(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីទំហំឧបត្ថម្ភថ្មី និងការបើកផ្តល់របស់កម្មវិធីដល់តួអង្គប្រតិបត្តិករតាមឃុំ សង្កាត់ អ្នកទទួលបន្ទុកកម្មវិធីឃុំ-សង្កាត់ក្នុង ក្របខ័ណ្ឌទូទាំងរាជធានីភ្នំពេញ ដើម្បីបន្តផ្សព្វផ្សាយទៅដល់មេភូមិ អនុភូមិ និងសមាជិកភូមិសម្រាប់បន្ត ផ្សព្វផ្សាយតាមខ្នងផ្ទះគ្រួសារកំពុងទទួលផល ឱ្យយល់ច្បាស់ពីទំហំប្រាក់ឧបត្ថម្ភថ្មីនេះ ជៀសវាងមានការយល់ច្រឡំណាមួយ។

យោងតាមអនុក្រឹត្យ លេខ៣៧១ អនក្រ.បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៨៨ អនក្រ. ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រុយទ្ឋនឹងជំងឺកូវីដ១៩, លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានលើកឡើងថា ដើម្បីទទួលបានអត្ថប្រយោជន៍ និងប័ណ្ណសម្រាប់សម្គាល់ជនមានពិការភាព ក្នុងកម្មវិធីជាតិជំនួយសង្គមជាសាច់ប្រាក់ ចាប់តាំងចាប់ពីចាប់ផ្តើមកម្មវិធីរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្ដាសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលថ្មីៗនេះ ក៏បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដោយចាប់អនុវត្តនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ផងដែរ។

ដោយផ្អែកលើភាពប្រសើរឡើងនូវស្ថានភាពនៃជំងឺកូវីដ១៩ និងការដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីជំនួយសង្គមមានលក្ខណៈអចិន្ត្រៃយ៍ និងប្រក្រតី ហើយគ្រោងនឹងដាក់ឱ្យអនុវត្តនៅក្នុងខែមេសា ឆ្នាំ២០២៤ ដើម្បីបន្តការគាំទ្រដល់គ្រួសារមានបណ្ណសមធម៌ និងដើម្បីអនុវត្តយុទ្ធសាស្រ្តចាកចេញ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ៣៧១ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយផ្ដល់ប្រាក់ឧបត្ថម្ភចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ តាមទំហំប្រាក់ឧបត្ថម្ភថ្មី ស្របតាមអនុក្រឹត្យថ្មី លេខ៣៧១នេះ។

ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី សក់ ចិន្តារី នាយករងរដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំដល់រដ្ឋបាលខណ្ឌ ផ្តល់ការគាំទ្រ និងសម្របសម្រួលដល់រដ្ឋបាលសង្កាត់ ដោយកំណត់ចាប់ពីថ្ងៃបើកប្រាក់ឧបត្ថម្ភជុំទី១៥ លើកទី៤៣ ដែលត្រូវនឹងថ្ងៃ២៥ ខែមករា ឆ្នាំ២០២៤នេះតទៅ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ ដើម្បីរៀបចំប្រជុំការកែសម្រួលទំហំ ទឹកប្រាក់ឧបត្ថម្ភថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ១៩ ដល់មេភូមិ អនុភូមិ និងសមាជិកភូមិដើម្បីធ្វើការផ្សព្វផ្សាយបន្តតាមខ្នងផ្ទះអ្នកទទួលផល។

លោកស្រីបានបញ្ជាក់ថា មូលនិធិជាតិជំនួយសង្គម ដែលមានសមត្ថកិច្ចជាប្រតិបត្តិកររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបាននឹងកំពុងអនុវត្តកម្មវិធីជាតិជំនួយសង្គម ហើយកម្មវិធីជាតិជំនួយសង្គម ដែលបានលើកឡើងក្នុងពេលនេះ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តតាំងពីខែមិថុនា ឆ្នាំ២០២០មក ក្នុងគោលបំណងផ្តល់កិច្ចគាំពារ ដើម្បីរក្សាលំនឹងជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះនៅក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយបានកំណត់យកថ្ងៃទី២៥ នៃរៀងរាល់ខែជាថ្ងៃបើកប្រាក់ឧបត្ថម្ភប្រចាំខែ។

សម្រាប់រាជធានីភ្នំពេញ គិតមកដល់បច្ចុប្បន្នការបើកផ្ដល់ស្ថិតិក្នុងជុំទី១៥ លើកទី៤២ ដែលមានគ្រួសារទទួលផល សរុបចំនួន៣៣ ៩៥០គ្រួសារ រាជរដ្ឋាភិបាលបានចំណាយទឹកប្រាក់សរុបចំនួន ២៨៤,៨៥៤,១៣៦រៀល ស្មើនឹង ៧០,០២៣,១៤០ដុល្លារអាមេរិក)៕