(កំពង់ស្ពឺ)៖ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ដឹកនាំដោយលោក សេន ស៊ីហ៊ត់ រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអេដស៍ និងគ្រឿងញៀន នៃក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីផ្សព្វផ្សាយ អប់រំមេរោគអេដស៍ និងជំងឺអេដស៍ និងសកម្មភាពចូលរួមយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ព្រមទាំងសុវត្ថិភាពចរាចរណ៍ ជូនដល់មន្ត្រីក្នុងអង្គភាព ប្រមាណជិត១០០នាក់។

លោក សេន ស៊ីហ៊ត់ បានលើកឡើងថា ការអប់រំផ្សព្វផ្សាយចែករំលែកនូវចំណេះដឹងទាក់ទងសុខភាព សាធារណៈ ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ឲ្យពួកគាត់បានជ្រួតជ្រាបបន្ថែមកាន់តែច្បាស់អំពីមេរោគអេដស៍ និងផលប៉ះពាល់ពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដើម្បីបានជាពុទ្ធិសម្រាប់អប់រំ ផ្សព្វផ្សាយបន្តក្នុងន័យ «មិត្តអប់រំមិត្ត» ទប់ស្កាត់ឬបង្ការការរាលដាល នៃមេរោគអេដស៍ ក៏ដូចជាបញ្ហាគ្រឿងញៀនខុសច្បាប់ ដែលជាសត្រូវនឹងការអភិវឌ្ឍប្រទេសជាតិ។

លោករដ្ឋលេខាធិការ បានបន្តថា ការបង្ការ និងទប់ស្កាត់ការរាលដាល នៃមេរោគអេដស៍ ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ជាកាតព្វកិច្ចរបស់យើងគ្រប់ៗរូប ត្រូវចូលរួមចំណែកអប់រំ ផ្សព្វផ្សាយបន្តជាប្រចាំ ដល់ក្រុមគ្រួសារ បងប្អូនប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងយល់កាន់តែច្បាស់ពីផលប៉ះពាល់ ដែលបណ្ដាលមកពីការប្រព្រឹត្តអំពើទាំងនោះ ធ្វើឲ្យមានការលំបាកដល់គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។

លោក ស៊ូ សុន្ទរ៉ា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជងឺអេដស៍ និងគ្រឿងញៀន បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការអភិវឌ្ឍសដ្ឋកិច្ចជាតិ ព្រោះវាបានធ្វើឲ្យបាត់បង់ ធនធានមនុស្ស សង្គមគ្រួសារជួបការលំបាក បង្កើនភាពក្រីក្រ និងអំពើហិង្សារគ្រប់រូបភាព។ ដូចនេះ ដើម្បីបង្ការ និងទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ មន្ទីរសាធារណការ និងដឹកជញ្ជូន បានអនុវត្តតាមការណែនាំរបស់លេខាធិការដ្ឋានអេដស៍ និងគ្រឿងញៀនខុសច្បាប់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រចាំ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា មន្ទីរបានបែងចែកក្រុមការងារផ្សព្វផ្សាយជាបីក្រុម៖ ការអប់រំ ផ្សព្វផ្សាយជាប្រចាំនៅស្ថានីយជញ្ជីងថ្លឹងរថយន្តទាំងពីរ (ផ្លូវជាតិលេខ៤និង៥១), ក្រុមការងារសុវត្ថិភាពចរាចរណ៍ ផ្លូវគោករបស់មន្ទីរ តែងបញ្ជៀបអំពីមេរោគអេដស៍ និងឥទ្ធពល នៃគ្រឿងញៀនខុសច្បាប់ នៅគ្រប់ពេលចុះអប់រំ ផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក តាម ទីប្រជុំជន ឬទីសាធារណៈ តាមគ្រឹះស្ថានសិក្សា ឧត្តមសិក្សា រោងចក្រ និងកន្លែងទទួលសេវាសាធារណៈ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន។ ជាក់ស្ដែងក្នុងឆ្នាំ២០២៣ ក្រុមការងាររបស់មន្ទីរ បានចុះអប់រំ ផ្សព្វផ្សាយសរុបចំនួន ៣០៤ លើក មានអ្នកចូលរួមសរុបចំនួន ៣០,៧៦៥នាក់ ស្រី ៨,៧៨០នាក់៕