(រតនគិរី)៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤គណៈប្រតិភូខេត្តរតនគិរី ដឹកនាំដោយលោក ងិន ណែល អភិបាលរងខេត្តតំណាងលោក ញ៉ែម សំអឿន អភិបាលខេត្ត បានអញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំលេខាបក្ស ថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាជនខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងជំនួបជាមួយលោក អា ពឺត អនុប្រធានលេខាបក្សខេត្តកន្ទូម,ងិន ណែល បានសម្តែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមា និងសូមអំណរសាទរយ៉ាងកក់ក្ដៅជូនចំពោះលោកអា ពឺត  ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃបក្សកុម្មុយនីសវៀតណាមខេត្តកន្ទូម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលនឹងចូលមកដល់នាពេលខាងមុខនេះ សូមសមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំបក្សឲ្យឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពសម្បូររុងរឿង។

លោក អា ពឺត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណ:ប្រតិភូខេត្តរតនគិរី ដែលបានឆ្លៀតឱកាសចំណាយពេលវេលា ដ៏មានតំលៃអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ជូនថ្នាក់ដឹកនាំបក្សខេត្ត ក៏ដូចជាប្រជាពលរដ្ឋខេត្តកន្ទូមនាពេលនេះ។ លោក អា ពឺត បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងបក្សខេត្តកន្ទូម និងគណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី ដែលបានធ្វើសហប្រតិបត្តិការល្អ រវាងគ្នា និងគ្នា។ ហើយបក្សទាំងពីរ នឹងបន្តពង្រឹងពង្រឹកបន្ថែមទៀតនាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមក និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលសុខ នៃបក្សខេត្តទាំងពីរ។

តមកនៅថ្ងៃដដែលនេះ គណៈប្រតិភូខេត្តរតនគិរីដឹកនាំដោយលោក ងិន ណែល បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ លោកស្រី អ៉ី ង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តកន្ទូមផងដែរ។ ក្នុងជំនួបនេះ លោក ងិន ណែល បានប្រសិទ្ធពរជ័យជូនដល់លោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាជនខេត្តកន្ទូម សូមមានសុខភាពល្អ ជ័យជម្នះគ្រប់ភារកិច្ច។

ជាការឆ្លើយតប ក្នុងនាមគណៈកម្មាធិការប្រជាជនខេត្តកន្ទូម នឹងខិតខំប្រឹងប្រែងរឹតចំណងសាមគ្គីភាព មិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្តរតនគិរី និងខេត្តកន្ទូម ឲ្យកាន់តែល្អរឹងមាំថែមទៀត ដោយឈរលើទស្សនៈឯកភាពគ្នា ពិសេសខិតខំធ្វើយ៉ាងណាឲ្យព្រំដែននៃខេត្ត និងប្រទេសទាំងពីរ ក្លាយជាព្រំដែនសន្តិភាព ការអិវឌ្ឍន៍ និងទប់ស្កាត់ឲ្យខាងតែបាន ចំពោះបទល្មើសតាមបន្ទាត់ព្រំដែននិង ប្តេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់ខេត្តទាំងពីរ ពិសេសប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ឲ្យមានជីវភាពកាន់តែរីកចម្រើន និងធូរធារ ក្នុងនាមជាអ្នកជិតខាងដ៏ល្អ នៃខេត្តជាប់ព្រំដែនរបស់ប្រទេសទាំងពីរផងដែរ៕