(ភ្នំពេញ)៖ ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ទៅផ្លូវជាតិលេខ៣៣) បន្ទាប់ពីបើកការដ្ឋានកាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ នឹងឈានដល់ការចាក់បេតុងកៅស៊ូ រួចរាល់ផងដែរនាកំឡុងខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ខណៈការសាងសង់រួចរាល់ទាំងស្រុងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤។

បើតាមការបញ្ជាក់ពីលោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យថា «ផ្លូវជាតិលេខ៣១ គិតមកដល់ពេលនេះសម្រេចការសាសងសង់បានប្រមាណ ៤០%ហើយ ក្នុងនោះការចាក់អ៊ុតបេតុងកៅស៊ូ (AC) នឹងរួចរាល់នាខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ខណៈដែលការបំពាក់គ្រឿងបរិក្ខាផ្លូវថ្នល់ និងកិច្ចការផ្សេងៗជាច្រើនទៀត នឹងរួចរាល់ទាំងស្រុងនៅចុងឆ្នាំ២០២៤»

សូមជម្រាបជូនថាដែរ បច្ចុប្បន្នផ្លូវជាតិលេខ៣១ ដែលមានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ទៅ ផ្លូវជាតិលេខ៣៣) កំពុងដំណើរការស្តារ និងលើកកម្រិតគុណភាព បន្ទាប់ពីបើកការដ្ឋានកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ និងគ្រោងបញ្ចប់នៅកំឡុងឆមាសទី២ ឆ្នាំ២០២៤ខាងមុខនេះ។

ផ្លូវជាតិលេខ៣១នេះ កំពុងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន, ចំពោះផ្លូវជាតិលេខ៣១ គ្រោងចំណាយថវិកាប្រមាណជាង ៦០លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕