(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង សំដៅចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងចូលរួមបំផុសចលនាឱ្យមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការកសាងអភិវឌ្ឍឱ្យមានការរីកចម្រើនគ្រប់វិស័យ។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់ភារកិច្ចការងារដល់ក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ឈរលើមូលដ្ឋាន បទពិសោធន៍ និងសមិទ្ធផលដែលសម្រេចបានកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រមុខបានដាក់ចេញនូវកម្មវិធីនយោបាយរាជរដ្ឋាភិបាលសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។

លោកបណ្ឌិត បានបន្ថែមថា ដើម្បីរក្សាចលនកានៃសុខសន្តិភាព កំណើន និងលើកកម្ពស់ផលិត ភាពសេដ្ឋកិច្ច ក៏ដូចជាសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិក្នុងការឆ្លើយតបនឹងបដិវត្តឧស្សាហកម្មទី៤ និងកសាងភាពធន់វិស័យសាធារណៈ សេដ្ឋកិច្ច ហិរញ្ញវត្ថុ មូលធន មនុស្សនិងសង្គម និងភាពធន់នៃវិស័យបរិស្ថាន ឆ្ពោះទៅ សម្រេចបាននូវគោលដៅឆ្នាំ២០៣០ ប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ នេះគឺជាបំណងប្រាថ្នាប្រកបដោយមហិច្ឆតា ដែលទាមទារឱ្យយើងទាំងអស់គ្នាដុតដៃដុតជើង ក្នុងការដឹកនាំអនុវត្តដើម្បីសម្រេចបាននូវគោលដៅ និងចក្ខុវិស័យរបស់កម្ពុជា។

ដើម្បីតម្រង់ទិស និងជំរុញប្រសិទ្ធភាពចូលរួមអនុវត្តគោលនយោបាយអាទិភាពនានា ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល, លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តត្បូងឃ្មុំ ពង្រឹងឱ្យបាននូវភាពជាម្ចាស់ វិន័យ សាមគ្គីភាព និងការទទួលខុសត្រូវ៕