(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន៤៣នាក់ (នារី១នាក់) ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ លោក លោកស្រី មេបញ្ជាការរង នាយ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ អង្គភាព នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ទាំង៩។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានថ្លែងសំណេះសំណាល សាកសួរសុខទុក្ខ ក៏ដូចជាណែនាំផ្ដាំផ្ញើ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលទើបទទួលបានការផ្ទេរភារ:កិច្ច ផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋាន្តនរសក្តិថ្មីនៅពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិតួនាទីភារៈកិច្ចរៀងៗខ្លួន ឲ្យបានត្រឹមត្រូវសមស្របតាមការផ្ដល់សេចក្តីទុកចិត្តរបស់ថ្នាក់លើ ដែលបានផ្តល់ជូននូវតួនាទីមុខងារ និងឋានន្តរស័ក្តិនៅពេលនេះ ត្រូវចេះគោរពគ្នាទៅវិញទៅមកតាមឋានានុក្រម គោរពវិន័យ បទបញ្ជារបស់ថ្នាក់លើ ថែរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។

លោកបន្តទៀតថា មិនចំពោះតែបងប្អូនដែលទើបតែទទួលបានការផ្ទេរភារកិច្ចផ្តល់មុខតំណែងថ្មីនៅពេលនេះទេទាំងនាយ នាយអាវុធហត្ថរង ដែលកំពង់បំរើការងារ ស្ថិតក្នុងក្របខណ្ឌចាត់តាំងរួចមកហើយ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រពង្រឹងសមត្ថភាពជំនាញ ស្រាវជ្រាវអំពីច្បាប់វិន័យ ក្រមសីលធម៌របស់កងរាជអាវុធហត្ថ ស្គាល់អំពីតួនាទី និងភារកិច្ចរបស់ខ្លួន ជៀសវាងការលូកលាន់ការងារភារៈកិច្ចរបស់អ្នកដ៏ទៃ នាំទៅដល់ការថ្នាំងថ្នាក់ បែកបាក់សាមគ្គីផ្ទៃក្នុង។

លោកបានសង្កត់ធ្ងន់ថា ក្នុងតួនាទីជាកងរាជអាវុធហត្ថបងប្អូន ត្រូវខិតខំចូលរួមសហការឲ្យបានល្អ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ក្នុងការពង្រឹងការអនុវត្តន៍ច្បាប់ បង្ក្រាបបទល្មើសគ្រប់រូបភាព (ពិសេសបទល្មើសគ្រឿងញៀន) ដើម្បីធានាការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

ទាក់ទងទៅនឹងបញ្ហាគ្រឿងញៀន នៅថ្ងៃខាងមុខ លោកមេបញ្ជាការនឹងដាក់ឲ្យជំនាញពេទ្យរៀបចំធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនទៅលើនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថគ្រប់រូប ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់កងរាជអាវុធហត្ថខេត្តកំពង់ធំ ហើយគ្មានការលើកលែងចំពោះអាវុធហត្ថណាក៏ដោយ ដែលមានការពាក់នឹងគ្រឿងញៀនជាដាច់ខាត។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានឆ្លៀតយកឱកាសនេះ ធ្វើការផ្សព្វផ្សាយបន្ថែមទៀត នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំគ្រប់រូប ឲ្យកាន់តែជ្រាបច្បាស់អំពីបទបញ្ជាដែលបានដាក់ចេញគាំទ្រ និងគោរពអនុវត្តន៍តាមបទបញ្ជានេះ ឲ្យខាតតែបាន៕