថែមថា ដល់កាលបរិច្ឆេទកំណត់ត្រូវទូទាត់ប្រាក់ថ្លៃលក់ទិញអង្កាម ខ្លួនបានយកមូលប្បទានបត្រ ដែលបុគ្គលឈ្មោះ យ៉ង់ ប៉ាក់ បានប្រគល់ឱ្យមកខ្លួន ទៅធានាគារ ដើម្បីធ្វើការដកប្រាក់ ក៏ប៉ុន្តែធនាគារបានប្រាប់ថា មូលប្បទានបត្រទាំងនោះពុំមានសាច់ប្រាក់ឡើយ។ ភ្លាមៗ អ្នកស្រីបានធ្វើការទាក់ទង ទៅបុគ្គលឈ្មោះ យ៉ង់ ប៉ាក់ ដើម្បីធ្វើការសួរនាំអំពីបញ្ហានេះ និងស្វែងរកដំណោះស្រាយ ក៏ប៉ុន្តែបុគ្គលនេះបានគេចវេស មិនទទួលខុសត្រូវឡើយ។

អ្នកស្រីបន្តថា ទង្វើរបស់បុគ្គលឈ្មោះ យ៉ង់ ប៉ាក់ នេះបានធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ ជីវភាព និងកិត្តិយសរបស់អ្នកស្រី និងក្រុមអ្នកស្រី យ៉ាងធ្ងន់ធ្ងរដោយអ្នកស្រី ត្រូវរាប់រងធ្វើការទូទាត់ប្រាក់ ថ្លៃលក់ទិញឱ្យទៅម្ចាស់រោង និងកសិករ ព្រមទាំងឈ្មួញក្នុងតំបន់ដែលបានលក់អង្កាម មកឱ្យអ្នកស្រី ហើយអ្នកស្រីត្រូវខ្ចីប្រាក់កម្ចីពីធនាគារ និងឯកជនយកមកទូទាត់ ដោយអ្នកស្រីត្រូវរ៉ាប់រងទទួលបន្ទុកបង់ការប្រាក់ យ៉ាងច្រើនជាប្រចាំខែ រហូតមកដល់បច្ចុប្បន្ននេះ ។

អ្នកស្រីបន្ថែមថា កាលពីថ្ងៃទី ១១ខែសីហា ឆ្នាំ២០២៣ អ្នកស្រីបានសម្រេចចិត្ត ដាក់ពាក្យបណ្តឹងទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយ និងទាមទារឱ្យបុគ្គលនេះមកទទួលខុសត្រូវ ព្រោះបុគ្គលនេះបានបន្តគេចវេស មិនទូទាត់ប្រាក់មកឱ្យអ្នកស្រី តាមការទាមទារឡើយ។ ក្នុងរយៈពេលកន្លងមក តុលាការបានកោះហៅបុគ្គលឈ្មោះ យ៉ង់ ប៉ាក់ ដើម្បីសាកសួរ តែពុំឃើញមានការឃាត់ខ្លួន ដើម្បីដាក់សម្ពាធឱ្យបុគ្គលនេះ បំពេញកាតព្វកិច្ចឡើយ បើទោះបីជាបុគ្គលនេះ បានចេញមូលប្បទានបត្រឥតសាច់ប្រាក់ តាមតែអំពើចិត្តក៏ដោយ។
អ្នកស្រីថា បើទោះបីជាមានបណ្តឹងនៅតុលាការក៏ដោយ បុគ្គលឈ្មោះ យ៉ង់ ប៉ាក់ នេះបានបង្ហាញសកម្មភាព ហាក់បីដូចជា ឥតខ្លាចឡើយ ដោយបុគ្គលនេះនៅដើរហើរដោយសេរី និងបានព្យាយាមលួងលួងលោម បញ្ចុះបញ្ចូល និងគំរាមកំហែងឱ្យអ្នកស្រី ដកពាក្យបណ្តឹងជាថ្នូរដោះដូរនឹងទូទាត់ប្រាក់ថ្លៃលក់ទិញ ត្រឹម ១០ ០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ ហើយបុគ្គលនោះ បាននិយាយថា ប្រសិនបើអ្នកស្រី មិនព្រមទទួលយកនោះទេ គឺទុកឱ្យមេធាវី ចរចាគ្នាចុះ។

អ្នកស្រី ឡុង រ័ត្ន និងក្រុមកសិករអ្នកជួញដូរអង្កាម ស្នើសុំឱ្យមានវិធានការ និងដំណោះស្រាយទាក់ទងនឹងករណីនេះ ហើយអ្នកស្រីនៅតែសង្ឃឹមដល់ពន្លឺយុត្តិធម៌ ក្នុងការដាក់បន្ទុកដល់បុគ្គល ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យស្រូវអង្ករ ម្នាក់នេះទទួលខុសត្រូវចំពោះមុខច្បាប់៕