(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងសិក្ខាសាលាស្តីពី «ប្រសិទ្ធភាពនៃកិច្ចការនាំពាក្យព័ត៌មាន និងសាធារណមតិ» រៀបចំឡើងដោយ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នាសាលមរតកតេជោ។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ស្ថិតនៅមហាវិថី ឈ្នះ ឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក សេង ឌីណា រដ្ឋលេខាធិការ ក្រសួងយុត្តិធម៍ ។

សិក្ខាសាលាស្ដីពី «ប្រសិទ្ធភាពនៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ» ធ្វើឡើងសម្រាប់អ្នកនាំពាក្យ និង មន្ត្រីទទួលបន្ទុកការងារព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ក្នុងគោលបំណងដើម្បីបញ្ជ្រាបនូវការយល់ដឹង អំពីសារៈសំខាន់នៃការងារនាំពាក្យ ព័ត៌មាន និងសាធារណមតិ សំដៅចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាព នៃការអនុវត្តការងារ ស្របតាមទិសដៅនៃយុទ្ធសាស្ត្រ បញ្ចកោណ និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ហើយសម្រាប់ថ្ងៃទី១ នៃដំណើរការសិក្ខាសាលា លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា អនុប្រធានទី១ គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិ គ.ស.ព.ស. ត្រូវបានអញ្ជើញចូលរួមជាវាគ្មិន ដើម្បីធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធ នឹងប្រសិទ្ធភាពនៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ ។

លោក នេត្រ ភក្ត្រា បានលើកជាសំណួរថា តើអ្នកធ្លាប់បានចោទសួរខ្លួនឯងទេ ថាស្ថាប័នអង្គភាពរបស់ខ្លួនបានបំពេញការងារយ៉ាងច្រើន និងមាន សមិទ្ធផលយ៉ាងច្រើន ប៉ុន្តែហេតុអ្វីបានជាសាធារណជន ហាក់ដូចជា មិនទទួលបានព័ត៌មានពីស្ថាប័នខ្លួន និងពេលខ្លះមានការយល់ច្រឡំ ហើយពលរដ្ឋ ងាយនឹងជឿព័ត៌មានបែបមូលបង្កាច់ថែមទៀត?

ដូច្នេះការធ្វើទំនាក់ទំនងជាមួយស្ថាប័នសារព័ត៌មាន ដើម្បីផ្សព្វផ្សាយគឺជារឿងចាំបាច់ ហើយត្រូវចាំថាកុំអោយព័ត៌មានមិនពិត ដឹកមុខយើង ត្រូវមានការបកស្រាយពន្យល់បានលឿនតាមរយៈប្រពន្ធ័ផ្សព្វផ្សាយ។ បើសិនជាយើងធ្វើច្រើនហើយអត់ផ្សាយ គឺស្មើសូន្យ។

លោករដ្ឋមន្រ្តី បានលើកនូវគន្លឹះសំខាន់ នៃទំនាក់ទំនងសាធារណៈ៖

១៖ ទំនាក់ទំនងជាមួយសហគមន៍ និងសាធារណជន
២៖ ទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកសារព័ត៌មាន ហើយការធ្វើទំនាក់ទំនង គឺក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកការយល់ដឹងពីគ្នានៅទិញនៅមក កាត់បន្ថយការយល់ច្រឡំរវាងគ្នា និងបង្កើនសហប្រតបត្តិការរវាងគ្នា រវាងស្ថាប័ន និងមជ្ឈដ្ឋានខាងក្រៅ។

លោក នេត្រ ភក្ត្រា បានលើកឡើងពីតួនាទីសំខាន់របស់មន្ត្រីនាំពាក្យ គឺជាអ្នកដែលធ្វើការប្រមូលព័ត៌ទាក់ទង នឹងស្ថាប័នខ្លួនដើម្បីផ្សព្វផ្សាយ ទៅសាធារណជន និងគ្រប់គ្រង សាធារណមតិសម្រាប់ស្ថាប័នខ្លួន។
មន្ត្រីនាំពាក្យធ្វើការងារស្និទ្ធ នឹងថ្នាក់ដឹកនាំស្ថាប័ន និងមន្ត្រីទំនាក់ទំនងសាធារណៈ ដើម្បីបញ្ចេញព័ត៌មាន តាមរយៈសេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ធានាថា សាធារណជន បានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។

ឆ្លើយតបទៅសំណួរថាតើ មន្ត្រីនាំពាក្យត្រូវមានអព្យាក្រឹត្យភាពដែរទេ? លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សម្រាប់ស្ថាប័ននៃអំណាចនីតិបញ្ញាត្តិ ស្ថាប័ននីតិប្រតិបត្តិ ក្រុមហ៊ុន ឬអង្គភាពផ្សេងៗ អ្នកនាំពាក្យប្រើតូនាទីជាឆ្មាំការពារស្ថាប័នរបស់ខ្លួនផ្តាច់មុខ។ សម្រាប់ស្ថាប័នតុលាការ អ្នកនាំពាក្យគួរថ្លឹងថ្លែងគោលជំហរ មិនលំម្លៀងចំពោះភាគីនៅក្នុងសំណុំរឿង ព្រោះតុលាការ មានគាគីច្រើន និងឆ្លើយតបនឹងគោលការណ៍ស្មើភាពគ្នានៅចំពោះមុខច្បាប់។

ថ្លែងបើកសិក្ខាសាលានៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ បានលើកឡើងថា អ្នកនាំពាក្យនៅតាមសាលាជម្រះក្តីទូទាំងប្រទេស ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៦។ រហូតមកដល់បច្ចុប្បន្ន ពុំធ្លាប់មានការរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្ដាលពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងកិច្ចការនាំពាក្យ ដល់អ្នកនាំពាក្យនៅតាមសាលាជម្រះក្តីនៅឡើយនោះទេ។

កិច្ចការនាំពាក្យត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការងារព័ត៌មានជូនសាធារណជនទាំងជាតិ និងអន្តរជាតិ អំពីការងារដែល ជាសមិទ្ធផល ព្រមទាំងគោលបំណង និងគោលនយោបាយ របស់ស្ថាប័ន និងអង្គភាពរបស់ខ្លួន។ ដោយឡែក បុគ្គលដែលអាចក្លាយជាអ្នកនាំពាក្យទាមទារឱ្យមានចំណេះដឹង និងភាពប៉ិនប្រសព្វពាក់ព័ន្ធនឹងការងារទំនាក់ទំនងសាធារណៈ។

សម្រាប់អ្នកនាំពាក្យនៅតាមសាលាជម្រះក្តី ទាមទារឲ្យមានលក្ខណៈពិសេស បន្ថែមលើគឺត្រូវស្ថិតនៅចន្លោះកណ្តាលរវាងការងារចំនួនពីរ ដែលមានភាពផ្សារភ្ជាប់គ្នានោះ រួមមាន៖

ទី១៖ ការរក្សាការសម្ងាត់ពាក់ព័ន្ធនឹងកិច្ចការតុលាការ និងទី២ សិទ្ធិទទួលបានព័ត៌មាន ដែលទាមទារឱ្យអ្នកនាំពាក្យត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកិច្ចការនេះ។

ដោយការរក្សាការសម្ងាត់ពាក់ព័ន្ធនឹងកិច្ចការតុលាការ គឺជារឿងចាំបាច់បំផុតសម្រាប់អ្នកនាំពាក្យរបស់សាលាជម្រះក្ដីដែលតម្រូវឲ្យមានការថ្លឹងថ្លែង ឲ្យបានម៉ត់ចត់ថាតើព័ត៌មានប្រភេទណាដែលគួរ ឬមិនគួរធ្វើការផ្សព្វផ្សាយ ដើម្បីចៀសវាងនូវការប៉ះពាល់ដល់កិច្ចដំណើរការ និងសេចក្តីសម្រេចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ។

សិក្ខាសាលានេះ នឹងនាំមកនូវការចែករំលែកចំណេះដឹង ព្រមទាំងបទពិសោធន៍ សំខាន់ៗនានាពាក់ព័ន្ធនឹងកិច្ចការព័ត៌មាន នាំពាក្យ និងសាធារណមតិពីសំណាក់ឥស្សរជនសំខាន់ៗរបស់ រាជរដ្ឋាភិបាល ដែលមានជំនាញ និងឆ្លងកាត់បទពិសោធន៍យ៉ាងច្រើន៕