(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់នាយករដ្ឋមន្រ្តីវៀតណាមជូនចំពោះ សម្ដេចធិបតី និងក្រុមគ្រួសារ។

លោក តូ ឡឹម ក៏បានបង្ហាញជំនឿយ៉ាងមុតមាំផងដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី កម្ពុជានឹងសម្រេចបាននូវសមិទ្ធផល យ៉ាងត្រចះត្រចង់បន្ថែមទៀត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ភាគីវៀតណាម នៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឲ្យកាន់តែរស់រវើកបន្ថែមទៀត ជាពិសេសលើផ្នែកនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាពហុភាគី។

លោករដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាតិ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន ការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា តាមរយៈការចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍លើវិ័ស័យឌីជីថលនេះ ដោយសារវៀតណាម ក៏បាននិងកំពុងមានកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថលនេះ ជាមួយនឹងសិង្ហបុរី និងម៉ាឡេស៊ីផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ និងចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសកិច្ចប្រតិបត្តិការក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសផ្សេងៗទៀតផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ដែលភាគីវៀតណាម នឹងចែករំលែកនូវបទពិសោធន៍នេះ ជាមួយក្រសួងមហាផ្ទៃកម្ពុជាផងដែរ។

មុននឹងបញ្ចប់ សម្តេចធិបតី និងលោករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការកសាងធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរសិក្ខាកាមនៃប្រទេសទាំងពីរលើវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ៕