(ភ្នំពេញ)៖ លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញទៅធ្វើទស្សនកិច្ច នៅគ្លីនិកអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា (MSIC) ស្ថិតនៅក្នុងខណ្ឌសែនសុខ ដោយយោងទៅតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការលើកកម្ពស់សុខភាព ព្រមទាំងសិទ្ធិរបស់ស្ត្រី និងក្រុមជនដែលត្រូវការការគាំទ្រនៅកម្ពុជា។
អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា គឺជាស្ថាប័ននាំមុខគេនៅក្នុងប្រទេសកម្ពុជា ផ្នែកមធ្យោបាយពន្យារកំណើត ការរៀបចំផែនការគ្រួសារ និងសេវារំលូតដោយសុវត្ថិភាព ដោយផ្តល់នូវសេវាថែទាំសុខភាព គ្រប់ជ្រុងជ្រោយសម្រាប់ស្ត្រីគ្រប់វ័យ។
អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា គាំទ្រដល់គ្រប់ស្រ្តី និងផ្តល់សេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ រក្សាការសម្ងាត់ និងមិនមានការវិនិច្ឆ័យ ដោយធានាថាគ្រប់ជំហាន នៃការមកទទួលសេវាសុខភាពរបស់អតិថិជនទាំងអស់ត្រូវបានបំពេញប្រកបដោយសេចក្ដីថ្លៃថ្នូរ និងការគោរព។
រដ្ឋាភិបាលអូស្ត្រាលី កំពុងឧបត្ថម្ភថវិកាគាំទ្រដល់គម្រោងចំនួន២ ដែលអនុវត្តដោយអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា តាមរយៈ គម្រោងទីមួយ «ការឆ្លើយតបតាមរយៈការផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាព បន្តពូជសំខាន់ៗ និងសិទ្ធិ និងយន្តការថ្មីក្នុងការផ្តល់សេវាសុខភាព» ដែលហៅកាត់ថា (RESPOND) និង គម្រោងមួយទៀត តាមរយៈ កម្មវិធីសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលី (ANCP)។
គម្រោងទាំងពីរនេះ មានគោលបំណងបង្កើនលទ្ធភាពមកទទួលសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ ដែលមានគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយ ដោយរួមបញ្ចូលទាំងការរៀបចំផែនការគ្រួសារ ជូនដល់គ្រប់ស្ត្រីក្នុងវ័យបន្តពូជ ប្រកបដោយសមភាព។
ការប្រឹក្សាជូនស្រ្តីគ្រប់វ័យ ចាប់ពីស្ត្រីវ័យមានរដូវរហូតដល់វ័យអស់រដូវ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបានផ្ដោតលើក្មេងជំទង់ យុវជន ស្រ្តីមានពិការភាព និងក្រុមជនដែលត្រូវការការគាំទ្រផ្សេងៗទៀត តាមរយៈគម្រោងទាំងនេះ។
បន្ថែមពីលើការបង្កើនលទ្ធភាពទទួលបានព័ត៌មាន និងសេវាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ គម្រោងRESPOND ផ្ដោតជាចម្បងលើវិធីសាស្ត្រផ្សេងៗ ក្នុងការទប់ទល់ជាមួយនឹងផលប៉ះពាល់អវិជ្ជមាន COVID-19។ តាមរយៈគម្រោងនេះ (Telemedicine) ជោគជ័យក្នុងឆ្នាំ២០២១ ហើយក៏បានពង្រីកសេវាទូទាំងប្រទេស ដោយសារតែលទ្ធផលវិជ្ជមាននេះ។
លើសពីនេះទៀត ការគាំទ្រជាបន្តបន្ទាប់តាមរយៈគម្រោង ANCP ចាប់តាំងពីឆ្នាំ២០២០មក បានគាំទ្រអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ក្នុងការបើកគ្លីនិកថ្មីចំនួនពីរទៀត នៅក្នុងតំបន់ដែលស្ត្រី កំពុងប្រឈមនឹងឧបសគ្គអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានសាកល្បងសេវាថែទាំវេជ្ជសាស្ត្រពីចម្ងាយ ក្នុងការមកទទួលបានសេវាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ។
គ្លីនិកថ្មីទាំងពីរ មានទីតាំងស្ថិតនៅខណ្ឌសែន សុខរាជធានីភ្នំពេញ និងមួយទៀតនៅក្រុងប៉ោយប៉ែត។ គម្រោងទាំងពីរ បានរួមចំណែកដល់ការលើកកម្ពស់ដល់ ការផ្តល់សេវាសុខភាពផ្លូវភេទ និងសេវាសម្រាប់ ជនរងគ្រោះដោយអំពើហឹង្សាយេនឌ័រ (SGBV) រួមទាំងការពង្រឹងសេវាថែទាំវេជ្ជសាស្ត្រពីចម្ងាយ និងប្រព័ន្ធលើកលែងថ្លៃសេវា ដែលលុបបំបាត់ឧបសគ្គផ្នែកហិរញ្ញវត្ថុ សម្រាប់ក្រុមជនដែលត្រូវការការគាំទ្រ។
ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលី នៅគ្លីនិកសែនសុខរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា គឺជាសក្ខីភាពមួយចំពោះកិច្ចសហការរវាងអូស្ត្រាលី និងអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ដោយបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរួមគ្នាចំពោះការគាំទ្រដល់ការមកទទួលបានសេវាថែទាំសុខភាពផ្លូវភេទ និងបន្តពូជគ្រប់ជ្រុងជ្រោយ។
ភាពជោគជ័យនៃគម្រោងទាំងពីរ ត្រូវបានពិភាក្សារវាងឯកអគ្គរដ្ឋទូតអូស្ត្រាលី និងទូតសុឆន្ទៈរបស់ម៉ារីស្តូបអន្តរជាតិកម្ពុជា។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានថ្លែងថា «យើងគាំទ្រស្ត្រីគ្រប់រូប ក្នុងការធ្វើការសម្រេចចិត្តចំពោះជីវិតរបស់ពួកគាត់ រួមទាំងសិទ្ធិសម្រេចក្នុងការមានផ្ទៃពោះ។ នេះគឺជាហេតុ ផលដែលធ្វើឲ្យការ មកទទួលបានសេវាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជមានសារៈសំខាន់ជាទីបំផុត។ ហើយក៏ជាហេតុផលដែលយើងរីករាយក្នុងការចាប់ដៃគូជាមួយអង្គការម៉ារីស្តូប ដើម្បីគាំទ្រសេវាសុខភាពដែល
មានសុវត្ថិភាព និងមានគុណភាពខ្ពស់សម្រាប់ស្ត្រី»។
សម្រាប់ជំនួយក្នុងការប្រឹក្សា និងការមកទទួលសេវាសុខភាពផ្លូវភេទ បន្តពូជ ៖ សូមផ្ញើសារហ្វេសប៊ុកមកកាន់ Marie Stopes Cambodia រៀងរាល់ថ្ងៃ ចាប់ពីម៉ោង៧ព្រឹក ដល់ ៥ ល្ងាច។ លេខទូរស័ព្ទ ០១២ ៩៩៩ ០០២ ឬ ០៩៨ ៩៩៩ ១០២ ឬផ្ញើសារតាមរយៈ LINE, Viber, WhatsApp, WeChat, Telegram ០៩៣ ២៤ ០៨ ២៣៕