(កណ្តាល)៖ ដីព្រៃលិចទឹកប្រមាណជិត១០ហិកតា មានទីតាំងនៅចំណុចទល់មុខវត្តខន្តី ក្នុងភូមិស្លាមាត ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានឈ្មួញពីរក្រុមយកគ្រឿងចក្រជាច្រើនគ្រឿង ទៅសម្រុកឈូសឆាយកាយ លើកជាទំនប់ហ៊ុំព័ទ្ធវាទយកធ្វើជាដីកម្មសិទ្ធិ យ៉ាងអនាធិបតេយ្យ នៅក្នុងរដូវទឹកទន្លេ តម្លើងជិតលិចទៅហើយនោះ។ ចំណែកមន្ត្រីអាជ្ញាធរពាក់ព័ន្ធហាក់ព្រងើយកន្ទើយ មិនមានវិធានការទប់ស្កាត់ ឬបង្ក្រាបនោះទេ។
ពាក់ព័ន្ធនិងករណីខាងលើនេះលោក ញ៉ែម វន្ថា អភិបាលរងស្រុកស្អាង ទទួលបន្ទុកបង្ក្រាបបទល្មើស មិនបានអះអាងថាយ៉ាងមិចនោះទេ ដោយលោករុញអោយទៅសួរលោក ញឹម វណ្ណឌឹន ជាអភិបាលស្រុកស្អាងទៅវិញ។
ប្រជាពលរដ្ឋរស់នៅឃុំតាលន់ ស្រុកស្អាងបាននិយាយថា ដីព្រៃលិចទឹកប្រមាណជិត១០ហិកតានេះ ត្រូវបានឈ្មួញពីរក្រុមយកគ្រឿងចក្រជាច្រើនគ្រឿង ទៅលើកជាទំនប់ហ៊ុំព័ទ្ធវាទ យកធ្វើជាដីកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងអនាធិបតេយ្យគេ ពុំដែលឃើញមន្ត្រីពាក់ព័ន្ធធ្វើការទប់ស្កាត់ ឬបង្ក្រាបនោះទេ ហើយពួកឈ្មួញ ចេះតែធ្វើសកម្មភាពទន្ទ្រានឥតឈប់ឈរ ធ្វើឲ្យដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន វារួញបាត់បន្តិចៗម្តង ពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រជាពលរដ្ឋបានសំណូមពរសូមអោយអាជ្ញាធរខេត្ត ជួយមានវិធានការទប់ស្កាត់ផង ព្រោះបើសង្ឃឹមទៅលើមន្ត្រីថ្នាក់ក្រោម គឺភាគច្រើនសុទ្ធតែក្រុមភួយធំ បន្លំដេកតែប៉ុណ្ណោះ ដោយសារតែពួកគេទទួលបានប្រយោជន៍ ពីឈ្មួញពេលខ្លះថ្នាក់លើស្រែកទើបនាំគ្នាស្ទុះស្ទា ទៅឃាត់ឬចាប់៕