(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង តំណាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោគលខេមរភូមិន្ទ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានទទួលជួបនាយឧត្តមសេនីយ៍ Punpakdee Pattanakul មេបញ្ជាការកងទ័ពជើងអាកាសភូមិន្ទថៃ ក្នុងឱកាសដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ក់ សារុន បានសំដែងនូវការស្វាគមន៍ដល់គណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា បង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ក្នុងនាមអ្នកជិតខាងល្អ។

នាយឧត្តមសេនីយ៍ ម៉ក់ សារុន បានជម្រាបជូនពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេសក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញដែលមិនធ្លាប់មានជាច្រើនទសវត្សរ៍មកហើយ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរង បានគូសរំលេចពីព្រឹត្តិការណ៍សំខាន់ៗដែលកម្ពុជា សម្រេចបានកន្លងមក ក្នុងនោះដំណើរការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យ និងការរៀបចំរាជរដ្ឋាភិបាលថ្មី ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តនិរន្តរភាពថែរក្សាសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

នាយឧត្តមសេនីយ៍ ម៉ក សារុន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច ការបញ្ជូនសិក្ខាកាមកងទ័ពកម្ពុជាទៅសិក្សានៅព្រះរាជាណាចក្រថៃ ជាបន្តបន្ទាប់។ ដោយឡែកកងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនក៏មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាផងដែរ។

ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ Punpakdee Pattanakul បានសម្ដែងនូវការអរគុណ ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រើននៅគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងពេលបច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ Punpakdee Pattanakul បានមានជំនឿយ៉ាងមុតមាំថា ទៅថ្ងៃអនាគតប្រទេសទាំងពីរនៅតែបន្តពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត៕