(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីយុត្តិធម៌ ត្រូវធ្វើយ៉ាងណាពន្លឿននីតិវិធីករណីគ្រោះថ្នាក់ចរាចរណ៍ឱ្យបានលឿន ដើម្បីធ្វើយ៉ាងណាកុំឱ្យសាច់ញាតិជនរងគ្រោះទទួលភាពអយុត្តិធម៌ ដោយសារតែការពន្យារនីតិវិធីរបស់តុលាការឱ្យសោះ។

ការណែនាំបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាស្តីពី «ប្រសិទ្ធភាព នៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី» នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ «រឿងគ្រឿងគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ដោយសារគេបុក ដោយខុសច្បាប់ កំហុសអ្នកបើកបរ រងគ្រោះឪពុក ម្តាយ ឬកូន ស្លាប់សោកនាដកម្មមួយ កន្លែងខ្លះត្រូវមើលឱ្យឃើញរកតែលុយធ្វើបុណ្យសពអត់មានផង ប៉ុន្តែបែរជាយើងត្រូវការពេលវេលារាប់ឆ្នាំ ដើម្បីស៊ើបអង្កេត ។ លោកម្ចាស់ថ្លៃហើយ គេរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ គេភ្លេចបាត់ទៅហើយ ប៉ុន្តែគេដក់ជាប់នឹងភាពអយុត្តិធម៌ ដោយសារតែយើង គឺរងគ្រោះទី២ គេចាំជាងគេអារងគ្រោះទី២នេះ ផ្សាយមួយផ្អើលទូទាំងប្រទេស អូ ! តុលាការនេះអត់លុយសូកទើបវាទុកយូរ»

នាឱកាសនោះដែរ ឧនាយករដ្ឋមន្ត្រី កើត រិទ្ធ បានណែនាំទៅចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីយុត្តិធម៌ទាំងអស់ មិនត្រូវទុកសំណុំគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យជនរងគ្រោះស្លាប់ ហើយសាច់ញាតិក្លាយជាជនរងគ្រោះ ដោយសារការពន្យារនីតិវិធីរបស់តុលាការនោះទេ។ ដូច្នេះ សូមជំរុញរឿងទាំងនេះ ដើម្បីជួយទៅដល់ជនរងគ្រោះ។

នាឱកាសនោះដែរ ឧនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា៖ «ចំពោះរឿងគ្រោះថ្នាក់ចរាចរណ៍ ការងារអាទិភាពសំខាន់ជាងគេ គឺជនរងគ្រោះទទួលបាននូវសំណង ក៏ប៉ុន្តែនៅពេលបានសំណងហើយក៏មិនត្រូវ ឱ្យអ្នកបុកជនរងគ្រោះស្លាប់ ហើយបង់លុយរួចខ្លួននោះដែរ។ គឺមិនឱ្យមានស្ថានភាពនេះនោះទេ វានឹងបង្កើតឱ្យមានកំហឹងវណ្ណៈក្នុងសង្គម វាបង្កើតបានជាការផ្គើនមួយ ចំពោះមុខច្បាប់ដោយសារតែអំណាចទឹកលុយ យើងទទួលអត់បានទេ»

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្ថែមថា នៅពេលដែលជនបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យជនរងគ្រោះស្លាប់ តែបង្ហាញពីឆន្ទៈទទួលខុសត្រូវ ដោយចូលខ្លួនដោះស្រាយសំណង នោះមានន័យថា ជនបង្កអាចរួចខ្លួនតាមផ្លូវច្បាប់នោះដែរ ប៉ុន្តែ ចំណុចនេះតុលាការអាចពិចារណា សម្រាលទោសដល់ជនបង្ក ដោយសារជនរងគ្រោះបានដកពាក្យបណ្តឹង។ ប៉ុន្តែ ច្បាប់ត្រូវតែមានវិធានការ យ៉ាងតឹងរឹងចំពោះជនបង្កបើកបរបុកជនរងគ្រោះ បណ្តាលឱ្យស្លាប់ ហើយគេចមិនចូលខ្លួន ដើម្បីដោះស្រាយ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ថា «រកវិធី ខ្ញុំនឹងកែក្រមនីតិវិធីព្រហ្មទណ្ឌ អនុញ្ញាតឱ្យមាននីតិវិធីមួយ បើច្បាស់លាស់កន្លែងរត់ទៅណា គឺថាអនុវត្តន៍យកនីតិវិធីរដ្ឋប្បវេណី មកប្រើរឹបអូសទ្រព្យមួយចំនួនអនុវត្តន៍បណ្តោះអាសន្នតែម្តង អត់រង់ចាំទេ បើអញ្ចឹងគ្នារងគ្រោះពីរដង»

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្ថែមថា ការចាប់បង្ខំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ នឹងផ្លាស់ប្តូរឥរិយាបថជនបង្ក ដែលបុកជនរងគ្រោះស្លាប់ហើយរត់គេចខ្លួន។ តែទោះជាយ៉ាងណាលោករដ្ឋមន្ត្រី បានឱ្យដឹងថា មិនមែនរាល់ករណីគ្រោះថ្នាក់ចរាចរណ៍ សុទ្ធបង្កឡើងដោយអ្នកបើកបររថយន្តនោះដែរ។ ខុស ឬត្រូវអាស្រ័យលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង៕