(ភ្នំពេញ)៖ រដ្ឋាភិបាលអ៉ីស្រាអែល បានប្រកាសថា នឹងជួយឧបត្ថម្ភទំនុកបម្រុងពេញមួយជីវិតដល់ឪពុកម្ដាយរបស់និស្សិតខ្មែរម្នាក់ឈ្មោះ ចាន់ ឧត្តម ដែលបានស្លាប់ដោយសារការវាយប្រហាររបស់ពួកហាម៉ាសប៉ាឡេស្ទីន នៅក្នុងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

ការប្រកាសអំពីការផ្ដល់ជំនួយឧបត្ថម្ភពេញមួយជីវិតនេះបានធ្វើឡើង នៅក្នុងពេលដែលឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសកម្ពុជា លោកស្រី អរណា សាហ្គីវ (Orna Sagiv) ចុះជួបសម្ដែងមរណទុក្ខចំពោះឪពុកម្ដាយរបស់អតីតនិស្សិត ចាន់ ឧត្តម នៅគេហដ្ឋានក្នុងភូមិស្វាយតាមេឃ ឃុំ កោះធំ «ខ» ស្រុកកោះធំ ខេត្តកណ្ដាល។

សម្ភាសន៍ លោកស្រី អរណា សាហ្គីវ ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសថៃ និងកម្ពុជា (Orna Sagiv) ៖ «យើងនឹងជួយទំនុកបម្រុងដល់ក្រុមគ្រួសាររបស់អ្នកដែលបានបាត់បង់ជីវិត ពេញមួយជីវិត ដោយមិនគិតពីជាតិសាសន៍ នោះឡើយ មិនថាជាជនជាតិអ៉ីស្រាអែល ឬកម្ពុជា ឬជាតិសាសន៍ផ្សេងទៀតនោះទេ ។ រដ្ឋាភិបាលអ៉ីស្រាអែល នឹងជួយទំនុកបម្រុងជារៀងរាល់ខែដល់ក្រុមគ្រួសាររបស់ពួកគាត់ពេញមួយជីវិត បើទោះបីជាយើងដឹងថា គ្មានអ្វីដែលអាចសងចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នោះឡើយ។ ទោះបីប្រទេសអ៉ីស្រាអែលមិនមែនជាអ្នកបង្កឲ្យពួកគាត់ស្លាប់ក្ដី ហើយយើងជាជនរងគ្រោះដោយសារតែការវាយប្រហារភេរវកម្មទៅទៀត ប៉ុន្តែ យើងនៅតែសងសំណងដល់ប្រជាពលរដ្ឋរបស់យើងដើម្បីឲ្យពួកគាត់បានរស់នៅសមរម្យ ហើយយើងផ្ដល់សំណងដូចគ្នា ក្នុងចំនួនទឹកប្រាក់ដូចគ្នាដល់ជនបរទេស រាប់បញ្ចូលទាំងជនជាតិកម្ពុជាផងដែរ» ។

លោកស្រី ណង ណារុត ជាម្ដាយ របស់និស្សិត ចាន់ ឧត្តម បានថ្លែងពីការអរគុណចំពោះការយកចិត្តទុកដាក់ពីរដ្ឋាភិបាលអ៉ីស្រាអែល ចំពោះការស្លាប់បាត់បង់ជីវិតរបស់ និស្សិតចាន់ ឧត្តម ជាកូន ក៏ដូចជា ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការខ្នះខ្នែងជួយជ្រោមជ្រែងក្នុងគ្រាលំបាក ។

លោកស្រី ណង ណារុត ម្ដាយនិស្សិត ចាន់ ឧត្តម៖ «ខ្ញុំរំភើប ហើយក៏អរគុណគាត់ដែរ ដែលខំចំណាយពេលវេលាមកជួយរំលែកទុក្ខដល់ក្រុមគ្រួសារខ្ញុំតាំងពីអ៉ីស្រាអែលមក ខ្ញុំអរគុណគាត់»។ ……. «ជារឿងល្អ ព្រោះគាត់ជួយរំលែកទុក្ខយើង ហើយយើងក៏មានការខ្វះខាតដែរ ចឹងយើងអរគុណគាត់។ គាត់ជួយឧបត្ថម្ភឲ្យយើងយកមកធ្វើបុណ្យ ហ្នឹងក៏អរគុណធំៗដល់គាត់»។ …… «ខ្ញុំលឺសូរដំណឹងថាកូនស្លាប់ហ្នឹង ខ្ញុំចង់គាំងហ្មង ព្រោះអីស្លាប់ម្នាក់ហើយប៉ះកូនយើងចឹងបារម្ភខ្លាំង។ ស្អែកឡើងបាន សម្តេចធិបតី ហ៊ុន ម៉ាណែត ហ្នឹងគាត់តេ មកខ្ញុំផ្ទាល់ គាត់ថា ចូលរួមរំលែកទុក្ខផង ឲ្យមីងធ្វើបុណ្យ ៧ ថ្ងៃ ៧ យប់ទៅ ។ ហើយបើសាកសពមកពេលណាចាំយើងធ្វើទៀត ចឹងក៏ខ្ញុំអរគុណរាជរដ្ឋាភិបាលដែរ ដែលគាត់យកចិត្តទុកដាក់ក្រុមគ្រួសារខ្ញុំព្រោះអីគាត់ដឹងថាស្លាប់យប់ហ្នឹង ព្រឹកព្រលឹមឡើងគាត់តេមកខ្ញុំហ្មង សម្តេចធិបតី ហ៊ុន ម៉ាណែត ខ្ញុំអរគុណគាត់មែនទែន និងលោកឪពុកគាត់ហ្នឹង សម្ដេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ខ្ញុំអរគុណគាត់ដែរ ព្រោះគាត់ជួយខ្នះខ្នែង ហើយខាងស្ថានទូតអ៉ីស្រាអែលក៏គាត់ខ្នះខ្នែងបានសាកសពកូនមកធ្វើបុណ្យ។ ហើយក្រសួងការបរទេសក៏ខ្នះខ្នែង»

យុវជន ចាន់ ឧត្តម មានវ័យ ២៤ឆ្នាំ ជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយទទួលបានការកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាមខិតខំរៀនសូត្រ រហូតទទួលបានឱកាសទៅបន្តសិក្សានៅប្រទេសអ៉ីស្រាអែលលើជំនាញកសិកម្ម ។ ជាអកុសលនៅថ្ងៃទី៧ តុលា ឆ្នាំ ២០២៣ ឧត្តម បានទទួលមរណភាពដោយការវាយប្រហាររបស់ពួកហាម៉ាសទៅលើប្រទេសអ៉ីស្រាអែល។

រាជរដ្ឋាភិបាលបានសម្ដែងនូវមរណទុក្ខជូនចំពោះ ក្រុមគ្រួសារនៃសពរបស់ឧត្តម ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត បានផ្ញើសាររំលែកទុក្ខចំពោះការបាត់បង់និស្សិតដ៏ឆ្នើមរូបនេះផងដែរ៕