(ក្រចេះ)៖ សត្វកន្ទាយក្បាលកង្កែបមួយក្បាលវ័យជំទង់ ភេទញី មានទម្ងន់២៦ គីឡូក្រាម ហើយនឹងមានពងនៅក្នុងពោះថែមទៀត ត្រូវបានគេប្រទះឃើញងាប់ នៅចំណុចកោះអណ្ដែងខ្ចី ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

តាមរបាយការណ៍ខណ្ឌជលផលក្រចេះ បញ្ជាក់ថា តាមការធ្វើកោសល្យវិច្ច័យរបស់មន្រ្តីជំនាញ នៃខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WCS បានសន្និដ្ឋានថា សត្វកន្ធាយក្បាលកង្កែបនេះ ងាប់ដោយសារជាប់សន្ទូចរនង ដោយឃើញមានផ្លែសន្ទូច ទាក់ជាប់នឹងជើងរបស់វា។

អង្គការ WCS ក៏បានបញ្ជាក់បន្ថែមថា ជាទូទៅ ផ្លែសន្ទូចដែលមិនបិតនុយ ងាយទាក់ជាប់សត្វកន្ធាយក្បាលកង្កែបដោយខ្លួន ព្រោះសត្វកន្ធាយប្រភេទនេះ មានលក្ខណៈទន់ ហើយកន្ធាយក្បាលកង្កែប ត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ ដោយអនុក្រឹត្យលេខ១២៣អនក្រ ដូចនេះ ការចាប់ និងជួញដូរជាអំពើរខុសច្បាប់។

រដ្ឋបាលជលផល និងអង្គការ WCS សូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងបងប្អូននៅតាមមូលដ្ឋាន ចូលរួមថែរក្សាប្រភេទនេះ ឲ្យបានគង់វង្ស និងចៀសវាងការចាប់និងជួញដូរខុសច្បាប់ ដែលពុំនោះទេ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន៕