(ភ្នំពេញ)៖ ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅភូមិស្គរដាច់ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង បានបង្ហាញនូវក្ដីសប្បាយរីករាយ និងថ្លែងអំណរគុណដល់ក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការដែលបានពន្លឿនការដោះស្រាយសំណុំរឿងរបស់គាត់ ហើយផ្ដល់នូវភាពយុត្តិធម៌ជូនភាគីទាំងសងខាង។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះបានថ្លែងអំណរគុណដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលអនុវត្តតាមបទបញ្ជាយ៉ាងម៉ត់ចត់របស់ថ្នាក់ដឹកនាំ ក្នុងការពន្លឿនការដោះស្រាយជូនជនរងគ្រោះ ដែលករណីបទល្មើសចរាចរណ៍ គឺជាករណីអាទិភាពមួយ នៅក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការ ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌។

គួរជម្រាបថា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង៨៖១៥នាទីយប់ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅភូមិស្គរដាច់ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលក្នុងនោះ ក្មេងប្រុសមានអាយុ១៧ឆ្នាំ បានជិះម៉ូតូទៅប៉ះជនរងគ្រោះមានអាយុ៤៥ឆ្នាំ ដែលបានធ្វើដំណើរដោយថ្មើរជើងស្របផ្លូវគ្នា។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងទទួលបានការជួយមួយផ្នែកពីប.ស.ស.។ ក្រោយពីកើតហេតុ ជនរងគ្រោះបានដាក់ពាក្យ បណ្តឹងមកអយ្យការអមសាលាដំបូងខេត្តព្រៃវែង។

បន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានទទួលចាត់ការលើសំណុំរឿងចរាចរណ៍លេខ ១១២៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នេះភ្លាមក្រុមការងារបានព្យាយាមសម្របសម្រួលរវាងភាគីជនបង្ក និងភាគីជនរងគ្រោះ រយៈពេលពេញមួយថ្ងៃរហូតទទួលបានការព្រមព្រៀងពីគូភាគីទាំងពីរ។

តាមរយៈការចរចា និងសម្របសម្រួល ភាគីជនបង្កបានយល់ព្រមជូនសំណងទៅកាន់ភាគីជនរងគ្រោះចំនួន១៨លានរៀល ដោយផ្តល់ជូនទឹកប្រាក់ចំនួន ១២លានរៀលជាមុន និងបានសន្យារំលោះប្រាក់ដែលនៅសល់ចំនួន៦លានរៀល ទៀតក្នុងរយៈពេល ២០ខែ។ ដោយឡែក ភាគីជនរងគ្រោះបានយល់ព្រមទទួលសំណងនេះ និងបានដកពាក្យបណ្តឹងមកវិញ។

ក្រុមគ្រួសារសាច់ញាតិរបស់ភាគីរងគ្រោះ មានភាពសប្បាយរីករាយជាខ្លាំង និងថ្លែងនូវអំណរគុណ ព្រមទាំងសម្តែងភាពជឿជាក់ចំពោះប្រព័ន្ធតុលាការ ដែលបានផ្តល់យុត្តិធម៌ដល់គាត់ និងក្រុមគ្រួសារ ដោយគាត់ពុំបានចំណាយទឹកប្រាក់សូម្បីមួយរៀលទៅលើនីតិវិធីនៃការដោះស្រាយសំណុំរឿងរបស់គាត់នៅតុលាការនោះទេ។

ពួកគាត់ក៏បានថ្លែងអំណរគុណដល់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ដែលបានអនុវត្តនូវបទបញ្ជាយ៉ាងម៉ត់ចត់របស់ថ្នាក់ដឹកនាំ ក្នុងការពន្លឿនការដោះស្រាយជូនជនរងគ្រោះ ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលករណីបទល្មើសចរាចរណ៍ គឺជាករណីអាទិភាពមួយនៅក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការ ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌។

គួរជម្រាបថា ក្រសួងយុត្តិធម៌ បានរៀបចំឱ្យមានក្រុមការងារទទួលបណ្ដឹងពីប្រជាពលរដ្ឋក្នុងយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលមានលេខទូរស័ព្ទ ០៩៩ ៤៤៤ ១៨១៕