(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីយុត្តិធម៌ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះមេក្លោងគ្រឿងញៀន គឺមិនត្រូវអង្គុយបក់ផ្សែងទៀតទេ ប៉ុន្តែ ត្រូវនាំគ្នាពន្លត់ភ្លើងតែម្តង។

ការបញ្ជាក់បែបនេះរបស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងលោកបានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី «ប្រសិទ្ធភាព នៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី» នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វិធានការណ៍ចំនួន៣ ដែលត្រូវអនុវត្តន៍ជានៅក្នុងវិស័យយុត្តិធម៌របស់យើង ដែលត្រូវវះកាត់ វិធានការណ៍ទី១៖ ទាក់ទងសំណុំរឿងគ្រឿងញៀន។ រឿងគ្រឿងញៀន គឺជាវិធានការណ៍គន្លឹះទី៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់វិស័យយុត្តិធម៌របស់យើងត្រូវច្បាស់លាស់ជាមួយគ្នា លើរឿងនេះ យើងអត់អង្គុយបក់ផ្សែងទៀតទេ គឺយើងពន្លត់ភ្លើងតែម្តងក្នុងវិស័យយុត្តិធម៌»

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្ថែមថា៖ «រឿងគ្រឿងញៀន បើមានការពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយមេគ្រឿងញៀនណាហើយ គឺសុំទោសហើយ ឱ្យតែព័ត៌មានមកដល់ដៃ បើខ្ញុំមិនចាត់ការ ខ្ញុំដើរចេញ អត់និយាយលេង សើចទេ​។ បញ្ជាក់ជាមួយអង្គភាពរួចហើយ រឿងនេះ ព្រោះនេះវាមិនមែនជាបញ្ហារបស់អ្នកណាមួយនោះទេ ជាបញ្ហារបស់ប្រទេសជាតិទាំងមូល វាគឺជាបទបញ្ជារបស់សម្តេចប្រមុខរាជរដ្ឋាភិបាល»

លោករដ្ឋមន្ត្រីបានណែនាំ ៤ចំណុចដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីយុត្តិធម៌ រួមមានទី១៖ តម្លាភាព, ទី២៖ ភាពម៉ឺងម៉ាត់, ទី៣៖ ភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ និងទី៤៖ សុំឱ្យអង្គចៅក្រម ក្នុងវិស័យយុត្តិធម៌ ត្រូវមានការទទួលខុសត្រូវចំពោះមុខប្រជាជនកម្ពុជា ខណៈសភាពការណ៍គ្រឿងញៀនប្រកបដោយគ្រោះថ្នាក់សម្រាប់ប្រជាជនយើង។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានឱ្យដឹងថា សម្រាប់សំណុំរឿងគ្រឿងញៀន បច្ចុប្បន្ន គឺតំណាងឱ្យសំណុំ៦០ភាគរយ នៃសំណុំរឿងព្រហ្មទណ្ឌទាំងអស់ អ្នកជាកប់ឃុំក្នុងពន្ធនាគារជាង ៥០ភាគរយ។ ដូច្នេះឧក្រិដ្ឋកម្មនៅកម្ពុជា វាគ្របដណ្តប់ដោយគ្រឿងញៀន ព្រោះលើសពី៥០ភាគរយ។ បញ្ហាសន្តិសុខ វាស្មុគស្មាញម្យ៉ាង ប៉ុន្តែបញ្ហាធំទី២ គឺរឿងធនធានមនុស្សរបស់កម្ពុជា ប៉ុន្មាននាក់ដែលត្រូវបាត់បង់ដោយសារគ្រឿងញៀន។

ត្រង់ចំណុចនេះ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយផ្អែកលើបញ្ហាប្រឈមនេះ ក្នុងនាមជាមន្ត្រីយុត្តិធម៌ ត្រូវទទួលខុសត្រូវដែលចេញពីវិស័យយុត្តិធម៌។ ការទទួលខុសត្រូវនេះ ដោយប្រកាន់យកអភិក្រម ដែលសម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញ គឺ «៣កុំ និង១រាយការណ៍»។

*កុំទី១៖ កុំជួញដូរគ្រឿងញៀន កុំចែកចាយ កុំធ្វើខ្នង បង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ បើនិយាយឱ្យខ្លីគឺកុំរកស៊ីគ្រឿងញៀន កុំឃុបឃិតរកស៊ីគ្រឿងញៀន ហើយកុំប្រើប្រាស់គ្រឿងញៀន។
*កុំទី២៖ កុំអន្តរាគមន៍ (បើអ្នករកស៊ីគ្រឿងញៀនជាបងប្អូន សាច់ញាត្តិ មត្តិភក្តិ មិនសូវអន្តរាគមន៍ទេ គឺត្រូវទុកសមត្ថកិច្ច ចាត់ការតាមច្បាប់ជាធរមា ព្រោះថាបើធ្វើបែបនេះ និងធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តនៃការយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប៉ះពាល់យុទ្ធត្តិធម៌ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន
*កុំទី៣៖ កុំប៉ះពាល់ មានន័យថាទាំងសមត្ថកិច្ចក្តី តុលាការក្តី មិនត្រូវបន្ធូរបន្ថយ ឬលើកលែងនោះទេ។

ចំណែក ១ រាយការណ៍វិញ គឺត្រូវរាយការណ៍ទៅសមត្ថកិច្ចអំពីកន្លែង លាក់ទុកគ្រឿងញៀន កន្លែងកែច្នៃផលិតគ្រឿងញៀន។ល។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ថា៖ «កុំប្រណីឱ្យសោះរឿងមេគ្រឿងញៀន ត្រូវដាក់ឱ្យម៉ឺងម៉ាត់កុំបន្ធូរដៃ។ ត្រូវដោយមានតម្លាភាពកុំឱ្យគេចោទប្រកាន់លើវិស័យយុត្តិធម៌យើងបាន»

សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានប្រកាសដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ រយៈពេលមួយឆ្នាំ២០២៤ ពោលចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ការដាក់ចេញយុទ្ធនាការលើកទី៩នេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់កន្លងមក កងកម្លាំងអនុវត្តច្បាប់ ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំប្រឹងប្រែង យ៉ាងសកម្មផុលផុស តស៊ូប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនយ៉ាងក្ដៅគគុក ដូចភ្លៀងរលឹម ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

ផ្អែកតាមលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន៨លើក កន្លងទៅ (២០១៧-២០២៣) កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ចំនួន៥៥,៣០៥ករណី ឃាត់ខ្លួនជនសង្ស័យ ១២០,៣០៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ប្រមាណ២៧,៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥២០,០០៥គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារៈនិង វត្ថុតាងជាច្រើនទៀត។

ក្នុងនោះសមត្ថកិច្ចបានស្រាវជ្រាវ បានរកឃើញ និងបានបង្ក្រាបបទល្មើសគ្រឿងញៀន ដែលមានអង្គការចាត់តាំងចំនួន៤៣៥ករណី ឃាត់ខ្លួនមេក្លោង១៦៤នាក់ និងខ្សែរយៈបណ្តាញ៨១១នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕