(ភ្នំពេញ)៖ លោក សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានផ្តល់បទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News ជុំវិញសិក្ខាសាលា ស្តីពីប្រសិទ្ធភាពនៃកិច្ចការនាំពាក្យ ព័ត៌មាន សាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី។

លោក សេង ឌីណា បានថ្លែងថា សិក្ខាសាលានេះមានសារៈសំខាន់ណាស់ ពីព្រោះកិច្ចការអ្នកនាំពាក្យនៅក្នុងសម័យកាលបច្ចុប្បន្ននេះ ហើយវិស័យព័ត៌មានបញ្ចេញ ទៅមានលក្ខណៈទូលំទូលាយ ក្នុងសម័យកាលឌីជីថល ជាពិសេសតាមរយៈការប្រើប្រាស់បណ្តាញសង្គមកម្ពុជា បច្ចុប្បន្ន ខណៈព័ត៌មាន ត្រូវបានបញ្ចូនយ៉ាងលឿន ហើយពេលព័ត៌មាន ដែលនិយាយពីភាពអវិជ្ជមាន គឺកាន់តែលឿនថែមទៀត ដែលមានមនុស្សចែកចាយកាន់តែច្រើន។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បានបញ្ជាក់ថា សម្រាប់ព័ត៌មានដែលចែកចាយលឿន ចេញតែមួយជ្រុង ខណៈដែលលើវិស័យុត្តិធម៌ ពេលខ្លះមហាជនមើលមកហាក់ឃើញថាវិស័យយុត្តិធម៌ បែរទៅជាចំណុចអវិជ្ជមានទាំងអស់ ដូច្នេះ ហើយក្រសួងយុត្តិធម៌ បានមើលឃើញពីភាពចាំបាច់ ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីនាំពាក្យ ព័ត៌មាន ដើម្បីធ្វើការមិនមែនចាំតែពន្លត់ភ្លើង ជាលក្ខណៈប្រតិសកម្មនោះទេ ប៉ុន្តែ គឺត្រូវតែមានសមត្ថភាពក្នុងការតាមដានព័ត៌មាន ការងារសាធារណមតិ ហើយធ្វើការបញ្ចេញព័ត៌មាន តាមលក្ខណៈបុរេសកម្ម។

អ្នកនាំពាក្យនៅតាមសាលាជម្រះក្តីទូទាំងប្រទេស ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៦។ រហូតមកដល់បច្ចុប្បន្ន ពុំធ្លាប់មានការរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្ដាលពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងកិច្ចការនាំពាក្យ ដល់អ្នកនាំពាក្យនៅតាមសាលាជម្រះក្តី នៅឡើយនោះទេ។ ជាក់ស្ដែងកិច្ចការនាំពាក្យ ត្រូវបានបង្កើតឡើងក្នុងគោលបំណង បង្កើនប្រសិទ្ធភាពនៃការងារព័ត៌មាន ជូនសាធារណជនទាំងជាតិ និងអន្តរជាតិ អំពីការងារដែលជាសមិទ្ធផល ព្រមទាំងគោលបំណង និងគោលនយោបាយរបស់ស្ថាប័ន និងអង្គភាពរបស់ខ្លួន។ ដោយឡែកបុគ្គលដែលអាចក្លាយជាអ្នកនាំពាក្យ ទាមទារឱ្យមានចំណេះដឹង និងភាពប៉ិនប្រសព្វពាក់ព័ន្ធនឹងការងារទំនាក់ទំនងសាធារណៈ។ល។

សិក្ខាសាលានេះបានធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ខណៈពិធីបើកបានធ្វើក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៕

ខាងក្រោមនេះជាការលើកឡើងរបស់លោក សេង ឌីណា រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌៖