(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអង្ករ និងគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោក គួច ចំរើន បានថ្លែងថា សម្រាប់ខេត្តព្រះសីហនុ បើពិនិត្យឃើញមានសារធាតុញៀន មានមួយប្រមូលមួយ ចំពោះអ្នកមានសារធាតុញៀន ត្រូវតែបញ្ជូនទៅកាន់មណ្ឌលកែប្រែបន្សាសារធាតុញៀន ដែលមានទីតាំងស្ថិតនៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានជាសះស្បើយទើបឲ្យធ្វើសមាហរណកម្ម ទៅក្នុងសហគមន៍វិញ។

លោកបន្ដថា លោកជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ត្រូវធ្វើការគ្រប់គ្រងនៅក្នុងមូលដ្ឋានដោយផ្ដើម ពីការអនុវត្តនៅពេល ដែលបានជួបបានឃើញ មិនថាបុគ្គលនោះមកពីកន្លែងណាខេត្តណានៅទីណា មានស្ថានភាពបែបណានោះទេ នៅពេលពិនិត្យធ្វើតេស្តមានឃើញផ្សារធាតុញៀនមាននៅក្នុងខ្លួន គឺត្រូវតែយកមកមជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

លោកបន្ដថា នៅក្នុងខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពខេត្ត បានអនុវត្តព្រមៗគ្នាក្នុងគ្រប់កិច្ចប្រតិបត្តិការ ដោយចាត់វិធានការត្រួតពិនិត្យរដ្ឋបាលចំហរ តាមដងផ្លូវសាធារណៈ និងនៅក្នុងមូលដ្ឋាន ក្រោយមានការអនុវត្តរយៈពេល៣ខែចុងក្រោយនេះ កម្លាំងសមត្ថកិច្ចបានរកឃើញអ្នកផ្ទុកសារធាតុញៀន នៅក្នុងខ្លួនមានរហូតទៅដល់ជាង២០០នាក់ ដែលបានបញ្ជូនមកមជ្ឈមណ្ឌល ដើម្បីធ្វើការបន្សាប។

លោកក៏បានបញ្ជាក់បន្ថែមថា ចំពោះយុទ្ធនាការនេះ គឺមិនមានការដកថយនោះទេ បើទុកឲ្យបងប្អូនមានសារធាតុញៀននៅក្នុងខ្លួន រស់នៅក្នុងសហគមន៍ គឺអាចបន្តការប្រើប្រាស់ពីបុគ្គលមួយទៅបុគ្គលមួយ មកប្រើប្រាស់ជាមួយខ្លួន បង្កការគ្រោះថ្នាក់នៅក្នុងសហគមន៍។

លោក កែវ វាសនា ប្រធានមជ្ឈមណ្ឌល បានឲ្យដឹងថា បច្ចុប្បន្ន មានជនរងគ្រោះដែលកំពុងសម្រាកព្យាបាល និងបន្សាបសារធាតុញៀនមាន ចំនួន៦៧០នាក់ ស្រី៣៦នាក់។

មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ មានកន្លែងបន្សាបនិងព្យាបាល ការងារស្ដារនីតិសម្បទា និងបណ្ដុះបណ្ដាលជីវៈមានដូចជា កម្មវិធីអប់រំចិត្ត អប់រំចិត្តសាស្ត្រ លំហាត់ប្រាណ កីឡា ហត្ថកម្ម ពលកម្ម កសិកម្ម អប់រំបំណិនជីវិត រោងជាងបណ្ដុះបណ្ដាលវិជ្ជាជីវៈមុនធ្វើសមហរណកម្ម អ្នកជាសះស្បើយទៅគ្រួសារ និងសហគមន៍វិញ។

សូមជម្រាបថា អំណោយដែលផ្ដល់ជូនមជ្ឈមណ្ឌលរួមមាន៖ អង្ករ៣០តោន ទឹកត្រី២០០យួរ ទឹកស៊ីអ៉ីវ២០០យួរ មី២០០កេសតូច ទឹកសុទ្ធ២០០យួរ ថវិកា១០លានរៀល ជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថវិកាសប្បុរសជនចំនួន៣ពាន់ដុល្លារផងដែរ៕