(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា ក្រសួងបានសម្រេចការងារសឹងតែ ១០០% ទៅតាមផែនការ ដែលត្រូវបានកំណត់ក្នុងឆ្នាំ២០២៣។

លោកស្រីរដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣​ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅសាលសន្នសីទចតុម្មុខ។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលអនុញ្ញាតឱ្យការងារក្នុងវិស័យ វប្បធម៌និងវិចិត្រសិល្បៈ នាឆ្នាំ២០២៣ កន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរ រហូតដល់ជាង ៩០% នៃ ផែនការសកម្មភាពទូទៅរបស់ក្រសួង»

លោកស្រីបានបន្តថា លទ្ធផលទទួលបាននេះ ក៏មានការចូលរួមចំណែកដ៏សំខាន់ផងដែរ ពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន ដែលសុទ្ធតែជាសមាសភាពដ៏ចាំបាច់ ក្នុងការជំរុញវិស័យវប្បធម៌និងវិចិត្រសិល្បៈ ឱ្យស្ថិតនៅលើវិថីមួយដ៏ត្រឹមត្រូវ ជោគជ័យ និង ពង្រឹង បាននូវប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិខ្មែរ។

ជាមួយគ្នានេះ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ បានឲ្យដឹងថា សកម្មភាពការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឆ្នាំ២០២៣កន្លងទៅ មានចំនួនសរុបប្រមាណ ៧,៩៤០ ក្នុងនោះសកម្មភាពការងារក្នុងផែនការមានចំនួនប្រមាណ ១,៥១៥ និងសកម្មភាពការងារក្រៅផែនការមានចំនួនប្រមាណ៦,៤២៥។ បើធៀបនឹងឆ្នាំ២០២២ សកម្មភាពការងារជារួមក្នុងឆ្នាំ២០២៣ មានការកើនឡើងចំនួន ៤,២២៣ សកម្មភាព ស្មើនឹង១១៣.៦១% រីឯចំនួនឯកសារចេញ-ចូលក្រសួង មានចំនួន ៦,០២៩ មានការកើនឡើងចំនួន ១៤០.៣% បើធៀបនឹងឆ្នាំ២០២២។

លោករដ្ឋលេខាធិការប្រចាំការ បានបន្តថា ក្នុងទិដ្ឋភាពរួម ក្រសួងសម្រេចបានលទ្ធផលការងារចំនួន ៩៦.៨២% ដោយក្នុងនោះ ការងារនៅក្នុងផែនការសម្រេចបាន ៩៤.០៥% រីឯការងារនៅក្រៅផែនការសម្រេចបាន ៩៨.៨១%៕