(ភ្នំពេញ)៖ ក្រោមការណែនាំផ្ទាល់ និងជាប្រចាំពីសំណាក់ស្នងការ នគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានដឹកនាំមន្រ្តីនគរបាលចុះចែក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី យកទៅប្រគល់ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅមូលដ្ឋាន ដើម្បីឲ្យពួកគាត់អាចចូលរួម ចុះឈ្មោះបោះឆ្នោត នាថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ អធិការនគរបាលខណ្ឌ បាននាំយកអត្តសញ្ញាណបណ្ណ១០៨សន្លឹក ចែកជូនដល់ប្រជាពលរដ្ឋរស់នៅ ភូមិសែនសុខ៤ និងភូមិសែនសុខ៧ សង្កាត់ឃ្មួញ ដោយផ្ទាល់ដល់ខ្នងផ្ទះ។ ជាមួយគ្នានេះ លោកអធិការបានថ្លែងថា «ប្រសិនបើបងប្អូន ដែលធ្វើអត្តសញ្ញាណប័ណ្ណយូរហើយមិនបាន សូមទំនាក់ទំនងសួរព័ត៌មាន តាមរយ:លេខទូរស័ព្ទ ០៩៩ ២២២ ៤០១ នាយផ្នែកអត្ត ឬមកកាន់អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដោយភ្ជាប់ជាមួយនូវចុងសន្លឹក ដែលសមត្ថកិច្ចប្រគល់ជូន នាពេលថតធ្វើនោះ»។
លោក ម៉ក់ ហុង បានបញ្ជាក់ទៀតថា មន្រ្តីនគរបាលរបស់លោក បាននឹងកំពុងធ្វើការ ស្រាវជ្រាវយ៉ាងខ្លាំង លើការស្វែងរកឈ្មោះប្រជាពលរដ្ឋ ដែលបានធ្វើរួចហើយ មិនទាន់បាន ដែលមាននៅឆ្នាំ២០១៣ ២០១៤ និង២០១៥ ដើម្បីកុំឲ្យមានការរិះគន់ថា នគរបាលមិនបានយកចិត្តទុកដាក់។ ជាមួយគ្នានេះ នៅអធិការដ្ឋាននគរបាលខណ្ឌតែម្តង គឺមានម៉ាស៊ីតថតរូបចំនួន៤ សម្រាប់ទទួលធ្វើអត្តសញ្ញាណ ដល់ប្រជាពលរដ្ឋ គ្រប់ពេល ឲ្យតែប្រជាពលរដ្ឋមានឯកសារត្រឹមត្រូវ និងគ្រប់គ្រាន់តាមគោលការណ៍ នៃការធ្វើអត្តសញ្ញាណប័ណ្ណ។
លោកអធិការ ក៏សូមឲ្យប្រជាពលរដ្ឋ គ្រប់អាយុនោះសូមមកធ្វើអត្តសញ្ញាណប័ណ្ណ គ្រប់ៗគ្នា នៅប៉ុស្តិ៍រដ្ឋបាល និងនៅអធិការដ្ឋានតែម្តង៕