(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់ ផ្ទះមួយខ្នង ជូនគ្រួសារកុមារីងាយរងគ្រោះឈ្មោះ អ៊ីម ស៊ីឃាង អាយុ១៤ឆ្នាំជាសិស្សថ្នាក់ទី៧ ដែលបណ្តាញផ្សព្វផ្សាយសង្គម បានចុះផ្សាយស្តីពីយកសំបកការ៉ុងស្ពាយ ធ្វើជាកាបូបស្ពាយទៅរៀនកន្លងទៅ ដែលមានលោកពុកឈ្មោះ ចក់ អ៊ីម អាយុ៤៤ឆ្នាំ ម្តាយឈ្មោះ ហោ ណារ៉ា អាយុ៣៦ឆ្នាំ មានជំងឺសតិអារម្មណ៍មានកូន៣នាក់ក្មួយ ស្រីជាកូនទី២ក្នុងចំណោមបងប្អូណទាំង៣ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក សុខ លូ បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់គ្រួសារ កុមារី អ៊ីម ស៊ីឃាង ។

លោកប្រធាន បានបញ្ជាក់ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីដ៏លំបាកមួយនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីអាណិតអាសូរជាពន់ពេក ហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗជាបន្តបន្ទាប់ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព និងបានពិនិត្យលទ្ធភាពសាងសង់ផ្ទះ និងព្យាបាលម្តាយ និងជាការលើកទឹកចិត្ត ឲ្យខិតខំតស៊ូប្រឹងប្រែង រៀនសូត្រ តទៅមុខទៀតដើម្បីជីវភាពគ្រួសារ និងអនាគតរបស់កូនៗ»

លោកបានថ្លែងកោតសរសើចំពោះកុមារីដែលបានខិតខំតស៊ូក្នុងការសិក្សាទោះបីជីវភាពគ្រួសារខ្វះខាតយ៉ាងណាក៏ដោយ សូមកុមារីត្រូវចេះថែរក្សាសុខភាព ព្រោះការសិក្សានិងសុខភាពត្រូវដើរទន្ទឹមគ្នា និងសូមសរសើចំពោះអាណាព្យាយាបាលដែលត្រូវខិតខំ ប្រឹងប្រែងតស៊ូបន្ដទៀតទាំងការសិក្សា នឹងត្រូវចេះស្ដាប់បង្គាប់ ឪពុកម្ដាយ អ្នកគ្រូ លោកគ្រូ និងត្រូវខិតខំរៀន សូត្រឲ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អ សម្រាប់ពេលអនាគត់ ក្លាយជាទំពាំងស្នងឬស្សី សម្រាប់បន្តវេណមនុស្សជំនាន់ក្រោយៗទៀត ដើម្បីជាមូលដ្ឋានដោះស្រាយទុក្ខលំបាកសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

លោកប្រធានបាននាំប្រសាសន៍ផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងបានចូលរួមត្រេកអរចំពោះ គ្រួសារកុមារីងាយរងគ្រោះ អ៊ីម ស៊ីឃាង  ដែលទទួលបានទីជម្រកថ្មី ដ៏សែនកក់ក្ដៅសម្រាប់ជ្រកកោនតទៅ ដើម្បីបានជាជម្រក ជាម្លប់តរៀងទៅជាពិសេសអបអរសាទរចំពោះលោកស្រី ហោ ណារ៉ា ត្រូវជាម្តាយកុមារី អ៊ីម ស៊ីឃាង ដែលបានធូស្បើយពីជំងឺផងដែរ។  

លោក ប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរម្លឹកដល់ក្រុមគ្រួសារ និង អ៊ំពូមីង បងប្អូនទាំងអស់សូមថែរក្សាសុខភាពខ្លួនប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ ជាសំខាន់នោះចំពោះសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ ដើមី្បជៀសវាងកើតឡើង នូវប្រការអាក្រក់ណាមួយចំពោះ ក្រុមគ្រួសារបងប្អូននិងធ្វើអនាម័យ បរិស្ថាននៅជុំវិញលំនៅដ្ឋាន និង បំបាត់ទីជម្រកមូសខ្លា ដែលជាភ្នាក់ងារជំងឺគ្រុនឈាម មកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ។

សូមបញ្ជាក់ថា ផ្ទះខាងលើខ្នងនេះ ចំណាយថវិកា ៥,៥៥០ដុល្លារ មានទំហំ ៤.៤០ ម៉ែត្រ គុណ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះ តយ៉ាបខាងមុខ២.៥ម៉ែត្រផងដែរ។

ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជា ខេត្តបានផ្តល់អំណោយជូន សម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ១០០គីឡូក្រាម, មី៥កេស,ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ៥យួរ ត្រីខ៥០កំប៉ុង, ឈុតគ្រឿងចានឆ្នាំងនិងថវិកា មួយចំនួន ដោយឡែក លោកយាយលោកតាចាស់ៗ និងប្រជាពលរដ្ឋក្រីក្រដែលរស់នៅជិតខាងចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរទឹក
ស៊ីអ៊ីវ១យួរ ទឹក ទឹកបរិសុទ្ធ១កេស និងថវិកាមួយចំនួនផងដែរ។

លោក ចក់ អ៊ីម ត្រូវជាឪពុកក៏បង្ហាញពីសេចក្ដីរំភើបរីករាយឥតឧបមារ ក្រោយពេលទទួលបានផ្ទះថ្មី១ខ្នងលេខរៀងទី១១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធា
នកាកបាទក្រហមកម្ពុជាតាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង៕