(ឡាវ)៖ តបតាមការអញ្ជើញរបស់លោកស្រី Suanesavanh VIGNAKET រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមកចូលរួម ពិធីបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី ២៧ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

បន្ទាប់មកនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក  Peter Semone ប្រធានសមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA)។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរិះរកវិធីច្នៃប្រឌិត ដើម្បីពង្រឹងរបៀបវារៈអាស៊ាន ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងរបៀបប្រើប្រាស់ជំនាញ និងបណ្តាញដើម្បីលើកកម្ពស់ និងអនុវត្តដោយប្រសិទ្ធភាពនូវការទទួលស្គាល់ទៅវិញទៅមក សម្រាប់វិជ្ជាជីវៈទេសចរណ៍អាស៊ាន (MRA-TP)។

បណ្ឌិត កៅ គឹមហួន ក៏បានបន្ដជួបពិភាក្សាការងារជាមួយ លោក Kunihiko Hirabayashi អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធីដើម្បីបង្កើនគោលដៅទេសចរណ៍អាស៊ានបន្ថែមទៀត ដល់ទីផ្សារជប៉ុន ជាពិសេស បង្កើតការយល់ដឹងស្តីពីកិច្ចខិតខំប្រឹងប្រែងថ្នាក់តំបន់ ស្តីពីទេសចរណ៍ ប្រកបដោយចីរភាព។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិ ស្តីពីកិច្ចសហការនាពេលខាងមុខ ក្នុងការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការលើកកម្ពស់ទេសចរណ៍ដែលទទួលខុសត្រូវ ផ្នែកបរិស្ថានផងដែរ។

បណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា មុនពេលពិធីបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានអបអរសាទរចំពោះ លោក សុខ សូកេន ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងអាណត្តិថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា។

បណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់ពីកំណើនគួរឲ្យកត់សម្គាល់ នៃវិស័យទេសចរណ៍ ហើយភាគីទាំងពីរ បានពិភាក្សារកវិធី ដើម្បីពង្រឹង និងរៀបចំទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន រួមទាំង ជាមួយប្រទេសដៃគូសន្ទនារបស់អាស៊ានផងដែរ។

បន្ទាប់មកទៀត បណ្ឌិត កៅ គឹមហួន ក៏បានបន្ដជួបពិភាក្សាការងារជាមួយលោកស្រី Suanesavanh VIGNAKET រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈ ស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍របស់អាស៊ាន ក៏ដូចជា អាទិភាពសម្រាប់ការអនុវត្ត ផែនទីចង្អុលផ្លូវសម្រាប់ការបង្កើតទេសចរណ៍ប្រកបដោយចីរភាព។
បណ្ឌិត កៅ គឺមហួន បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់លេខាធិការដ្ឋានអាស៊ាន សម្រាប់ការដឹកនាំរបស់ប្រទេសឡាវ ក្នុងការបង្កើតស្តង់ដារអេកូទេសចរណ៍អាស៊ានក្នុងឆ្នាំ២០២៤។

បណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Dato Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥ អាទិភាពនានា ក៏ដូចជាទិសដៅ នៃទេសចរណ៍អាស៊ាន។
អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការផ្តោតលើការអនុវត្តគំនិតផ្តួចផ្តើមសំខាន់ៗ ដើម្បីសម្រេចបានការអភិវឌ្ឍទេសចរណ៍ ដែលកាន់តែមានចីរភាព និងភាពធន់ ស្របពេលដែលតំបន់ស្វាគមន៍ អ្នកទេសចរវិលត្រឡប់មកវិញកាន់តែច្រើន។

បណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយ លោក Brian McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងថ្នាក់តំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអនុវត្តស្តង់ដារខ្ពស់សម្រាប់វិស័យទេសចរណ៍ ដោយបង្ហាញពីគោលដៅនានា តាមរយៈទីផ្សារដ៏មានប្រសិទ្ធភាព និងការវិនិយោគលើការអប់រំ ដើម្បីរៀបចំអនាគតទេសចរណ៍អាស៊ានមួយប្រកបដោយបរិយាប័្នន និងមានវិបុលភាព។

នៅល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថា ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤។

លោកអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់ដើម្បីឲ្យអាស៊ានរក្សានូវវឌ្ឍនភាព ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍អាស៊ាន។ លោកបណ្ឌិត ក៏បានគូសបញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាពគឺសំខាន់ណាស់ ក្នុងការថែរក្សា និងអភិរក្សបរិស្ថាន វប្បធម៌ និងបេតិកភណ្ឌក្នុងស្រុក ក៏ដូចជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ៕