(ពោធិ៍សាត់)៖ លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិភាក្សាការប្រើប្រាស់ទឹក បន្តពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី០៨ ខែកុម្ភៈ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលកំពុងខ្វះខាតទឹកជាចាំបាច់ ខណៈដែលពួកគាត់ធ្វើលើសផែនការកំណត់។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដោយបានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ ស្រុកបាកាន ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង ស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់មួយចំនួនទៀត។
បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឲ្យដឹងថា យើងមានទំនប់ទី៣ និងទី៥សម្រាប់អន្តរាគមន៍សង្គ្រោះស្រូវប្រាំង ប៉ុន្តែទំនប់ទី៥ យើងបានបើកចំនួន២ដងហើយ។ ឥឡូវនេះយើងកំពុងបើកទំនប់ទី៣ទៀត ប្រើអស់៤០ភាគរយ នៅសល់តែ៦០ភាគរយទេ។
លោកប្រធានមន្ទីរបន្តថា យើងកំពុងពិចារណាថា បើយើងបើកទាំងអស់ អាចសង្គ្រោះស្រូវបានគ្រប់គោលដៅ និងដល់ទីបញ្ចប់ដែរឬទេ? ម្យ៉ាងវិញទៀត យើងនៅពេល៣ខែទៀត ទើបមានភ្លៀងធ្លាក់ បើយើងបើកទឹកសម្រាប់តែស្រូវ អាចប្រឈមនឹងមនុស្សសត្វគ្មានទឹកប្រើប្រាស់។
លោកបានថ្លែងថា បើអត់អង្ករ១០០តោន ឬ២០០តោន ថ្នាក់ដឹកនាំខេត្ត អាចដោះស្រាយបាន តែបើអត់ទឹកក្នុងស្ដុក មិនអាចដោះស្រាយបាននោះទេ។ ការខ្វះទឹកនេះ ដោយសារតែយើងមិនគោរពទៅតាមគោលការណ៍ ផែនការ ដែលមន្ទីរជំនាញបានកំណត់ជូន។
លោកសំណូមពរដល់សហគមន៍គ្រប់គ្រងសូឡានៅតាមស្ទឹង ពិសេសនៅភូមិកោះ ភូមិលលកស និងស្រុកណ្ដៀង សូមបិទទុកសិន ព្រោះបើនៅតែបូមទាំងយប់ទាំងថ្ងៃបែបនេះ អាចប្រឈមនឹងការខ្វះទឹកប្រើប្រាស់ ជាក់ជាមិនខាន។
លោកឲ្យដឹងថា ថ្នាក់ដឹកនាំក្រសួង បានធ្វើគម្រោងសុំទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយសម្ដេចបានសម្រេចឲ្យសាងសង់ទំនប់ទី២ ជាបន្ទាន់ ជាអាទិភាព របស់ខេត្តពោធិ៍សាត់ ដោយសារខេត្តពោធិ៍សាត់យើង ជួបបញ្ហាខ្វះទឹកសម្រាប់ស្រែប្រាំង លើសបណ្ដាខេត្តនានា។
លោក ឡាយ វិសិដ្ឋ បានថ្លែងថា ឆ្នាំ២០២៣‑២០២៤នេះ ជាឆ្នាំបទពិសោធន៍ដែលខ្វះទឹកធ្វើស្រែប្រាំង។ រៀងរាល់ឆ្នាំ ទំនប់ទី៣ និងទំនប់ទី៥ មិនដែលអស់ទឹកទេ ទើបតែឆ្នាំនេះ អស់ទឹកហើយប្រើមិនគ្រប់ទៀត នេះដោយសារប្រជាកសិករធ្វើលើសផែនការកំណត់ និងអាចនិយាយបានថាដោយសារស្រូវឡើងថ្លៃ។
លោកសូមមេឃុំ មេភូមិទាំងអស់ គួរពិនិត្យពិចារណាទៅលើបទដ្ឋានបច្ចេកទេស ពីថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ ដើម្បីយកទៅផ្សព្វផ្សាយ ជូនបងប្អូនប្រជាកសិករ ចៀសវាងធ្វើលើសផែនការកំណត់ ដូចឆ្នាំនេះ ដែលនាំឲ្យខាតបង់ថវិកា។
ជាមួយគ្នានោះ មេឃុំចៅសង្កាត់ និងសហគមន៍ប្រើប្រាស់ទឹក ត្រូវឆ្លាតវៃ ក្នុងការទំនាក់ទំនងជាមួយក្រុមការងារ អាជីវករ និងបដិភាគជាមួយប្រជាពលរដ្ឋ ក្នុងការស្ដារបឹងធម្មជាតិ ស្ដារប្រឡាយគោករាក់ ឬសំរាមកកស្ទះផ្លូវទឹកជាដើម។
លោកអភិបាលរងខេត្ត ក៏បានកំណត់យកថ្ងៃទី១៥ ខែកុម្ភៈ ជាថ្ងៃបិទបញ្ចប់ការធ្វើស្រូវប្រាំង និងថ្ងៃទី១៥ ខែតុលា ជាថ្ងៃបិទបញ្ចប់ការធ្វើស្រូវវស្សា ព្រមទាំងបានប្រកាសកំណត់ ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ គឺបើកបញ្ជូនទឹកជូនប្រជាកសិករ ឃុំរំលេច ឃុំខ្នារទទឹង ឃុំមេទឹក និងឃុំបឹងបត់កណ្ដោល, ហើយចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែកម្ភៈ ឆ្នាំ២០២៤ គឺបើកបញ្ជូនទឹកជូនប្រជាកសិករ ឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ។ ចំណែកស្រុកកណ្ដៀង ដែលនៅប៉ែកខាងក្រោម គឺបើកបង្ហៀរជាបន្តបន្ទាប់។
គួរជម្រាបជូនថា ឆ្នាំ២០២៣‑២០២៤នេះ ដោយសារតែស្រូវឡើងថ្លៃ ប្រជាកសិករបានសម្រុកធ្វើស្រែប្រាំងយ៉ាងច្រើនលើសលប់ ជាហេតុដែលជួបបញ្ហាខ្វះខាតទឹក ពាក់កណ្ដាលទី។
តាមផែនការកំណត់ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅទូទាំងខេត្ត បងប្អូនប្រជាកសិករដែលនៅជាប់ប្រភពទឹក អាចធ្វើស្រូវប្រាំង បានតែ២ម៉ឺនហិកតាប៉ុណ្ណោះ ប៉ុន្តែគិតត្រឹមថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ប្រជាកសិករយើង បានធ្វើរហូតដល់ជាង៥ម៉ឺនហិកតា ពោលគឺលើសផែនការ រហូតទៅដល់ ២៧១%ឯណោះ៕