(ស្ទឹងត្រែង)៖ សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តស្ទឹងត្រែង។

កិច្ចប្រជុំនេះ ប្រារព្ធធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សា លោក គៀង សេងគី អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធភាពជាតិក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងមានការអញ្ជើញពីលោក លោកស្រី សមាជិក សមាជិកាសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់មកពីឃុំសង្កាត់ក្រុងស្រុកទាំង៦។

បន្ទាប់ពី លោក លី ទិត ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តស្ទឹងត្រែង បានអានរបាយការណ៍លទ្ធផលការងាររបស់សមាគមនក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់រួចមក លោក គៀង សេងគី អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធភាពជាតិក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ បានថ្លែងថា កិច្ចប្រជុំនាពេលនេះ ក្រុមប្រឹក្សា ក្រុងស្រុក ឃុំ សង្កាត់ និងគណៈកម្មាធិការប្រតិបត្តិ និងបានជជែកគ្នា ដើម្បីឲ្យសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ នៅមូលដ្ឋានបានយល់ជ្រាបកាន់តែច្បាស់ អំពីតួនាទីភារកិច្ច និងយល់ដឹងថា តើត្រូវអនុវត្តរួមគ្នាលើកិច្ចការងារអ្វីខ្លះ ឲ្យស្របទៅនឹងបរិបថនយោបាយ របស់រាជរដ្ឋាភិបាល។

លោក គៀង សេងគី បានបន្តថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយកម្មវិធីជាតិអភិវឌ្ឍន៍ តាមបបែបលទ្ធិប្រជាធិបតេយ្យដំណាក់កាលទី២ ដូចនេះគឺសមាគមមានតួនាទី ត្រូវតែអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យមានភាពល្អប្រសើរ ដើម្បីឲ្យសមាគមក្លាយជាដៃគូ ដ៏មានភាពជឿជាក់ជាមួយរាជរដ្ឋាភិបាល។

លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានថ្លែងថា តាមរយៈរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តស្ទឹងត្រែង បានឲ្យឃើញថា សមិទ្ធផលដែលសមាគមសម្រេច បាននាពេលកន្លងមកនេះ គឺបានឆ្លុះបញ្ជាំងពីជ្រុងមួយ នៃសមត្ថភាពរបស់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលបានផ្សារភ្ជាប់ដោយភាពស៊ីសង្វាក់ ប្រទាក់ក្រឡាគ្នារវាងរាជរដ្ឋាភិបាល ដំណាក់កាលទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្រាប់អាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី។

លោកប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងបន្តថា កិច្ចប្រជុំដែលមានរយៈពេលមួយព្រឹកនេះ ពិតជាមានសារៈសំខាន់ណាស់ដែលមានគោលដៅ និងជាសក្ខីភាពដែលបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់លោក លោកស្រីដែលជាថ្នាក់ដឹកនាំ និងជាសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបន្តនូវចីរភាពដល់សមាគមមួយ ដែលជាតំណាងសម្លេង និងការពារផលប្រយោជន៍របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងដើម្បីលើកម្ពស់ជីវភាពនៃការរស់នៅ និងសុកមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈអភិបាលកិច្ចល្អតាមបែបវិមជ្ឈការនិងសហវិមជ្ឈការ និងដើម្បីលើកកម្ពស់សមត្ថភាពបង្កើនប្រសិទ្ធភាព និងសាកសិទ្ធភាព និងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕