(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានចេញមកបំភ្លឺក្រោយមានការចោទប្រកាន់ថា អាជ្ញាធរបានទៅប៉ះពាល់ដល់ដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង។

តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្នុងឆ្នាំ២០២០ មានគ្រោះទឹកជំនន់ទន្លេមេគង្គដែលបណ្តាលឲ្យបាក់ច្រាំងទន្លេ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២១គ្រួសារ នៅឃុំឆ្លូង ស្រុកឆ្លូង ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តបានស្នើសុំរាជរដ្ឋាភិបាល កាត់ផ្ទៃដីចំនួន៣.៧៧ហិកតា ដីចំការម៉ៃសាក់ ស្ថិតនៅភូមិ ហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ចេញពីការគ្រប់គ្រងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ជាដីសម្បទានសង្គមកិច្ច ដោយរៀបចំជាឡូតិ៍ដីចំនួន៩០ឡូតិ៍ ដីបម្រុងទុកចំនួន១,២៨៥ហិកតា រក្សាទុកសម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះ​ ដោយទឹកជំនន់បណ្តាលមកពីបាក់ច្រាំងទន្លេជាបន្តទៀត ក្នុងនោះបានផ្ដល់ ជូនប្រជាពលរដ្ឋរងគ្រោះចំនួន២១ឡូតិ៍ និងដីតំបន់រដ្ឋបាលចំនួន ៦ឡូតិ៍ ផ្ដល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំហាន់ជ័យ សម្រាប់សាងសង់ប៉ុស្តិ៍ចំនួន៣ឡូតិ៍ នៅក្នុងឆ្នាំ២០២៤។

រដ្ឋបាលខេត្តក្រចេះ បានបន្ថែមថា គណនីតេឡេក្រាមឈ្មោះ គ្រូ ឈង មានឈ្មោះ លឹម សុខឈង បច្ចុប្បន្នរស់នៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ដោយកន្លងមកបុគ្គលនេះបានធ្វើសកម្មភាពចូលទន្ទ្រាន និងកាន់កាប់ដីសម្បទាន សង្គមកិច្ចខាងលើជាច្រើនលើក។ ថ្មីៗនេះ បុគ្គលនេះបានសង់រោងដែក ដាំដុះដំណាំ និងដាំបង្គោលភ្លើងបំពាក់ សូឡានៅលើទីតាំងដីសម្បទានសង្គមកិច្ច ទោះបីជាអាជ្ញាធរឃុំ និងស្រុក បានណែនាំដោះស្រាយ និងហាមឃាត់ ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏បុគ្គលនេះមិនអនុវត្តតាមការណែនាំឡើយ។

ជុំវិញករណីខាងលើនេះ ទីតាំងដីសម្បទានសង្គមកិច្ចចំការព្រៃម៉ៃសាក់ ស្ថិតនៅភូមិហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ មានស្ថានភាពស្ងប់ស្ងាត់ ប្រជាពលរដ្ឋទទួលបានដីសម្បទានសង្គមកិច្ចរស់ នៅជាធម្មតាមានតែឈ្មោះ លឹម សុខឈង ម្ចាស់គណនីតេឡេក្រាមឈ្មោះ គ្រូ ឈាង នេះទេ ដែលចូលទៅទន្ទ្រាន កាន់កាប់នៅទីតាំងដីសម្បទានសង្គមកិច្ចនោះ។

ដូច្នេះការផ្ញើសារផ្ដល់ព័ត៌មានចូលក្នុងតេឡក្រាម សម្ដេចតេជោ គឺជាការបំភាន់ព័ត៌មាន និងប្រឌិតរឿងឡើងក្នុងគោលបំណងបង្ហូចកិត្តិយសមន្ត្រីរាជការ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច៕