(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ។

កិច្ចប្រជុំនេះបានរៀបចំធ្វើឡើង នៅសាលប្រជុំសាលាជាតិពន្ធដារ ដោយមានការចូលរួមពីលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំ​ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូប។

នៅឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានប្រមាណជា ៣ ៦១២.១២លានដុល្លារ ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ប្រចាំឆ្នាំ២០២៣ កើន៤.៤៩% ធៀបនឹងឆ្នាំ២០២២។ 

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ថា អគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នប្រមូលចំណូលដ៏សំខាន់បំផុត សម្រាប់ជាតិ និងវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពន្ធដារទាំងអស់ ក្នុងការចូលរួមចំណែក បំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ចំពោះលទ្ធផល នៃការធ្វើទំនើបភាវូបនីយកម្មស្ថាប័ន និងសម្រេចបានលទ្ធផលការងារ គ្រប់គ្រងប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ ដោយ សម្រេចបានលើសផែនការ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យ ភាពមិនប្រាកដប្រជានៃស្ថានភាព សេដ្ឋកិច្ច និងនយោបាយសកលយ៉ាងណាក៏ដោយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយដ្ឋានពន្ធដារ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ លើទិដ្ឋភាព ២ ផ្នែក។

ផ្នែកទី១៖ កិច្ចការចំពោះមុខ (រយៈពេលខ្លី ឆ្នាំ២០២៤) ផ្អែកលើសភាពការណ៍សេដ្ឋកិច្ច-សង្គម ទោះបីការរំពឹងទុកកំណើនសេដ្ឋកិច្ចជា វិជ្ជមានយ៉ាងណាក្តី ភាពមិនប្រាកដប្រជានៅមានច្រើន គឺស្តែងចេញជាបញ្ហាប្រឈម និងសម្ពាធ ដែលតម្រូវឲ្យយើងត្រៀមខ្លួនទាំងផ្នែក គោលនយោបាយ ភាពទន់ភ្លន់ និងផែនការសកម្មភាព ហើយត្រូវប្រឹងប្រែងកាន់តែខ្លាំងក្លាជាងមុន និងត្រូវអនុវត្តដោយ យកចិត្តទុកដាក់ជាមួយអ្នកជាប់ពន្ធ។

ផ្នែកទី២៖ កិច្ចការរយៈពេលវែង (គោលដៅឆ្នាំ២០២៨) ជំរុញ និងគាំទ្រអគ្គនាយកដ្ឋានពន្ធដារកែប្រែឱ្យក្លាយទៅជា Tax Administration 2.5 ដែលក្នុងបរិការណ៍នេះ ការបង្កើនល្បឿននៃកិច្ចការកែទម្រង់ គឺជាអភិក្រម នៃការដោះស្រាយបញ្ហានានា។ បន្ថែមពីលើនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវធាតុចូលប្រកប ដោយខ្លឹមសារនិងចក្ខុវិស័យគ្រប់ជ្រុងជ្រោយបន្ថែមទៀត សម្រាប់យុទ្ធសាស្ត្រកៀរគរចំណូល ២០២៤-២០២៨៕