(កំពង់ធំ)៖ នា​ល្ងាច​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ លោក​ ងួន ​រាសី អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា មនុស្សគ្រប់រូបតែង​តែ​គិតគូខ្លាំងបំផុត គឺកត្តាសុខភាពចាំបាច់ខ្លាំងណាស់​ ហើយ​ប្រជា​ពលរដ្ឋ​ក្នុងស្រុកកំពង់ស្វាយ ពិតជាមានសំណាងណាស់ ដែល​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​កូរ៉េ បានចុះពិនិត្យ និងព្យាបាលជំងឺ​ទូទៅ ដោយឥតគិតថ្លៃរយៈពេល​២ថ្ងៃ។

ការ​ព្យាបាលជំងឺ​ទូទៅនេះ ​ស្ថិត​នៅ​មន្ទីរពេទ្យកូរ៉េ ស្ថិតនៅភូមិ​រូង ឃុំត្រពាំង​ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក​អភិបាល​រងខេត្តកំពង់ធំ បាន​អំពាវនាវដល់ប្រជាពលរដ្ឋ នៅគ្រប់ទិសទីក្នុងខេត្តកំពង់ធំ សូមអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃឲ្យបានគ្រប់ៗគ្នា ព្រោះក្រុមគ្រូពេទ្យខាងលើ​ មិនងាយ​បាន​មកព្យាបាលជូន​ដល់ប្រជាពលរដ្ឋ​កម្ពុជាឡើយ ហើយនេះគឺជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា ដើម្បីមកពិនិត្យនិងទទួលការព្យាបាលដោយគិតថ្លៃ។

ក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េ ព្យាបាលជំងឺ រយៈពេល​២ថ្ងៃ ដោយឥតគិតថ្លៃ ដល់សាធារណជន ហើយ​ការព្យាបាលនោះមានដូចជា រោគកុមារ ផ្នែកជំងឺទូទៅ សន្លាក់និងឆ្អឹង ភ្នែក ត្រចៀក ច្រមុះ បំពង់ក រោគស្ដ្រី ជំងឺសើស្បែក មាត់ធ្មេញ វះកាត់ដុំតូច និងចាក់ម្ជុលវិទ្យាសាស្ដ្រជាដើម៕