(សៀមរាប)៖ នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងពិធីចុះពិនិត្យស្ថានភាពផ្លូវ នាក្រុងសៀមរាប មួយខ្សែ ដែលឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងក្រុមគ្រួសារ រួមនិងប្រជាពលរដ្ឋដែលរស់នៅសង្ខាងផ្លូវនេះ បានរួមគ្នាបរិច្ចាកផ្ដល់ដី បើកផ្លូវ ដែលមានប្រវែង ៤០០ម៉ែត្រ និងទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ដែលផ្លូវមួយខ្សែនេះ នឹងចាក់បេតុង ហើយតភ្ជាប់ពីផ្លូវជាតិលេខ៦ ចេញនៅម្ដុំផ្លូវវត្តរាជបូព៌។
ក្នុងពេលនោះដែរ លោកបានបញ្ជាក់ ថា ខេត្តគ្រោងសាងសង់ផ្លូវ ដែលបែកខ្នែងចេញពីផ្លូវជាតិលេខ៦ ចំនួន ៤២ខ្សែ (ខ្នែង) នឹងត្រូវអភិវឌ្ឍឲ្យក្លាយទៅជាផ្លូវបេតុងទាំងអស់។
លោកអភិបាលខេត្ត បានថ្លែងឲ្យដឹងថា៖ កន្លងទៅផ្លូវនេះមានទំហំតូច ហើយប្រជាពលរដ្ឋរស់នៅជួរនេះ គាត់ពិបាកក្នុងការធ្វើដំណើរណាស់ ភាគច្រើនគាត់ធ្វើដំណើរចេញទៅតាមវត្តបូព៌ វិញ។ ហើយមួយចំនួនមកតាមផ្លូវនេះ មកបានតែថ្មើជើង កង់ ម៉ូតូ ដោយឡែកអ្នកដែលមានរថយន្ដប្រើប្រាស់ មិនអាចចេញចូលផ្លូវនេះបានទេ ព្រោះផ្លូវនេះ កន្លែងខ្លះ មានទទឹង មិនដល់ពីរម៉ែត្រផង។ ហើយផ្លូវនេះគ្រោងចាក់បេតុង ដែលមានទទឹង ៦ម៉ែត្រ ។
លោកបញ្ជាក់ថា៖ ឥឡូវនេះ យើងរៀបចំផ្លូវមួយខ្សែនេះ ឲ្យមានទំហំធំ ដើម្បីប្រជាពលរដ្ឋចេញចូលបាន ហើយផ្លូវនេះ ក៏នឹងបានជួយសម្រួលចរាចរក្នុងក្រុង បានផងដែរ ។ ចំណុចសំខាន់មួយទៀត គឺបន្ទាប់ពីយើងធ្វើផ្លូវនេះហើយ យើងនឹងអាចដោះស្រាយបាន នូវការលិចទឹកនៅម្ដុំនេះ ដូចយើងបានឃើញជាក់ស្ដែង នាពេលឥឡូវនេះ មានទឹកលិចនៅម្ដុំនេះ គឺទឹកគ្មានច្រកចេញ។ លោកក៏បានប្រាប់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នេះ ថា ខាងអាជ្ញាធរ នឹងបន្តរៀបចំឲ្យមានភ្លើងបំភ្លឺផ្លូវ ទឹកស្អាត លូបង្ហូទឹក ផងដែរ។
លោកបានបន្តថា ចំពោះផ្លូវជាតិលេខ៦ ក្នុងកំណាត់ក្រុងសៀមរាប យើងបានធ្វើល្អស្អាតហើយ ហើយចំពោះផ្លូវ ដែលបែកខ្នែងចេញពីផ្លូវជាតិលេខ៦ ចំនួន ៤២ខ្សែ (ខ្នែង) ដែលមានប្រវែង១៧គីឡួម៉ែត្រ ភាគច្រើនសុទ្ធតែផ្លូវដី អីចឹងឡានតូចធំ ដែលបើកឡើងផ្លូវធំ គឺបាននាំដី ភក់ មកលើផ្លូវជាតិ ដែលយើងធ្វើបានល្អហើយនេះ។ ហើយបើតាមការគ្រោងទុក គម្រោងរបស់យើង ត្រូវតែអភិវឌ្ឍផ្លួវដែលបែកខ្នែងទាំងអស់នេះ គឺយើងត្រូវអភិវឌ្ឍឲ្យក្លាយទៅជាផ្លូវបេតុងទាំងអស់ លែងឲ្យមានផ្លូវដីក្រហម៕