(ស្វាយរៀង)៖ លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង បានថ្លែងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់មន្ទីរ-អង្គភាពនានាក្នុងខេត្ត ត្រូវបន្តកិច្ចសហការ ឲ្យបានជិតស្និទ្ធ ដោយផ្តល់ការគាំទ្រ ដល់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ស្របតាមច្បាប់ និងនិតិវិធីសម្រាប់ការបោះឆ្នោតជាធរមាន។
ការថ្លែងបែបនេះ របស់លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង ខណៈដែលលោកតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធ ស្ដីពីការបិទផ្សាយបញ្ជីរាយនាម គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីរាយនាមបេក្ខជនឈរឈ្មោះ កិច្ចសហការការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។
ពិធីនេះ មានការចូលរួមពីលោក សុខ សាគុន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត និងមន្ទីរនានា អាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោកអភិបាលរងខេត្ត បានបន្តថា ដំណើរការគ្រប់គ្រង និងរៀបចំការបោះឆ្នោត គឺជាការងារមួយដ៏ស្មុគស្មាញ និងមានលក្ខណៈប្រទាក់ក្រឡាគ្នាពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ទន្ទឹមនោះ មានកត្តាមួយចំនួន អាចប្រព្រឹត្តទៅបានដោយរលូន និងជោគជ័យគឺកត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ដែលមានកិច្ចសហការ និងយន្តការ រចនាសម្ព័ន្ធសន្តិសុខ បោះឆ្នោតគ្រប់លំដាប់ថ្នាក់ ជាពិសេសលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្តស្វាយរៀង សម្រាប់ការបោះឆ្នោត អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច និងភ្នាក់ងារសន្តិសុខបោះឆ្នោត។
លោកបានបន្តថា ដើម្បីធានាបាននូវដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ ឆ្នាំ២០២៤ខាងមុខនេះ ប្រព្រឹត្តិទៅដោយរលូនប្រកបដោយសន្តិសុខ សវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងមានភាពត្រឹមត្រូវស្របតាមច្បាប់ បទបញ្ជា និងនិតិវិធីសម្រាប់ការបោះឆ្នោត ព្រមទាំងក្រមសីលធម៌សម្រាប់គ្រប់ភាគីពាក់ព័ន្ធដែលបានកំណត់ដោយ គ ជ ប ជាធរមាននោះ ក្នុងនាមលោកអភិបាលខេត្តសូមដាក់ចេញនូវសំណូមពរមួយចំនួន៖
*១៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្រូវបន្តរៀបចំចាត់ចែង ការគ្រប់គ្រង ការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមណ្ឌលភូមិភាគ៦ ខេត្តស្វាយរៀង ឲ្យបានល្អប្រសើរ។
*២៖ ស្នងការដ្ឋាននគរបាលខេត្ត ត្រូវត្រៀមលក្ខណៈរៀបចំ ផែនការការពារសន្តិសុខបោះឆ្នោត ឲ្យបានច្បាស់លាស់ធានា ឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូនល្អ គ្មានការការគំរាមកំហែង គ្មានការបំភិតបំភ័យ ឬអំពើហិង្សាជាដើម៕